សមាគមស្បែកជើងកម្ពុជា រៀបចំសិក្ខាសាលាស្តីពី «ការកំណត់អត្តសញ្ញាណប្រេកង់វិទ្យុ និងបច្ចេកវិទ្យា - RFID»
21-01-2026 10:24
(ភ្នំពេញ)៖ សមាគមស្បែកជើងកម្ពុជា (CFA) នាថ្ងៃអង្គារ ទី២០ ខែមករា ឆ្នាំ២០២៦ បានសហការជាមួយក្រុមហ៊ុនសមាជិកឧបត្ថម្ភ TradeLink Technologies ដេីម្បីរៀបចំសិក្ខាសាលាស្តីពី «ការកំណត់អត្តសញ្ញាណប្រេកង់វិទ្យុ និងបច្ចេកវិទ្យា - RFID» នៅសាលធំជាន់ទី៦ នៃអគារ The gateway ។
សិក្ខាសាលានេះបានទាក់ទាញអ្នកចូលរួមពីតំណាងក្រុមហ៊ុន និងរោងចក្រសហគ្រាសដែលជាសមាជិករបស់សមាគមស្បែកជើងកម្ពុជាជាង ៥០ រូប ដោយមានការចូលរួមផ្ទាល់ និងតាមប្រព័ន្ធអនឡាញ។
សិក្ខាសាលានេះមានគោលបំណងណែនាំក្រុមហ៊ុនជំនាញខាងបច្ចេកវិទ្យាគ្រប់គ្រងខ្សច្រវាក់ផ្គត់ផ្គង់ ដោយចែករំលែកពីរបៀបផ្តល់នូវដំណោះស្រាយវេចខ្ចប់ និងដឹកជញ្ជូនរួមបញ្ចូលគ្នាសម្រាប់ម៉ាកល្បីៗ និងអ្នកលក់រាយទូទាំងពិភពលោក ដោយជួយអតិថិជនឱ្យបង្កើនប្រសិទ្ធភាព និងភាពមើលឃើញនៃការគ្រប់គ្រងខ្សែសង្វាក់ផ្គត់ផ្គង់យ៉ាងទូលំទូលាយ។
ការផ្លាស់ទីរោងចក្រផលិតកាន់តែច្រើនមកកាន់តំបន់អាស៊ីអាគ្នេយ៍ ធ្វេីឲ្យសមត្ថភាពគ្រប់គ្រងឃ្លាំងទំនិញឌីជីថល ដែលអាចត្រួតពិនិត្យ និងគ្រប់គ្រងពីចម្ងាយ បានក្លាយជាតម្រូវការសំខាន់សម្រាប់សហគ្រាស ក្នុងការលើកកម្ពស់ប្រសិទ្ធភាពប្រតិបត្តិការ និងសមត្ថភាពប្រកួតប្រជែង។
TradeLink Technologies ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៩ និងមានការិយាល័យនៅតំបន់ផ្សេងៗទូទាំងពិភពលោក។ កម្មវិធីគោលរបស់ក្រុមហ៊ុន TradeLinkOne គឺជាទិន្នន័យលើប្រព័ន្ធ Cloud ដែលមានបណ្តាញសេវាកម្មគ្របដណ្តប់លើម៉ាកយីហោអន្តរជាតិជាង ៤០០ ម៉ាក ក្រុមហ៊ុនដឹកជញ្ជូនជាង ៥០ ក្រុមហ៊ុន និងអ្នកផ្គត់ផ្គង់លើសពី ១១,០០០ ក្រុមហ៊ុនដោយផ្តល់ដំណោះស្រាយគ្រប់ជ្រុងជ្រោយក្នុងការគ្រប់គ្រងខ្សែសង្វាក់ផ្គត់ផ្គង់ រួមមាន ការមើលឃើញស្ថានភាពដឹកជញ្ជូន ការគ្រប់គ្រងភាពត្រឹមត្រូវនៃការដឹកចេញ និងការបែងចែកការដឹកជញ្ជូន។
ក្រុមហ៊ុន TradeLink បានបង្កើនការវិនិយោគ និងអភិវឌ្ឍទីផ្សារនៅកម្ពុជា អស់រយៈពេលជាង ១២ ឆ្នាំ ហើយបច្ចុប្បន្នបានផ្តល់សេវាកម្មដល់អតិថិជនជាង ១៩០ ក្រុមហ៊ុន ក្នុងវិស័យជាច្រើន រួមមាន សម្លៀកបំពាក់ ស្បែកជើង កាបូប ការផលិតអេឡិចត្រូនិក និងវិស័យដឹកជញ្ជូន និងឡូជីស្ទិក បង្ហាញពីសមត្ថភាព និងបទពិសោធន៍ដ៏រឹងមាំក្នុងការផ្គត់ផ្គង់វិស័យឌីជីថលខ្សែសង្វាក់ផលិតកម្មនៅក្នុងតំបន់៕








