ព្រះសង្ឃ និងប្រជាពលរដ្ឋខ្មែរក្រោម នាំអំណោយមនុស្សធម៌ចែកជូនគ្រួសារកងទ័ពជួរមុខ និងប្រជាពលរដ្ឋចំនួន៥០០គ្រួសារ នៅក្រុងសំរោង
21-01-2026 13:28
(ឧត្តរមានជ័យ)៖ ព្រះសង្ឃ និងប្រជាពលរដ្ឋដើមកំណើតខ្មែរក្រោម បាននាំយកអំណោយមនុស្សធម៌ទៅចែកជូនដល់គ្រួសារកងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសសឹក សរុបចំនួន ៥០០ គ្រួសារ នៅសង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ដើម្បីសម្រាលទុក្ខលំបាក និងលើកទឹកចិត្តដល់បងប្អូនដែលកំពុងជួបការលំបាក។
ពិធីនេះរៀបចំឡើងនៅរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦នេះ ដឹកនាំដោយលោកស្រី អ៊ុង គឹមតៀង ប្រធានសមាគមខ្មែរក្រោម តំបន់ញូវអ៊ីងឡែន សហរដ្ឋអាមេរិក និងក្រុមគ្រួសារ រួមជាមួយគណៈកម្មាធិការសម្របសម្រួលខ្មែរក្រោម ដែលមានសមាគមខ្មែរក្រោមចំនួន៦ ជាសមាជិក ដឹកនាំដោយព្រះតេជគុណ ព្រះគ្រូ យ៉ាន់ ថាត ប្រធានក្រុមប្រឹក្សាភិបាល នៃគណៈកម្មាធិការសម្របសម្រួលខ្មែរក្រោម និងជាព្រះចៅអធិការវត្តអង្គតាមិញ។ លើសពីនេះក៏មានការចូលរួមពីលេខាធិការដ្ឋាននៃអង្គការសមាគមខ្មែរក្រោម ដែលមានសមាគមចំនួន៩ ជាសមាជិក ដឹកនាំដោយលោក សឺន យឿង ព្រមទាំងបងប្អូនប្រជាពលរដ្ឋ និងព្រះសង្ឃខ្មែរ ដើមកំណើតខ្មែរក្រោម ចំនួន ១១ អង្គ ដែលនិមន្តមកពីវត្តអង្គតាមិញ វត្តសាមគ្គីរង្សី វត្តតាំងក្រសាំងខាងជើង វត្តបុទុមវត្តី និងវត្តនាគវ័ន្ត។
ពិធីចែកអំណោយមនុស្សធម៌របស់ព្រះសង្ឃ និងបងប្អូន ដើមកំណើតខ្មែរក្រោមនាពេលនេះ ត្រូវបានសម្របសម្រួលដោយលោក សាន សាង ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកកម្ពុជា និងមានការចូលរួមពីលោក ផុន ចាន់និល អភិបាលក្រុងសំរោង ព្រមទាំអាជ្ញាធរសង្កាត់កូនគ្រៀល និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។
ក្នុងឱកាសនោះ លោក សាន សាង បានថ្លែងនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹកពីសម្តេចតេជោ ហ៊ុន សែន ផ្ញើជូនបងប្អូនដែលមានវត្តមាននៅទីនេះ។ លោកមានប្រសាសន៍ថា«អំណោយមនុស្សធម៌នេះ គឺជាការបង្ហាញពីស្មារតីសាមគ្គីភាព ក្តីអាណិតអាសូរ និងការចងក្រងបេះដូងរបស់បងប្អូនខ្មែរក្រោម ទាំងនៅក្នុង និងក្រៅប្រទេស ដែលតែងតែយកចិត្តទុកដាក់ និងគាំទ្រដល់ប្រទេសជាតិ ជាពិសេសគ្រួសារកងទ័ពជួរមុខ និងប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីស្ថានការណ៍អសន្តិសុខដោយសារសៀមឈ្លានពានទឹកដី»។
លោកបានបន្ថែមថា សកម្មភាពមនុស្សធម៌ទាំងនេះ គឺជាការចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការជួយសង្គ្រោះ និងសម្រាលទុក្ខលំបាកដល់ប្រជាពលរដ្ឋ ដោយបង្ហាញពីសាមគ្គីភាពជាតិតែមួយ និងសេចក្តីស្រឡាញ់ជាតិយ៉ាងជ្រាលជ្រៅ។
លោកបន្តថា«ខ្មែកណ្តាល ខ្មែរក្រោម គឺជាខ្មែរតែមួយ បេះដូងតែមួយ ឈាមជ័រតែមួយ ទុក្ខលំបាករបស់បងប្អូនខ្មែរកណ្តាល ក៏ជាទុក្ខលំបាករបស់បងប្អូនខ្មែរក្រោមផងដែរ»។
ដោយឡែកលោក ផុន ចាន់និល អភិបាលក្រុងសំរោង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះព្រះសង្ឃ និងបងប្អូនខ្មែរក្រោម ដែលបានចូលរួមនាំយកអំណោយមនុស្សធម៌មកជូនប្រជាពលរដ្ឋ និងគ្រួសារកងទ័ពជួរមុខនាពេលនេះ។
លោកលើកឡើងថា«អំណោយទាំងនេះ មិនត្រឹមតែមានតម្លៃផ្នែកសម្ភារប៉ុណ្ណោះទេ ប៉ុន្តែមានតម្លៃផ្នែកទឹកចិត្តយ៉ាងខ្លាំង ដែលជួយលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋ និងគ្រួសារកងទ័ពជួរមុខ ឱ្យមានកម្លាំងចិត្តបន្តឆ្លងកាត់ការលំបាក និងជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល»។
លោកអភិបាលក្រុងសំរោង បានបញ្ជាក់ថា អាជ្ញាធរមូលដ្ឋាន នឹងបន្តសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីធានាថា ការចែកជូនអំណោយ និងជំនួយនានា ត្រូវបានអនុវត្តដោយត្រឹមត្រូវ ស្មើភាព និងមានប្រសិទ្ធភាពខ្ពស់។អំណោយមនុស្សធម៌ដែលបានចែកជូនក្នុងឱកាសនេះ គឺក្នុង១គ្រួសារទទួលបានអង្ករ២០គីឡូក្រាម និងថវិកាចំនួន៤ម៉ឺនរៀល ជាសក្ខីភាពបញ្ជាក់ពីស្មារតីសាមគ្គីភាពរវាងខ្មែរនៅក្នុងប្រទេស និងខ្មែរក្រៅប្រទេស ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការជួយសង្គម និងលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ ក្នុងគោលបំណងរួមគ្នាសាងសង់សង្គមមានសន្តិភាព ស្ថិរភាព និងការរីកចម្រើនយ៉ាងចីរភាព៕




















