រដ្ឋមន្រ្តីសុខាភិបាល៖ ផ្នែកឯកជន ជាដៃគូដ៏សំខាន់សម្រាប់ការចូលរួមចំណែក ក្នុងការអភិវឌ្ឍន៍វិស័យសុខាភិបាល (Video inside)
21-01-2026 12:02
(ភ្នំពេញ)៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារផ្នែកសុខាភិបាល បានគូសបញ្ជាក់ថា សុខភាព ជាទ្រព្យសម្បត្តិមួយមិនអាចកាត់ថ្លៃបាន ដែលទទួលស្គាល់ដោយរដ្ឋធម្មនុញ្ញ ហើយដែលរាជរដ្ឋាភិបាលផ្តល់អាទិភាពខ្ពស់បំផុត។
លោកសាស្ត្រាចារ្យបានថ្លែងបន្តថា ក្រសួងសុខាភិបាលបាននឹងកំពុងយកចិត្តទុកដាក់ខ្ពស់លើការបម្រើសេវាសុខាភិបាល ឱ្យបានកាន់តែប្រសើរឡើងថែមទៀត ប្រកបដោយគុណភាព ប្រសិទ្ធភាព សុវត្ថិភាព ស័ក្តសិទ្ធភាព និងសមធម៌ដើម្បីជំរុញ និងបង្កើនទំនុកចិត្តពីប្រជាជន។ ក្នុងនោះវិស័យឯកជនជាដៃគូដ៏សំខាន់សម្រាប់ការចូលរួមចំណែកក្នុងការអភិវឌ្ឍន៍វិស័យសុខាភិបាល។
ការថ្លែងយ៉ាងដូច្នេះរបស់លោកសាស្ត្រារ្យរដ្ឋមន្ត្រី ក្នុងឳកាសដឹកនាំកិច្ចប្រជុំការងារផ្នែកសុខាភិបាល ក្រុម «ឋ» នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន នាថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសុខាភិបាល។
កិច្ចប្រជុំមានការចូលរួម ពីឧកញ៉ាវេជ្ជបណ្ឌិត តាន់ គឹមម៉េងសហប្រធានក្រុមការងារ «ផ្នែកសុខាភិបាល» តំណាងផ្នែកឯកជន និងមានការចូលរួមពី តំណាងក្រសួង ស្ថាប័ន លោក-លោកស្រីប្រធាន អនុប្រធាន និងមន្រ្តី នៃអង្គភាពពាក់ព័ន្ធ ព្រមទាំងឧកញ៉ា លោក លោកស្រី តំណាងមកពីគ្រឹះស្ថានសុខាភិបាលឯកជន ចំនួន៨៧ រូប ដើម្បីពិភាក្សាលើបញ្ហា និងដំណោះស្រាយទាំងឡាយ ក៏ដូចជាព័ត៌មានត្រឡប់អំពីការងារពាក់ព័ន្ធវិស័យសុខាភិបាល សំណូមពរនានាពីផ្នែកឯកជន ចំពោះវិស័យសុខាភិបាល។
លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងថា ក្រសួងសុខាភិបាល កំពុងផ្តោតការយកចិត្តទុកដាក់ខ្ពស់លើបញ្ហាសុខភាពសាធារណៈជាអាទិភាព៖ គ្រប់គ្រងជំងឺឆ្លង និងជំងឺរ៉ាំរ៉ៃ រួមមានជំងឺទឹកនោមផ្អែម ជំងឺលើសសម្ពាធឈាម, បន្តពង្រឹងគុណភាព នៃការបណ្តុះបណ្តាល ដើម្បីធានាឱ្យបាននូវការផ្តល់សេវាសុខាភិបាលប្រកបដោយគុណភាព និងសុវត្ថិភាព, បន្តពង្រឹងគុណភាពឱសថ ដោយបានធ្វើការត្រួតពិនិត្យ និងតាមដានឱសថ នៅលើទីផ្សារជាប់ជាប្រចាំ និងពង្រឹងការផ្តល់សេវាកម្មឱ្យបានឆាប់ទាន់ពេល ត្រឹមត្រូវ ប្រកបដោយភាពរលូន។
ក្នុងនោះដែរ ឧកញ៉ាវេជ្ជបណ្ឌិត តាន់ គឹមម៉េង តំណាងវិស័យឯកជន បានសម្តែងការកោតសសើរដល់ក្រសួងសុខាភិបាល ដែលសម្រេចបានជាសមិទ្ធិផលយ៉ាងធំធេង ពិសេសរយៈពេលចុងក្រោយនេះ។ ឧកញ៉ាវេជ្ជបណ្ឌិត ពិនិត្យឃើញថា បច្ចុប្បន្ននេះ ក្រសួងសុខាភិបាល បានកំពុងបំពេញការងារនិយ័តកម្មយ៉ាងសកម្ម និងដោយម៉ឺងម៉ាត់ ច្បាស់លាស់ ជំរុញការងារអនុវ៊ត្តស្របតាមបទដ្ឋាននានា និងបានធ្វើការផ្តល់សេវាជូនវិស័យឯកជនបានកាន់តែល្អប្រសើរ។
សូមបញ្ជាក់ដែរថា នេះជាកិច្ចប្រជុំលើកទី៣ នៃកិច្ចប្រជុំពិភាក្សាក្រុមការងារផ្នែកសុខាភិបាល ក្រុម «ឋ» នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដែលបានដោះស្រាយនូវកង្វល់ និងសំណូមពររបស់វិស័យឯកជន ស្របតាមលក្ខខណ្ឌនានា ឬលិខិតបទដ្ឋានជាធរមាន និងការពន្លឿនការងារក្នុងការផ្តល់សេវាសាធារណៈឱ្យបានកាន់តែឆាប់រហ័ស ដើម្បីរួមគ្នាកសាងប្រព័ន្ធសុខាភិបាលមួយរឹងមាំ សម្រាប់ប្រជាជន៕





























