អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ បើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦
21-01-2026 13:59
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦នេះ លោកឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ បានអញ្ជើញបើកសន្និបាត ត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។
លោកឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់លោក លោកស្រី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអញ្ជើញចូលរួមក្នុងសន្និបាត ត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នាពេលនេះដែលបានញាំងឲ្យសន្និបាតនៅថ្ងៃនេះ មានភាពអធិកអធមប្រកបដោយអត្ថន័យដ៏ជ្រាលជ្រៅ ។
លោកឧត្តមសេនីយ៍ឯក តុប នេត បានរំលឹកឡើងវិញថា អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានបង្កើតឡើងនៅខែមេសា ឆ្នាំ២០១៤ ដែលមាននាយកដ្ឋានចំណុះចំនួន៧ ការងារអត្តសញ្ញាណកម្មផ្តោតលើការងារចម្បងពីរគឺ ១៖ការគ្រប់គ្រងអត្តសញ្ញាណប្រជាពលរដ្ឋ និង២៖ការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ។
លោកបានបញ្ជាក់បន្ថែមថា ការគ្រប់គ្រងអត្តសញ្ញាណប្រជាពលរដ្ឋ គឺជាឆ្អឹងខ្នងនៃការគ្រប់គ្រងរដ្ឋបាលដែនដី ថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ធានាបាននូវសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់ជាមូលដ្ឋានរបស់បុគ្គល និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ រីឯការផ្តល់សេវាជូនប្រជាពលរដ្ឋសំដៅដល់ សេវាផ្តល់សំបុត្រ អត្រានុកូលដ្ឋាន សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ លិខិតឆ្លងដែន និងការងារសញ្ជាតិ ។
លោកឧត្តមសេនីយ៍ឯក អគ្គនាយក បានគូសបញ្ជាក់ផងដែរថា បច្ចុប្បន្នអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មកំពុងស្ថិតក្នុងឆ្នាំចុងក្រោយនៃការអនុវត្ត ផែនការយុទ្ធសាស្ត្រជាតិស្តីពីអត្តសញ្ញាណកម្ម ២០១៧-២០២៦។
ជារួមគោលដៅចម្បងៗរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មគឺ ទី១៖រៀបចំក្របខណ្ឌច្បាប់ និងលិខិតបទដ្ឋានគតិយុត្តលើការងារអត្តសញ្ញាណកម្ម, ទី២៖កសាងប្រព័ន្ធរួមអត្តសញ្ញាណប្រជាជន (IPIS) ដោយផ្តើមពីការចុះបញ្ជីអត្រានុកូលដ្ឋាន និងអត្តសញ្ញាណពលរដ្ឋតាមប្រព័ន្ធបច្ចេកវិទ្យាអនឡាញពីថ្នាក់មូលដ្ឋានឃុំ-សង្កាត់ និងទី៣៖កែសម្រួល របៀបរបបការងារ និងដាក់ឱ្យដំណើរការប្រព័ន្ធអេឡិចត្រូនិក សម្រាប់ផ្តល់សេវាជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព។ បច្ចុប្បន្នដោយមានកិច្ចសហការជាមួយអង្គការ និងដៃគូអភិវឌ្ឍន៍មួយចំនួន អគ្គនាយកកដ្ឋានអត្តសញ្ញាណកម្មកំពុងរៀបចំផែនការយុទ្ធសាស្ត្រជាតិស្តីពីអត្តសញ្ញាណកម្ម (ដំណាក់កាលទី២) សម្រាប់រយៈពេល១០ឆ្នាំបន្ត (គឺពីឆ្នាំ២០២៦-២០៣៥)។
ក្នុងនោះ លោកបានបន្ថែមថា ក្នុងរយៈពេល១ឆ្នាំកន្លងទៅនេះ ដោយអនុវត្តតាមប្រសាសន៍ដឹកនាំរបស់ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មក៏ដូចជារដ្ឋបាលថ្នាក់ក្រោមជាតិទាំង២៥រាជធានី-ខេត្ត បានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួលខុសត្រូវ និងសម្រេចបាននូវសមិទ្ធផលថ្មីៗជាច្រើន។
ជាងនេះទៅទៀត លោកអគ្គនាយក បានបញ្ជាក់ជូនបន្ថែមផងដែរថា សន្និបាតនៅថ្ងៃនេះដើម្បីត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ លើការងារអត្តសញ្ញាណកម្មដោយមានគោលបំណងសំខាន់ៗចំនួន៣គឺ៖
*ទី១៖ ពិនិត្យលទ្ធផលការងារប្រចាំឆ្នាំ២០២៥ ដែលអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម សម្រេចបានដោយដាក់ចេញនូវទិសដៅអនុវត្តនៅឆ្នាំ២០២៦ និងបញ្ហាប្រឈមដែលត្រូវបន្តដោះស្រាយ
*ទី២៖ ចែករំលែកបទពិសោធន៍ល្អៗ លើការអនុវត្តការងារ និងការដោះស្រាយបញ្ហាប្រឈមនានាដែលកើតឡើងទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិជាពិសេសការផ្តល់សេវាអត្តសញ្ញាណកម្ម ដោយមានបទអន្តរាគមន៍ពីបណ្តាជំនាញពាក់ព័ន្ធមួយចំនួន
*ទី៣៖ ធ្វើបច្ចុប្បន្នភាព នៃលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធសំខាន់ៗមួយចំនួន ដើម្បីជំរុញប្រសិទ្ធភាពលើការអនុវត្តការងារអត្តសញ្ញាណកម្ម៕
















