មជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ ប្រមូលធាតុបន្ថែមសម្រាប់រៀបចំ «សេចក្តីព្រាងយុទ្ធសាស្ត្រ ស្តីពីការចាប់យកបញ្ញាសិប្បនិម្មិត ក្នុងវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ»
21-01-2026 16:02
(ភ្នំពេញ)៖ មជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) នាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៦នេះ បានរៀបចំសិក្ខាសាលា ប្រមូលធាតុចូល ស្តីពីបញ្ញាសិប្បនិម្មិតក្នុងវិស័យហិរញ្ញវត្ថុ ដើម្បីប្រមូលធាតុបន្ថែមសម្រាប់រៀបចំ «សេចក្តីព្រាងយុទ្ធសាស្ត្រស្តីពីការចាប់យកបញ្ញាសិប្បនិម្មិតក្នុងវិស័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ»។
លោក សូ សុភា ប្រធានមជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ មានប្រសាសន៍ថា សិក្ខាសាលាប្រមូលធាតុចូលនាថ្ងៃនេះ មានគោលដៅចម្បងចំនួន ៣ គឺដើម្បី (១) បន្ស៉ីទិសដៅនៃការរៀបចំសេចក្តីព្រាងយុទ្ធសាស្ត្រស្តីពីបញ្ញាសិប្បនិម្មិតក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ ជាមួយនឹងយុទ្ធសាស្ត្រជាតិស្តីពីបញ្ញាសិប្បនិម្មិត ក៏ដូចជាយុទ្ធសាស្ត្រស្តីពីការចាប់យកបញ្ញាសិប្បនិម្មិត ក្នុងវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, (២) ផ្តល់ឱកាសជូនតួអង្គពាក់ព័ន្ធផ្តល់ និងទទួលយកនូវធាតុចូលដែលជាបញ្ហាប្រឈម សំណើដំណោះស្រាយ ក៏ដូចជាសំណូមពរនានាពាក់ព័ន្ធការចាប់យកបញ្ញាសិប្បនិម្មិតនេះ និង (៣) ជាថ្នាលអភិវឌ្ឍសមត្ថភាពបន្ថែម ជូនដល់តួអង្គពាក់ព័ន្ធជាពិសេសនិយ័តករនិងអង្គភាពក្រោមឱវាទ អ.ស.ហ. ដែលជាតួអង្គចូលរួមរៀបចំនូវសេចក្តីព្រាងយុទ្ធសាស្ត្រ ហើយក៏នឹងក្លាយជាតួអង្គអនុវត្តផងដែរ ក្រោយពេលដែលយុទ្ធសាស្ត្រស្តីពីបញ្ញាសិប្បនិម្មិត ក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ ត្រូវបានអនុម័តដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលខាងមុខ។
លោកបានលើកឡើងថា បច្ចុប្បន្ន រាជរដ្ឋាភិបាលដែលមានក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ជាសេនាធិការ បាននិងកំពុងរៀបចំ «សេចក្តីព្រាងយុទ្ធសាស្ត្រជាតិស្តីពីបញ្ញាសិប្បនិម្មិត» ដែលក្នុងនោះមានរំលេចទិដ្ឋភាព «បញ្ញាសិប្បនិម្មិតតាមវិស័យ» ដែលក្នុងនោះដែរទិសដៅយុទ្ធសាស្ត្របញ្ញាសិប្បនិម្មិតក្នុងវិស័យហិរញ្ញវត្ថុ នឹងត្រូវគិតគូររៀបចំ។ ទន្ទឹមនេះ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក៏បាននិងកំពុងសិក្សានិងរៀបចំ «សេចក្តីព្រាងយុទ្ធសាស្ត្រស្តីពីការចាប់យកបញ្ញាសិប្បនិម្មិត ក្នុងវិស័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ» ដែលក្នុងនោះបញ្ញាសិប្បនិម្មិត ក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារត្រូវបានគិតគូរបញ្ចូលផងដែរ។
លោកបន្ថែមថា សិក្ខាសាលាថ្ងៃនេះជាការកំណត់នូវបង្គោលចរថ្មីមួយសម្រាប់ អ.ស.ហ. ដែល ចាប់ផ្តើមគិតគូរឱ្យបានជាក់លាក់ជាងមុនអំពីការចាប់យក និងការគាំទ្រនិងការជំរុញការចាប់យកបញ្ញាសិប្បនិម្មិត ដើម្បីអភិវឌ្ឍវិស័យហិរញ្ញវត្ថុមិនមែនធនាគារ ខណៈដែលបញ្ញាសិប្បនិម្មិតនេះមានការវិវត្តជាច្រើនជំនាន់ និងឆាប់រហ័ស សំដៅទាញយកអត្ថប្រយោជន៍ជាអតិបរមា និងកាត់បន្ថយនូវហានិភ័យនានាដែលអាចកើតមាន។
លោកបណ្ឌិត សោម ផៃ អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ មានប្រសាសន៍ថា ការប្រមូលធាតុចូលនាថ្ងៃនេះ ជាគុណប្រយោជន៍ដល់ការរៀបចំ «សេចក្តីព្រាងយុទ្ធសាស្ត្របញ្ញា-សិប្បនិម្មិតក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ» សំដៅធ្វើឱ្យសេចក្តីព្រាងយុទ្ធសាស្ត្រនេះកាន់តែមានលក្ខណៈពេញលេញនិងគ្រប់ជ្រុងជ្រោយ ព្រមទាំងអាចអនុវត្តបានសម្រាប់គ្រប់តួអង្គពាក់ព័ន្ធ ក្នុងស្មារតីជំរុញការចាប់យកបញ្ញា-សិប្បនិម្មិត (AI Adoption) ជាវិភាគទានដល់ការអភិវឌ្ឍ និងនវានុវត្តន៍បច្ចេកវិទ្យាហិរញ្ញវត្ថុ និងការធ្វើបរិវត្តកម្មឌីជីថល ក្នុងប្រព័ន្ធអេកូឡូស៊ីបញ្ញាសិប្បនិម្មិត (AI Ecosystem) ឆ្លើយតបទៅនឹងគោលនយោបាយនិងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ជាពិសេសសេចក្តីព្រាងយុទ្ធសាស្ត្រជាតិ ស្តីពីបញ្ញាសិប្បនិម្មិត និងសេចក្តីព្រាងយុទ្ធសាស្ត្រ ស្តីពីការចាប់យកបញ្ញាសិប្បនិម្មិត ក្នុងវិស័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដូចជាបទពិសោធ ឧត្តមានុវត្តន៍ និងនិន្នាការអន្តរជាតិ ក្នុងបរិការណ៍តំបន់និងសកលនៃការអភិវឌ្ឍ និងការប្រើប្រាស់បញ្ញាសិប្បនិម្មិត ដែលមានសមានគតិភាពជាមួយនឹងបរិការណ៍កម្ពុជា៕




















