រដ្ឋលេខាធិការ ផូ ផារិទ្ធ ដឹកនាំគណៈកម្មការអន្តរក្រសួង ចុះត្រួតពិនិត្យ វាយតម្លៃលើការងារជួសជុលផ្លូវ ១ខ្សែ និងលូមួយចំនួន នៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ
21-01-2026 19:13
(កំពង់ធំ)៖ លោក ផូ ផារិទ្ធ រដ្ឋលេខាធិការតំណាងលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦នេះ បានដឹកនាំគណៈកម្មការអន្តរក្រសួងរួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ និងវាយតម្លៃលើការងារជួសជុលស្តារឡើងវិញ ផ្លូវក្រាលដីល្បាយក្រួស ១ខ្សែ ប្រវែង ៧ ១០០ម៉ែត្រ ទទឹង ៨ម៉ែត្រ, លូប្រអប់មុខបួន ២កន្លែង លូប្រអប់មុខពីរ ២កន្លែង, លូប្រអប់មុខមួយ ១កន្លែង, លូមូលមុខពីរ ៣កន្លែង និងលូមូលមុខមួយ ៣កន្លែង ស្ថិតនៅភូមិក្តីដូង ឃុំក្តីដូង ទៅភូមិបូពឹង ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលគម្រោងនេះអនុវត្តដោយនាយកដ្ឋាន វិស្វកម្មក្រសួងការពារជាតិ។
ថ្លែងនាឱកាសនោះ លោក ផូ ផារិទ្ធ បានបញ្ជាក់ឱ្យដឹងថា រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា បានជំរុញអភិវឌ្ឍន៍សម្រេចបានសមិទ្ធផលជាច្រើន ដែលជាមូលដ្ឋានសម្រាប់រាជរដ្ឋាភិបាលបន្តវេន ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដោយសម្តេចទាំងទ្វេបានគិតគូរយ៉ាង ខ្លាំងអំពីការអភិវឌ្ឍ និងការរស់នៅរបស់ប្រជាជននៅតាមជនបទ។
ជាក់ស្តែងនៅក្នុងអាណត្តិទី៧នេះ រាជរដ្ឋាភិបាលបាននិងកំពុងលើកកម្ពស់គុណភាពនៃជីវិតរបស់ប្រជាជន និងការប្រែក្លាយតំបន់ជនបទ ទៅជាតំបន់រីកចម្រើន តាមរយៈនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជនបទនានា ជាពិសេសការអភិវឌ្ឍផ្លូវ ស្ពាន និងសំណង់សិល្បការ្យផ្សេងៗ ដើម្បីលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាជននៅតាមជនបទឱ្យកាន់តែប្រសើរ។
ជាមួយគ្នានោះ លោក ផូ ផារិទ្ធ ក៏បានកោតសរសើរដល់នាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ ដែលបានខិតខំប្រែងនៅលើការងារជួសជុល ស្តារឡើងវិញផ្លូវក្រាលដីល្បាយក្រួសខាងលើនេះ សម្រាប់បម្រើផលប្រយោជន៍នៅក្នុងសង្គម ជាពិសេសប្រជាពលរដ្ឋនៅតាមមូលដ្ឋាន មិនថាផ្លូវមួយខ្សែនេះ ឬបណ្តាញផ្លូវផ្សេងៗទៀតនោះឡើយ ពោលគឺមានផ្លូវ មានការអភិវឌ្ឍជាក់ស្តែងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផ្លូវនៅតាមជនបទ ឃើញថានៅគ្រប់អាណត្តិនីមួយៗ ត្រូវបានរាជរដ្ឋាភិបាលវិនិយោគដោយចំណាយថវិកាយ៉ាងច្រើន ដើម្បីលើកកម្ពស់ដល់ជីវភាពរស់នៅប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ៕













