ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បន្តពិគ្រោះយោបល់លើសេចក្ដីព្រាងរបាយការណ៍សិក្សាប្រមូលធាតុចូលសម្រាប់ការរៀបចំរបាយការណ៍វឌ្ឍនភាពប្រចាំឆ្នាំ២០២៥

21-01-2026 20:25

(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នាថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦នេះ រៀបចំកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្ដីព្រាងរបាយការណ៍សិក្សាចំនួន ៣ រួមមាន ការសិក្សាវាយតម្លៃពីទំនាក់ទំនងរវាងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការផ្ដល់សេវាសាធារណៈក្នុងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងច្រកចេញចូលតែមួយ, ការពង្រឹងការអនុវត្តប្រព័ន្ធថវិកាព័ត៌មានសមិទ្ធកម្ម នៅតាមក្រសួង ស្ថាប័ន, និង ការសិក្សាពង្រឹងការគ្រប់គ្រងទិន្នន័យចំណូល-ចំណាយ ក្រោមក្របខ័ណ្ឌកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។

សិក្ខាសាលានេះ រៀបចំឡើងក្រោមវត្តមាន លោកបណ្ឌិត យ៉េត វីណែល អនុរដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) តំណាងដ៏ខ្ពង់ខ្ពស់របស់ លោក រស់ សីលវ៉ា រដ្ឋលេខាធិការ នៃ កសហវ. និងជាអគ្គលេខាធិការ នៃ អ.គ.ហ., អមដោយ លោក អ៊ុំ យុទ្ធី នាយករដ្ឋបាល ហិរញ្ញវត្ថុ និងត្រួតពិនិត្យនិងវាយតម្លៃ បណ្ឌិតទីប្រឹក្សា និងមន្ត្រីជំនាញជាន់ខ្ពស់ និងមន្ត្រីជំនាញ នៃ អ.គ.ហ. ព្រមទាំង មានការចូលរួមពី លោក លោកស្រី ជាតំណាងមកពីគ្រប់អង្គភាពក្រោមឱវាទ កសហវ. រួមទាំងមន្ទីរ សហវ. ទាំង២៥ រាជធានី-ខេត្ត និងក្រសួង-ស្ថាប័ន រាជធានី-ខេត្ត សរុបប្រមាណ ២០០រូប។

គួរបញ្ជាក់ផងដែរថា របាយការណ៍សិក្សាទាំង ៣ នេះ ត្រូវបានរៀបចំដើម្បីកំណត់ការងារអាទិភាព នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈឆ្នាំ ២០២៦ ជាពិសេស ការផ្សារភ្ជាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ទៅនឹងការផ្ដល់សេវាជូនប្រជាពលរដ្ឋ និងការអនុវត្តឱ្យបានជាមូលដ្ឋាននូវប្រព័ន្ធថវិកាព័ត៌មានសមិទ្ធកម្ម ស្របទៅតាមចក្ខុវិស័យកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ ក្នុងន័យនេះ លទ្ធផល នៃការសិក្សានេះ នឹងក្លាយជាធាតុចូលដ៏សំខាន់ក្នុងរបាយការណ៍វឌ្ឍនភាពប្រចាំឆ្នាំ២០២៥ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ «គណនេយ្យភាពសមិទ្ធកម្ម» ដែលគ្រោងនឹងដាក់ឆ្លងគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅដើមខែកុម្ភៈ ឆ្នាំ២០២៦ ខាងមុខ។

បន្ទាប់ពីអង្គប្រជុំបានពិភាក្សាយ៉ាងផុសផុលលើរបាយការណ៍សិក្សា បណ្ឌិត យ៉េត វីណែល បានបូកសរុប និងស្នើសុំអង្គភាព/ស្ថាប័នទាំងអស់ពិនិត្យលម្អិតលើឯកសារស្រាវជ្រាវទាំង ៣ ដើម្បីផ្ដល់ធាតុចូលបន្ថែម សំដៅធានារបាយការណ៍មានភាពគ្រប់ជ្រុងជ្រោយ និងឆ្លុះបញ្ចាំងពីទិដ្ឋភាពជាក់ស្ដែងនៃការអនុវត្តបច្ចុប្បន្ន។

បន្ថែមពីនេះលោកបណ្ឌិត យ៉េត វីណែល បានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណដល់គ្រប់អង្គភាព/ស្ថាប័នពាក់ព័ន្ធ ដែលបានផ្ដល់កិច្ចសហការដល់ អ.គ.ហ. ទាំងក្នុងអំឡុងពេលចុះប្រមូលទិន្នន័យ និងក្នុងកិច្ចប្រជុំផ្សេងៗ ដើម្បីផ្ដល់ជាធាតុចូលបន្ថែមក្នុងរបាយការណ៍ដ៏មានសារៈសំខាន់នេះ៕