ភាពតានតឹងភូមិសាស្រ្តនយោបាយ និងគំនាបពន្ធ ជំរុញឱ្យតម្លៃមាសហក់ឡើងយ៉ាងគំហុករហូតជិត ៦០០០ដុល្លារក្នុងមួយដំឡឹង (Video inside)

21-01-2026 13:30

(ភ្នំពេញ)៖ អ្នកតាមដានទីផ្សារមាសនៅលើទីផ្សារអន្តរជាតិ និងកម្ពុជា ឱ្យដឹងថា នៅថ្ងៃទី២១ មករា ឆ្នាំ២០២៦នេះ តម្លៃហាងឆេងមាស បានកើនឡើងយ៉ាងគំហុក ដោយបានហក់ឡើងដល់ ៤ ៨៨៧ក្នុងមួយអោន ក្នុងទីផ្សារអន្តរជាតិ ដែលស្មើនឹង៥៨០០ដុល្លារក្នុងមួយតម្លឹង នៅកម្ពុជា។

ការហក់ឡើងយ៉ាងគំហុកនៃតម្លៃមាសក្នុងសប្តាហ៍នេះ គឺចាប់តាំងពីថ្ងៃចន្ទទី២០មករា ម្សិលមិញ ដោយសារកត្តា កត្តាភូមិសាស្រ្តនយោបាយ និងការដាក់គំនាប ។

លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុក្រុមហ៊ុន PP Link Securities ប្រាប់បណ្តាញព័ត៌មាន Fresh news នៅថ្ងៃទី២១ ខែមករានេះថា ការដាក់គំនាបពន្ធរបស់សហរដ្ឋអាមេរិកទៅលើបណ្តាប្រទេសក្នុងពិភពលោក ជាពិសេសទៅលើសហភាពអឺរ៉ុប ដែលជាដៃគូរកស៊ីចម្បងរបស់សហរដ្ឋអាមេរិក នឹងប៉ះពាល់ដល់ការនាំចេញនាំចូលទំនិញ ខណៈប្រទេសមួយចំនួននៅអឺរ៉ុបក៏រៀបចំផែនការដាក់គំនាបលើអាមេរិក ដើម្បីឆ្លើយតបនឹងការគម្រាបកំហែងនេះផងដែរ។
លោកបានពន្យល់ថា ការលេចឡើងនូវព័ត៌មានមួយនេះបានធ្វើឱ្យស្ថានភាពសេដ្ឋកិច្ច និងធុរកិច្ចនៅលើពិភពនៅលើពិភពធ្លាក់ចុះ ហើយករណីនេះបានធ្វើឱ្យប្រាក់ដុល្លារអាមេរិកធ្លាក់ចុះ ដូច្នេះហើយបានជំរុញតម្លៃហាងឆេងនៅលើទីផ្សារអន្តរជាតិហក់ឡើងដោយស្វ័យប្រវត្តិ។

ដោយឡែកបញ្ហាភូមិសាស្រ្តនយោបាយ ក៏ជាកត្តារួមចំណែកធ្វើឱ្យតម្លៃមាសហក់ឡើងផងដែរ។ លោក ឡុង សំណាងបានលើកឡើងថា ការគម្រាមចង់បានកោះ Greenland របស់លោកប្រធានាធិបតី ដូណាល់ត្រាំ គឺជាព័ត៌មានមួយដែលបង្ហាញថាស្ថានភាពសន្តិសុខពិភពលោកកាន់តែផុយស្រួយ ។ព័ត៌មាននេះ នឹងជំរុញឱ្យតម្លៃហាងឆេងមាសនឹងកើនឡើងបន្ថែមទៀតនៅចុងខែមករានេះ និងក្នុងខែកុម្ភៈ។

ទន្ទឹមគ្នានេះ លោក សុខ ហេង នាយកអភិវឌ្ឍន៍ធុរកិច្ច នៃក្រុមហ៊ុន GFGI បានលើកឡើងពីមូលនៃការកើនឡើងនៃតម្លៃមាសយ៉ាងគំហុកនេះ រួមមាន បញ្ហាភូមិសាស្ត្រនយោបាយ បញ្ហាសង្គ្រាម និងជម្លោះតាមតំបន់សំខាន់ៗ ដូចជាមជ្ឍឹមបូព៌ា និងអ៊ុយក្រែន, ផែនការកាត់ការប្រាក់របស់ធនាគារកណ្តាល (Fed)ធ្វើឱ្យលុយដុល្លារកាន់តែចុះខ្សោយតម្លៃ, ការទាមទារចង់បានកោះ Greenland របស់ដូណាល់ត្រាំធ្វើឱ្យមានការតវ៉ាពីប្រទេសដាណឺម៉ាកដែលគាំទ្រដោយសមាជិកប្រទេសអ៊ឺរ៉ុប និងភាពល្អកកកររវាងអាមេរិក និងអ៊ឺរ៉ុបដោយសារកោះ Greenland ធ្វើឱ្យបាត់បង់ និងប្រេះឆាទំនាក់ទំនង សម្ព័ន្ធមិត្ត។ លើសនេះ តម្រូវការមាសកើនឡើងដោយសារ ការការពារអតិផរណា ការពារហានិភ័យសង្គ្រាម ការទិញទុកបង្រុងដោយធនាគារធំៗលើពិភពលោក ក៏ជាមូលហេតុនាំឱ្យមានឡើងថ្លៃផងដែរ។

លោកបានព្យាករថាតម្លៃមាសនឹងនៅតែបន្តកើនឡើង ដែលអាចនឹងកើនឡើងពី៥០ដុល្លារទៅ១០០ដុល្លារក្នុងមួយអោន។ ហើយសម្រាប់ឆ្នាំនេះ អាចនឹងកើនឡើងចន្លោះពី១៥%ទៅ៣០% ដែលនឹងកើនឡើងដល់ចន្លោះពី៦៥០០ដុល្លារទៅ៧០០ដុល្លារក្នុងមួយតម្លឹង។

លោកលើកឡើងថា សម្រាប់អ្នកចង់វិនិយោគទៅលើមាស អាចទិញក្នុងតម្លៃ ៤ ៨៣០ក្នុងមួយអោន សម្រាប់ទុកលក់ចំណេញ។
ទន្ទឹមគ្នានេះ លោកឡុង សំណាង ចង់ឱ្យអ្នកវិនិយោគតាមដានព័ត៌មានឱ្យបានច្បាស់ ដើម្បីដឹងថាជាឱកាសនៃការវិនិយោគយ៉ាងណា? បើដឹងព័ត៌មានកាន់តែច្បាស់នោះនឹងធ្វើឱ្យការវិនិយោគកាន់តែប្រសើរ និងទទួលបានផលចំណេញ៕