មន្ដ្រីជាន់ខ្ពស់ CDC ស្នើឱ្យក្រុមហ៊ុនចិនដ៏ធំមួយ ពិនិត្យលទ្ធភាពបើករោងចក្រវិនិយោគកែច្នៃកសិផលនៅកម្ពុជា
21-01-2026 00:07
(ភ្នំពេញ)៖ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសហការី នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ បានទទួលជួបពិភាក្សាការងារ ជាមួយលោក លាំង សុងស៊ូ (Liang Songshou) ប្រធានសហព័ន្ធសិក្សាស្រាវជ្រាវសេដ្ឋកិច្ចឧស្សាហកម្មតំបន់ឆ្នេរក្វាងតុង-ហុងកុង-ម៉ាកាវ។
ជាកិច្ចចាប់ផ្តើម អគ្គលេខាធិការ បានស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះគណៈប្រតិភូ និងបានសម្តែងនូវសេចក្តីសោមនស្សរីករាយដែលលោក លាំង សុងស៊ូ បានដឹកនាំគណៈប្រតិភូ មកជួបពិភាក្សាការងារជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាជាលើកទី២ ដើម្បីបង្ហាញពីវឌ្ឍនភាពការងារ បន្ទាប់ពីជំនួបជាមួយលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីចុងឆ្នាំ២០២៤។
លោកអគ្គលេខាធិការ បានលើកឡើងពីកំណើន នៃរំហូរវិនិយោគមកពីប្រទេសចិន ក្នុងរយៈពេលមួយទសវត្សន៍ចុងក្រោយនេះ ដែលការកើនទ្បើងនៃទំហំវិនិយោគនេះ គឺជាការរួមចំណែកក្នុងការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជា។
លោក លាំង សុងស៊ូ បានថ្លែងអំណរគុណជូនចំពោះលោកអគ្គលេខាធិការ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ទទួលជួបពិភាក្សាការងារ និងបានជម្រាបជូនថា គណៈប្រតិភូដែលអញ្ជើញមកកម្ពុជានាពេលនេះ សុទ្ធតែមានបំណងមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា។
លោកបានបន្ថែមថា ក្នុងរយៈពេល១ឆ្នាំកន្លងមកនេះ សហព័ន្ធបានដឹកនាំក្រុមហ៊ុនជាច្រើនមកធ្វើទស្សនកិច្ចសិក្សា និងស្វែងយល់ពីបរិស្ថានវិនិយោគនៅកម្ពុជា។ នាពេលនេះ ក្រុមហ៊ុនដែលជាសមាជិកសហព័ន្ធ បានសម្រេចចិត្តបណ្តាក់ទុនវិនិយោគនៅកម្ពុជា ដើម្បីបង្កើតរោងចក្រផលិតក្រដាសអនាម័យ សម្ភារៈការិយាល័យ និងថាមពលកកើតឡើងវិញ។
ជាការឆ្លើយតប លោកអគ្គលេខាធិការ បានសម្តែងនូវការគាំទ្រ និងស្វាគមន៍ចំពោះគម្រោងវិនិយោគដែលលោក លាំង សុងស៊ូ បានលើកឡើង និងបានស្នើឱ្យមានការយកទុកដាក់ ខ្ពស់លើវិធានការការពារបរិស្ថាន។
ទន្ទឹមនឹងនេះ អគ្គលេខាធិការបានផ្តល់អនុសាសន៍ណែនាំឱ្យលោក លាំង សុងស៊ូ ធ្វើការគិតគូរបង្កើតតំបន់សេដ្ឋកិច្ចពិសេស ដែលផ្តោតលើការផលិតក្រដាស និងសម្ភារៈការិយាល័យ នៅទីតាំងជាក់លាក់ណាមួយ ហើយក្រុមហ៊ុនអាចផលិតថាមពលកកើតឡើងវិញ ដើម្បីផ្គត់ផ្គង់ដល់ផលិតកម្មក្នុងតំបន់នោះ។
មួយវិញទៀត ដើម្បីធានាដល់ខ្សែច្រវាក់ផ្គត់ផ្គង់ ក្រុមហ៊ុនក៏ត្រូវមានការគិតគូរពីការរៀបចំមូលដ្ឋានផលិត ឬខ្សែច្រវាក់ផលិតកម្មផលិតវត្ថុធាតុដើម ឬផលិតផលពាក់កណ្តាលសម្រេច នៅកម្ពុជា ដើម្បីផ្គត់ផ្គង់ដល់ឧស្សាហកម្មនាំចេញ។ លើសពីនេះ ការវិនិយោគកែច្នៃកសិផលនៅកម្ពុជា ក៏កំពុងមានសក្តានុពលផងដែរ។
អគ្គលេខាធិការ បានស្នើឱ្យក្រុមហ៊ុនរួសរាន់ ដាក់ពាក្យស្នើសុំចុះបញ្ជីវិនិយោគ នៅគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីឆាប់ទទួលបានផលពីកាលានុវត្តភាពនៅកម្ពុជា៕














