ថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់នៃអង្គភាពប្រតិបត្តិនៃមូលនិធិគន្ធបុប្ផាកម្ពុជា ផ្ញើសារលិខិតជូនពរ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្នុងឱកាសខួបចម្រើនជន្មាយុ
21-01-2026 15:27
(ភ្នំពេញ)៖ ថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់នៃអង្គភាពប្រតិបត្តិនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានផ្ញើសារលិខិតជូនពរ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងឱកាសខួបចម្រើនជន្មាយុ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦។
យើងខ្ញុំសូមគោរពសម្តែងនូវមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ ព្រមជាមួយអំណរសាទរយ៉ាងក្រៃលែង និងសូមប្រសិទ្ធពរជ័យសិរីមង្គល មហាប្រសើរជូន លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា សូមបានប្រកបដោយសុខភាពល្អបរិបូរណ៍ កាយពលមាំមួន បញ្ញាញាណភ្លឺថ្លា និងជន្មាយុយឺនយូរ។
ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ, យើងខ្ញុំសូមសម្តែងនូវការគោរព និងកោតសរសើរ ដោយស្មោះអស់ពីដួងចិត្ត ចំពោះគំរូវីរភាពដ៏ឆ្នើមរបស់ លោកជំទាវបណ្ឌិតប្រធានកិត្តិយស ក្នុងការខិតខំ លះបង់អស់ពីកម្លាំងកាយ កម្លាំងចិត្ត បញ្ញាស្មារតី ប្រកបដោយគតិបណ្ឌិតក្នុងការបំពេញបេសកកម្ម ជាប្រវត្តិសាស្ត្រលើវិស័យមនុស្សធម៌ ដោយពុំមានការរើសអើង ទាំងក្នុងក្របខណ្ឌនៃការដឹកនាំសមាគមកាយឫទ្ធិនារីកម្ពុជា, សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA), កាកបាទក្រហមកម្ពុជា និងទាំងក្នុងក្របខណ្ឌមូលនិធិគន្ធបុប្ផាកម្ពុជា ដោយ លោកជំទាវបណ្ឌិតប្រធានកិត្តិយស បានផ្ដួចផ្ដើម និងដឹកនាំយុទ្ធនាការនានារបស់មូលនិធិគន្ធបុប្ផាកម្ពុជានាពេលកន្លងមក ក៏ដូចជានៅពេលខាងមុខ ដើម្បីបំផុសចលនាកៀរគរថវិកាសប្បុរសធម៌ ក្នុងគោលដៅរួមគ្នាជាមួយរាជរដ្ឋាភិបាល, បុគ្គលិក និងគ្រូពេទ្យគន្ធបុប្ផា និងសប្បុរសជន ក្នុងបេសកកម្មនាំភាពញញឹម និងក្ដីសង្ឃឹម ដល់ទារក និងកុមារ នៅកម្ពុជា តាមរយៈការផ្ដល់សេវាពិនិត្យ និងព្យាបាលប្រកបដោយគុណភាព ឥតគិតថ្លៃ និងមិនមានការរើសអើង នៅមន្ទីរពេទ្យគន្ធបុប្ផា ទាំងនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប។
ជាថ្មីម្តងទៀត, យើងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិ ក្នុងលោក និងទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមជួយប្រោះព្រំសព្ទសាធុការពរ បវរសួស្តី ជ័យមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការជូន លោកជំទាវបណ្ឌិតប្រធានកិត្តិយស និង សម្តេចធិបតីនាយករដ្ឋមន្ត្រី ព្រមទាំងបុត្រាបុត្រីជាទីស្រឡាញ់ សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕






