កម្ពុជា និងសហគមន៍អន្តរជាតិ អំពាវនាវអ្នកអភិវឌ្ឍន៍វិស័យសំណង់គិតគូរដាក់បញ្ចូលប្លង់អគារមានលំហខ្យល់ត្រជាក់ចេញចូល
21-01-2026 17:05
(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា និងសហគមន៍អន្តរជាតិ កំពុងជំរុញនូវការដាក់បញ្ជូនគោលនយោបាយ និងគោលការណ៍ណែនាំ ទៅដល់ការអភិវឌ្ឍវិស័យសំណង់ ដែលកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ មកពីការប្រើប្រាស់ថាមពលអគ្គិសនី និងការដាក់សម្ពាធផ្សេងៗទៀត ដែលធ្វើឱ្យមានការឡើងកម្ដៅនៅលើភពផែនដី។
ក្រសួងបរិស្ថាន និងស្ថាប័នសាធារណៈពាក់ព័ន្ធរបស់កម្ពុជា និងអង្គការអន្តរជាតិ ដែលមានដូចជា៖ គណៈកម្មការសង្គម និងសេដ្ឋកិច្ច សម្រាប់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការសហប្រជាជាតិ (UN-ESCAP) និងបរិស្ថានអង្គការសហប្រជាជាតិកម្មវិធី (UNEP) នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦នេះ បានជួបពិភាក្សាគ្នា ក្នុងសិក្ខាសាលាថ្នាក់តំបន់ស្តីពី«ការរៀបចំយុទ្ធសាស្ត្រប្រព័ន្ធត្រជាក់អកម្ម សម្រាប់ការអភិវឌ្ឍដោយចីរភាពនៅកម្ពុជា» ក្នុងគោលបំណងជំរុញគោលនយោបាយ និងការដាក់បញ្ចូលការអនុវត្តការរចនាស្ថាបត្យកម្ម និងការរៀបចំទីក្រុង តាមរយៈការចនាអគារដែលមានលក្ខណៈលំហូខ្យល់ និងពន្លឺគ្រប់គ្រាន់ រួមទាំងការជ្រើសរើសប្រភេទសម្ភារបំពាក់ក្នុងអគារសន្សំសំចៃអគ្គិសនី បូករួមទាំងការធ្វើឱ្យបរិស្ថានជុំវិញអគារមានភាពបៃតង កាត់បន្ថយការប្រើប្រាស់ម៉ាស៊ីនត្រជាក់ និងថាមពលអគ្គិសនី។
លោក ជួប ប៉ារីស៍ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានលើកទឹកចិត្តដល់វិស័យឯកជន រួមទាំងអ្នកអភិវឌ្ឍន៍ ស្ថាបត្យករ វិស្វករ ក្រុមហ៊ុនផលិត និងក្រុមហ៊ុនសំណង់ ឱ្យប្រើគោលការណ៍ណែនាំនៅពេលរចនាអគារ ជ្រើសរើសសម្ភារសំណង់ និងជ្រើសរើសឧបករណ៍សមស្រប តាមរយៈការកាត់បន្ថយការប្រើប្រាស់ថាមពល កាត់បន្ថយថ្លៃដើមប្រតិបត្តិការ កាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ និងផ្តល់នូវបរិយាកាសក្នុងផ្ទះ ដែលមានសុខភាពល្អ និងផាសុកភាពជាងមុនសម្រាប់សហគមន៍ទូទាំងតំបន់។
លោកបានថ្លែងថា តាមរយៈការកែលម្អការរចនាអគារតាមរយៈការតម្រង់ទិសសមស្រប ការដាក់ស្រមោល អ៊ីសូឡង់ ខ្យល់ចេញចូល និងការប្រើប្រាស់សម្ភារៈដែលឆ្លើយតបនឹងអាកាសធាតុ ភាពត្រជាក់អកម្ម នឹងកាត់បន្ថយតម្រូវការត្រជាក់នៅប្រភពរបស់វា។ វិធីសាស្រ្តនេះកាត់បន្ថយការប្រើប្រាស់ថាមពល បង្កើនផាសុកភាពកម្ដៅ និងពង្រឹងភាពធន់នឹងអាកាសធាតុ ជាពិសេសសម្រាប់ប្រជាជនដែលងាយរងគ្រោះនៅក្នុងអាកាសធាតុក្តៅ។
តំណាងរបស់ UN-ESCAP បានបញ្ជាក់ថា ប្រព័ន្ធត្រជាក់អកម្ម ឬហៅជាភាសាអង់គ្លេសថា passive cooling នឹងជាដំណោះស្រាយគោលមួយ ដោយមិនបាច់ប្រើប្រាស់អគ្គិសនីច្រើន ហើយកាត់បន្ថយការចំណាយ។ «ដើម្បីកាត់បន្ថយការកើនឡើងកម្តៅ និងការប្រើប្រាស់ម៉ាស៊ីនត្រជាក់នៅក្នុងផ្ទះ ឬក្នុងអគារ គឺប្រព័ន្ធត្រជាក់អកម្ម នឹងធ្វើឱ្យអគារនីមួយៗនៅក្នុងប្រទេសកម្ពុជាមានភាពត្រជាក់ជានិរន្ដរ៍ ដោយមិនសូវចាំបាច់ក្នុងការប្រើប្រាស់ម៉ាស៊ីនត្រជាក់ច្រើន»។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញទិសដៅជំរុញការប្រើប្រាស់ថាមពលស្អាតឱ្យបានដល់៧០ភាគរយ នៅត្រឹមឆ្នាំ២០៣០ ខណៈបច្ចុប្បន្ន សម្រេចបាន៦២ភាគរយ ដើម្បីចូលរួមកាត់បន្ថយការឡើងកម្តៅផែនដី ដែលពិភពលោកកំពុងព្រួយបារម្ភ៕























