ស្មារតីខ្មែរជួយខ្មែរ! ប្រជាពលរដ្ឋ បុគ្គលិកក្រុមហ៊ុនជាច្រើន រួមគ្នាបរិច្ចាគឈាមជូនមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដើម្បីបុព្វហេតុជួយសង្គ្រោះជីវិតមនុស្ស
21-01-2026 11:41
(ភ្នំពេញ)៖ ក្នុងបុព្វហេតុធ្វើអំណោយទានជីវិត និងធ្វើសកម្មភាពគ្រប់បែបយ៉ាងដើម្បីលើកកម្ពស់ការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត និងមិនទទួលកម្រៃ ដើម្បីរួមចំណែកជួយសង្គ្រោះជីវិតជនរងគ្រោះដោយក្តីសប្បុរស ក្នុងយុទ្ធនាការ «រួមគ្នាសង្គ្រោះជីវិត រួមគ្នាបរិច្ចាគឈាម» ដែលបានរៀបចំឡើងដោយមជ្ឈមណ្ឌលជាតិផ្តល់ឈាម សហការជាមួយ គ្រី អេធីវ លីវីង មានបណ្តាប្រជាពលរដ្ឋ រួមជាមួយបុគ្គលិកគ្រប់ផ្នែករបស់ គ្រី អេធីវ លីវីង បានរួមគ្នាបរិច្ចាគឈាមជូនមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដើម្បីជាការរួមចំណែកជួយដល់ជនរងគ្រោះដែលត្រូវការឈាមដើម្បីសង្គ្រោះជីវិតភ្លាមៗ។
ពិធីនេះបានធ្វើឡើងនាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦នេះ ក្រោមវត្តមានលោកស្រីវេជ្ជ.ឯកទេស ហេង សុខចំរើន អនុប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម អ្នកឧកញ៉ា សេង ញ៉ក់ អគ្គនាយក គ្រី អេធីវ លីវីង, អ្នកឧកញ៉ា លី អាផណ អគ្គនាយិកា គ្រី អេធីវ លីវីង និងមានការចូលរួមពីលោក មាន សំអុល នាយកប្រតិបត្តិ ដឹ ព្រេមៀ លែន និងសប្បុរសជន រួមទាំងអ្នកបរិច្ចាគឈាមស្ម័គ្រចិត្តជាច្រើនរូបទៀត ដែលពិធីនេះបានធ្វើឡើងនៅ ដឹ ព្រេមៀ សែនធ័រ សែនសុខ។
លើកឡើងនាឱកាសនោះលោកស្រីវេជ្ជ.ឯកទេស ហេង សុខចំរើន ក្នុងនាមមជ្ឈមណ្ឌលជាតិផ្តល់ឈាម ក៏បានថ្លែងអំណរគុណជាអនេកប្បការចំពោះការគាំទ្រទាំងឡាយ ដើម្បីបុព្វហេតុមនុស្សធម៌ និងបានអំពាវនាវឱ្យមានការគាំទ្របន្តទៀតតាមគ្រប់រូបភាពក្នុងយុទ្ធនាការផ្សេងៗក្នុងពេលខាងមុខ។ សូមចងចាំថា កិច្ចបរិច្ចាគឈាមមិនប៉ះពាល់ដល់សុខភាពទេ ហើយឈាមមានប្រភពតែមួយគត់ពីមនុស្ស មិនមានរោងចក្រណាអាចផលិតបានទេ។
លោកស្រីវេជ្ជ.ឯកទេស ហេង សុខចំរើន បានបន្ថែមថា ការបរិច្ចាគឈាមមិនត្រឹមតែមិនប៉ះពាល់ដល់សុខភាពប៉ុណ្ណោះទេ ថែមទាំងមានអត្ថប្រយោជន៍ ៣សំខាន់រួមមានអត្ថប្រយោជន៍ផ្ទាល់ខ្លួន៖ ការបរិច្ចាគឈាមម្តង យើងទទួលបានការពិនិត្យពិគ្រោះសុខភាពម្តង។ ជួយកាត់បន្ថយផងដែរនូវហានិភ័យនៃជំងឺមហារីកនានា, កាត់បន្ថយកំហាប់ឈាម និងការលើសជាតិដែកដែលធ្វើឱ្យមានផលប៉ះពាល់ដល់ថ្លើម និងលំពែង។ ជួយធ្វើឱ្យប្រសើរឡើងនូវសុខភាពបេះដូង បន្ថយការឡើងទម្ងន់ជំងឺដាច់សរសៃឈាមក្នុងខួរក្បាល។
អត្ថប្រយោជន៍សម្រាប់សង្គមជាតិ៖ ការបរិច្ចាគឈាម គឺជាសង្គហធម៌ដ៏ល្អប្រពៃសម្រាប់សង្គមជាតិ ការបរិច្ចាគឈាម គឺជាការប្រគល់ជូន ត្រលប់មកវិញនូវមាតា បិតា ស្វាមី ភរិយា បុត្រា បុត្រី ជាទីស្រឡាញ់ជូនក្រុមគ្រួសារវិញ នៅពេលពួកគាត់ជួបគ្រោះថ្នាក់ដល់ជីវិត ប្រកបដោយសមធម៌ធ្វើឱ្យសង្គមជាតិមួយមានសុជីវធម៌ គុណធម៌ និងវប្បធម៌ល្អ នេះគឺជាការឆ្លើយតបយ៉ាងត្រឹមត្រូវទៅនឹងទិសស្លោក៖ «យុវជនយុវនារី ដើម្បីបុព្វហេតុជាតិ និងមាតុភូមិ» «យើងទាំង អស់គ្នាអាចធ្វើបាន» ដែលជាភាសាបេះដូងមួយសម្រាប់យុវជនយើងទាំងអស់គ្នា។ អត្ថប្រយោជន៍សម្រាប់បរមជាតិខាងមុខ៖ ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ៩០%នៃប្រជាពលរដ្ឋរបស់យើងជាអ្នកកាន់ព្រះពុទ្ធសាសនា។ ពុទ្ធសាសនិកទាំងអស់ តែងតែធ្វើបុណ្យដាក់ទាន ជាប់ជាប្រចាំនៅគ្រប់កម្មវិធីសាសនាទាំងអស់ ការបរិច្ចាគឈាមជាការធ្វើទានដែលបានផលានិសង្ឃច្រើន។
លោកស្រីវេជ្ជ.ឯកទេស ហេង សុខចំរើន បានបញ្ជាក់ដែរថា ស្ថានភាពតម្រូវការឈាមក្នុងឆ្នាំ២០២៥កន្លងមក យើងត្រូវការឈាមមួយប្លោកដើម្បីជួយសង្គ្រោះជីវិតអ្នកជំងឺរៀងរាល់ ៣នាទីម្តង។ តម្រូវការឈាមប្រចាំថ្ងៃជាមធ្យម ៣៥០ប្លោក នៅរាជធានីភ្នំពេញ។ តម្រូវការទូទាំងប្រទេសមានប្រមាណជិត ២១២,៤២៨ប្លោក ហើយមជ្ឈមណ្ឌលជាតិផ្តល់ឈាមបានគ្របដណ្តប់ជាង ៧៥%នៃការផ្គត់ផ្គង់ឈាមទូទាំងប្រទេស។ ការទទួលអំណោយឈាមតាមរយៈសប្បុរសជនដោយស្ម័គ្រចិត្ត និងមិនទទួលកម្រៃឆ្លើយតបបានតែ ៣៣.២% នៃតម្រូវការក្នុងប្រទេសតែប៉ុណ្ណោះ ជាលទ្ធផលមួយមិនទាន់ល្អប្រសើរនៅឡើយ។
បើតាមលោក មាន សំអុល បានបញ្ជាក់ដែរថា សម្រាប់កម្មវិធីបរិច្ចាគឈាមក្រោមប្រធានបទ «រួមគ្នាសង្គ្រោះជីវិត រួមគ្នាបរិច្ចាគឈាម» ក្រៅពីមានការចូលរួមពីប្រជាពលរដ្ឋជាច្រើនហើយនោះក៏មានបុគ្គលិកមកពី គ្រី អេធីវ លីវីង, មជ្ឈមណ្ឌល ដឹ ព្រេមៀ សេនធ័រ សែនសុខ, ដឹ ព្រេមៀ លែន, ភោជនីយដ្ឋានចិន ដឹ ព្រេមៀ ផាលេស, ភោជនីយដ្ឋានជប៉ុន ហ្វូជិ ថេប៉ាន់យ៉ាគិ, កំពង់ស្ពឺ ព្រៃមៀ ស្តេសល អ៉ីឃើណម៉ិក ហ្សូន, ភ្នំពេញសាហ្វារី, ហ្គាឌិន ស៊ីធី វ៉តធើផាក, សណ្ឋាគារ ហ្គាឌិន ស៊ីធី និងក្លិបវាយកូនហ្គោល ហ្គាឌិន ស៊ីធី បានចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្តផងដែរ៕




























