រដ្ឋមន្ត្រីកសិកម្ម៖ «ធនធានមនុស្សជាតម្រូវការចាំបាច់ក្នុងវិស័យកសិកម្ម ដែលមានការគិតគូរច្បាស់លាស់ និងមានភាពច្នៃប្រឌិត»
21-01-2026 08:34
(ភ្នំពេញ)៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ បានថ្លែងថាធនធានមនុស្សជាតម្រូវការចាំបាច់ក្នុងវិស័យកសិកម្ម ដែលមានគិតគូរច្បាស់លាស់ និងមានភាពច្នៃប្រឌិត។
ការថ្លែងរបស់លោកបែបនេះ បានធ្វើឡើងនាឱកាសដែលលោកអញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាល ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ឆ្នាំសិក្សា២០២៥-២០២៦ នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម។
ថ្លែងទៅកាន់អង្គពិធី លោក ឌិត ទីណា សម្តែងក្តីសោមនស្សរីករាយក្នុងចូលរួមសំណេះសំណាលជាមួយនិស្សិតកសិកម្មជំនាន់ថ្មី ហើយបានលើកឡើងពីវឌ្ឍនភាពនៃការវិវត្តន៍ថ្មីក្នុងវិស័យកសិកម្ម ដើម្បីឱ្យសិស្សនិស្សិត បានយល់ដឹងពីភាពចាំបាច់នៃវិស័យកសិកម្មក្នុងការធានាសន្តិសុខស្បៀង និងការជួយទ្រទ្រង់វិស័យដទៃទៀតដើម្បីសម្រេចបាននូវគោលដៅ «មានហូប មានប្រើ មានបាន និងមានរហូត»។
លោក ក៏បានលើកឡើងពីគោលនយោបាយអាទិភាពទី៥ និងទី៦ ក្នុងការដាក់ពង្រាយមន្រ្តីកសិកម្មឃុំ ដែលជាជំនួយការបច្ចេកទេសជួយកសិករ និងការចងក្រងសហគមន៍កសិកម្មទំនើប ដែលផ្ដល់អត្ថប្រយោជន៍ច្រើនជូនប្រជាកសិករជាពិសេសការកាត់បន្ថយថ្លៃដើមនិងការធានាតម្លៃនិងទីផ្សារទុកមុន។
បើតាមប្រសាសន៍របស់លោករដ្ឋមន្ត្រី, ធនធានមនុស្សជាតម្រូវការចាំបាច់ក្នុងវិស័យកសិកម្ម ត្រូវមានចំណេះដឹងនិងចំណេះជំនាញផ្សារភ្ជាប់ទៅនឹងការគិតគូរពិចារណាច្បាស់លាស់ និងអនុវត្តជាក់ស្ដែងប្រកបដោយសត្យានុម័ត និងមានភាពច្នៃប្រឌិត។
ជាទីបញ្ចប់ លោក ថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំសាកល សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ ដែលបានខិតខំ បណ្តុះបណ្តាលកសាងធនធានមនុស្ស ប្រកបដោយគុណភាព និងពេញសមត្ថភាព ហើយលើកទឹកចិត្តឱ្យបន្តកិច្ចការងារនេះថែមទៀត សំដៅបង្កើនធនធានមនុស្សក្នុងវិស័យកសិកម្មកម្ពុជា៕











