មន្ដ្រីជាន់ខ្ពស់សុខាភិបាល៖ គិលានុបដ្ឋាក និងឆ្មប ជាឆ្អឹងខ្នងនៃប្រព័ន្ធសុខាភិបាល ដែលទាមទារត្រូវមានទាំងជំនាញបច្ចេកទេស ក្រមសីលធម៌ សុវត្ថិភាព និងគុណភាពខ្ពស់បំផុត

21-01-2026 14:34

(ភ្នំពេញ)៖ លោកស្រីសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងថាវិជ្ជាជីវៈគិលានុបដ្ឋាក និងឆ្មប គឺជាឆ្អឹងខ្នងនៃប្រព័ន្ធសុខាភិបាល ដូចនេះការផ្តល់សេវាថែទាំអ្នកជំងឺ មិន មែនទាមទារតែជំនាញបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវការនូវសីលធម៌ សុវត្ថិភាព និងគុណភាពខ្ពស់បំផុត។

ការថ្លែងបែបនេះរបស់លោកស្រីសាស្ដ្រាចារ្យ ក្នុងឱកាសអញ្ជើញក្នុងកម្មវិធីវគ្គបណ្តុះបណ្តាលស្តីពី ផ្នែកថែទាំសម្រាប់គិលានុដ្ឋាក ក្រោមប្រធានបទ «ការអនុវត្តការថែទាំប្រកបដោយសីលធម៌ សុវត្ថិភាព គុណភាពប្រសិទ្ធភាព និងការថែទាំផ្តោតលើអ្នកជំងឺ (Patient-Centered Care)» នាថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ ដែលរៀបចំដោយមន្ទីរពេទ្យព្រះអង្គឌួង។

ពិធីខាងលើនេះដែលមានការអញ្ជើញចូលរូមពីលោកសាស្ត្រាចារ្យ លូ លីឃាង ទីប្រឹក្សាក្រសួងសុខាភិបាល និងជានាយកមន្ទីរពេទ្យព្រះអង្គឌួង, លោកសាស្ត្រាចារ្យជំ. កុយ វីរីយ៉ា អនុប្រធាននាយកដ្ឋានសេវាសុខភាព, លោក ជា សុភក្រមុនីរ័ត្ត ប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកជាតិ, លោកស្រី ប្រាក់ ម៉ានីឡា តំណាងស្ថាប័ន JCI, លោកគ្រូ អ្នកគ្រូ វាគ្មិន កិត្តិយស និងសិក្ខាកាមដែលជាគិលានុបដ្ឋាក-យិកា និងឆ្មបជាច្រើនទៀត។

លោកស្រីសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ បានថ្លែងបន្ដថា «គោលបំណងនៃវគ្គបណ្តុះបណ្តាលនៅថ្ងៃនេះ គឺពិតជាឆ្លើយតបទៅនឹងតម្រូវការចាំបាច់នៃវិស័យសុខាភិបាលក្នុងយុគសម័យថ្មី ដែលផ្តោតសំខាន់លើ ការថែទាំផ្តោតលើអ្នកជំងឺ (Patient Centered Care)។ ក្នុងវគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមទាំងអស់នឹងទទួលបាននូវចំណេះដឹងថ្មីៗទាក់ទងនឹងស្តង់ដាសុវត្ថិភាពអ្នកជំងឺ (JCI): ដើម្បីធានាថាការព្យាបាល និងថែទាំមានសុវត្ថិភាពកម្រិត អន្តរជាតិ, ភាពត្រឹមត្រូវទាំង៧ នៃការផ្តល់ឱសថ: ដែលជាចំណុចគន្លឹះក្នុងការបង្ការកំហុសឆ្គងវេជ្ជសាស្ត្រ និងការថែទាំផ្ទៃពោះ ដើម្បីលើកកម្ពស់សុខុមាលភាពមាតា និងទារក»

លោកស្រីសាស្ដ្រាចារ្យបានបន្ដទៀតថា «នាងខ្ញុំសង្ឃឹមយ៉ាងមុតមាំថា បន្ទាប់ពីបញ្ចប់វគ្គនេះ បងប្អូនគិលានុបដ្ឋាក-យិកា និងឆ្មបទាំងអស់ នឹងយកចំណេះដឹងទាំងនេះទៅអនុវត្តដោយផ្ទាល់នៅតាមផ្នែករៀងៗខ្លួន ដើម្បីបង្កើនប្រសិទ្ធភាពនៃការថែទាំ និងកសាងទំនុកចិត្តកាន់តែខ្លាំងពីសំណាក់ប្រជាពលរដ្ឋដែលមកទទួលសេវា»

ក្នុងឱកាសនោះលោកស្រីសាស្ដ្រាចារ្យក៏បានសង្គត់ធ្ងន់ពីសារៈសំខាន់នៃវិជ្ជាជីវៈគិលានុបដ្ឋាក និងឆ្មប ដូចជា៖

១៖ ក្នុងកម្រិតគោលនយោបាយថ្នាក់ក្រសួងសុខាភិបាល គិលានុបដ្ឋាក និងឆ្មប គឺជាកម្លាំងចលករដ៏ចម្បងក្នុងការសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល (Universal Health Coverage)។ ក្រសួងសុខាភិបាលតែងតែចាត់ទុកការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យថែទាំ ជាអាទិភាពខ្ពស់បំផុត ដើម្បីធានាបាននូវការផ្តល់សេវាប្រកបដោយសមធម៌ សុវត្ថិភាព និងគុណភាព។ ការពង្រឹងសមត្ថភាព លើ «ផ្នែកថែទាំសម្រាប់គិលានុដ្ឋាក និងឆ្មប» នៅថ្ងៃនេះគឺជាផ្នែកមួយនៃយុទ្ធសាស្រ្តពង្រឹងប្រព័ន្ធសុខាភិបាល ជាតិឱ្យកាន់តែរឹងមាំ។

២៖ ក្នុងកម្រិតថ្នាក់មន្ទីរពេទ្យ នៅតាមមន្ទីរពេទ្យ ដូចជាមន្ទីរពេទ្យព្រះអង្គឌួង និងមន្ទីរពេទ្យសម្ព័ន្ធមេត្រី នេះជាដើម គិលានុបដ្ឋាកគឺជាអ្នកដែលនៅកៀកជាមួយអ្នកជំងឺ ២៤ ម៉ោងលើ២៤ម៉ោង។ តួនាទីរបស់ បងប្អូនមិនត្រឹមតែជាអ្នកផ្តល់ថ្នាំតាមបច្ចេកទេស «ភាពត្រឹមត្រូវទាំង ៧» ប៉ុណ្ណោះទេ ប៉ុន្តែគឺជាអ្នកការពារ សុវត្ថិភាពអ្នកជំងឺ (Patient Safety) និងជាអ្នកសម្របសម្រួលដ៏សំខាន់ជាមួយមន្ត្រីសុខាភិបាលផ្សេងទៀត ដើម្បីកាត់បន្ថយគ្រោះថ្នាក់ដែលអាចការពារបាន និងលើកកម្ពស់គុណភាពនៃការព្យាបាល។

៣៖ ក្នុងកម្រិតថ្នាក់សហគមន៍ ចំពោះការថែទាំក្នុងកម្រិតសហគមន៍ គិលានុបដ្ឋាក-យិកា និងឆ្មប គឺជាអ្នកការពារជួរមុខ។ សារៈសំខាន់នៃការថែទាំផ្ទៃពោះមុនសម្រាល ដែលបងប្អូននឹងសិក្សានៅថ្ងៃនេះ គឺជា គន្លឹះក្នុងការកាត់បន្ថយអត្រាមរណភាពមាតា និងទារក។ ការផ្តល់ការអប់រំសុខភាព និងការថែទាំតាមបែប «ផ្តោតលើអ្នកជំងឺ» នៅតាមមូលដ្ឋានសុខាភិបាល ជួយឱ្យប្រជាពលរដ្ឋទទួលបានការថែទាំទាន់ពេលវេលា និងកាត់បន្ថយការចំណាយផ្សេងៗបានយ៉ាងច្រើន។

មុននឹងបញ្ចប់នៃកម្មវិធី លោកស្រីសាស្ដ្រាចារ្យ ក្នុងនាមក្រសួងសុខាភិបាល ក៏ដូចជាក្នុននាមលោកស្រី សូមកោតសរសើរ ដោយស្មោះចំពោះថ្នាក់ដឹកនាំមន្ទីរពេទ្យព្រះអង្គឌួង នាយកដ្ឋានមន្ទីរពេទ្យ ដែលបានសហការរៀបចំ វគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់នេះឡើង ព្រមទាំងការចូលរួមពីមន្ទីរពេទ្យសម្ព័ន្ធមេត្រីផងដែរ។

ជាមួយគ្នានេះតាមការបញ្ជាក់របស់លោកសាស្ត្រាចារ្យរង លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួងបានបញ្ជាក់ថា តាំងពីដើមមក មន្ទីរពេទ្យព្រះអង្គឌួង តែងតែព្យាយាម និងអនុវត្ដន៍យ៉ាងខ្ជាប់ខ្ជួន ដើម្បីបម្រើប្រជាពលរដ្ឋយើង ពិសេសគឺពង្រឹងដល់បុគ្គលិកយើងនៅលើគ្រប់មុខជំនាញ រួមទាំងគិលានុដ្ឋាក-យិកា ដែលមន្ទីរពេទ្យមិនដែលមើលរំលងនោះឡើយ ព្រោះនេះជាកម្លាំងស្នូលដ៏សំខាន់មួយក្នុងប្រព័ន្ធសេវាសុខាភិបាល ហើយក៏ជាមួយការងារមួយដែលមានតួនាទីជិតស្និទ្ធបំផុតជាមួយអ្នកជំងឺ។ ដូច្នេះទើបអភិវឌ្ឍចំណេះដឹង វិជ្ជាជីវៈ សំដីសំដៅ អត្តចរិត និង ក្រមសីលធម៌ក្នុងការថែទាំជានិច្ច៕