សាលាអនុគណខណ្ឌកំបូល បំភ្លឺថា មិនមានព្រះសង្ឃស្លៀកពាក់ស៉ីវិលចូលក្លឹបទេ
21-01-2026 17:53
(ភ្នំពេញ)៖ សាលាអនុគណខណ្ឌកំបូល បានបំភ្លឺថា មិនមានព្រះសង្ឃស្លៀកពាក់ស៉ីលវិលចូលក្លឹបទេ។
នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង នៅវេលាម៉ោង ៤៖០០នាទីព្រឹក ស្ថិតនៅផ្លូវ ឌីប៉ុក សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដែលបណ្តាលឱ្យមានការបាត់បង់ជីវិត និងរបួសធ្ងន់ស្រាល ចំនួន៤នាក់ នៅនឹងកន្លែងកើតហេតុ។
ពួកគាត់រួមមាន៖
*១៖ ឈ្មោះ សៀក តុន ភេទប្រុស អាយុ ៣៤ឆ្នាំ អ្នកបើកបរ (ស្លាប់)
*២៖ ឈ្មោះ ងិន វេហា ភេទប្រុស អាយុ ២១ឆ្នាំ (ស្លាប់)
*៣៖ ឈ្មោះ ចន រ៉ាភី ភេទប្រុស អាយុ ២២ឆ្នាំ (របួស)
*៤៖ ឈ្មោះ មឿន សារ៉ុម ភេទប្រុស អាយុ ២០ឆ្នាំ (របួស)។
នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ អ្នកសារពត៌មានក្នុងបណ្តាញសង្គម(ហ្វេសបុក)មួយចំនួនបានចុះ ផ្សាយពត៌មានគ្រោះថ្នាក់ចរាចរណ៍ខាងលើ ថា មានព្រះសង្ឃស្លៀកពាក់ស៊ីវិល ចូលក្លឹប។
សាលាអនុគណខណ្ឌកំបូល មានកិត្តិយសជម្រាបជូនសាធារណជន និងអ្នកសារព័ត៌មាន ជ្រាបថា បុគ្គលទាំងបីរូបបានលាចាកសិក្ខាបទហើយ(សឹក) នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ ត្រៀមបំពេញឧបសម្បទា (បួសភិក្ខុ) នាថ្ងៃខាងមុខ។
ករណីមានស្បង់ចីវររបស់ព្រះសង្ឃនៅលើរថយន្ត ដោយសារអ្នកបើកបររថយន្តឈ្មោះ សៀក តុន ជាពិធីការរៀបចំកម្មពិធីបុណ្យទានផ្សេងៗ។ ដូច្នេះហើយ សាលាអនុគណខណ្ឌកំបូល សូមច្រានចោលទាំងស្រុង ចំពោះការផ្សាយពត៌មាន មួយចំនួន ដែលជាការផ្សាយមិនពិត ធ្វើឱ្យសារធារណជនមានការយល់ច្រឡំ៕










