អគ្គស្នងការដ្ឋាននគរបាលជាតិ ណែនាំភ្នាក់ងារសន្ដិសុខឯកជន បង្កើនកិច្ចសហការជាមួយសមត្ថកិច្ច ដើម្បីរួមគ្នាទប់ស្កាត់ និងបង្ក្រាបបទល្មើសឲ្យបានទាន់ពេលវេលា
21-01-2026 21:26
(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក អ៉ី សុខឃី អគ្គស្នងការរងនគរបាលជាតិ បានណែនាំដល់ភ្នាក់ងារសន្ដិសុខឯកជនទាំងអស់ ត្រូវបង្កើនកិច្ចសហការជាមួយសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ក្នុងករណីខ្លួនមានការសង្ស័យថា ទីតាំងណាមួយអាចមានសកម្មភាពល្មើសច្បាប់ ត្រូវរាយការណ៍ជាបន្ទាន់ សំដៅរួមគ្នាបង្ការទប់ស្កាត់ និងឈានទៅបង្ក្រាបបទល្មើសនោះឲ្យបានទាន់ពេលវេលា។
នាឱកាសអញ្ជើញជាអធិបតីតំណាងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ក្នុងពិធីបិទវគ្គបំប៉នជំនាញភ្នាក់ងារសន្ដិសុខឯកជន លើកទី៨២ នៅល្ងាចថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦នេះ លោកឧត្តមសេនីយ៍ឯក អ៉ី សុខឃី បានក្រើនរំលឹកដល់ភ្នាក់ងារសន្ដិសុខឯកជនទាំងអស់ ក៏ត្រូវបន្ដចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំសង្កាត់ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល ខណៈភ្នាក់ងារសន្ដិសុខឯកជន គឺជាកម្លាំងជំនួយដ៏សំខាន់ដល់អាជ្ញាធរមានសមត្ថកិច្ច។
បន្ថែមពីនេះ លោកក៏បានស្នើភ្នាក់ងារសន្តិសុខឯកជន ត្រូវមានឥរិយាបថសមរម្យក្នុងការចូលរួមធ្វើការងារ ដោយប្រកាន់យកអ្វីដែលជាការត្រឹមត្រូវក្រោយទទួលការបណ្ដុះបណ្ដាល គោរពឲ្យបាននូវលក្ខណៈសម្បត្តិជាភ្នាក់ងារសន្តិសុខឯកជន ត្រូវមានវិន័យ, ក្រមសីលធម៌, ប្រើប្រាស់ឯកសណ្ឋានសន្តិសុខឯកជន និងសម្ភារៈបំពាក់ឲ្យបានគ្រប់គ្រាន់។ លើសពីនេះ សិក្ខាកាមទាំងអស់ ត្រូវយកចំណេះដឹងដែលទទួលបានពីការសិក្សានេះទៅអនុវត្ត និងបន្តពង្រីកចំណេះដឹង ភាពឆ្លាតវៃ ភាពឆ្នៃប្រឌិត និងមានភាពទទួលខុសត្រូវខ្ពស់ក្នុងការបំពេញតួនាទីរបស់ខ្លួន។
ដោយឡែក នាយកក្រុមហ៊ុនផ្ដល់សេវាសន្តិសុខឯកជន និងគ្រឹះស្ថាននានា (បន្តចូលរួមគាំទ្រវគ្គបណ្ដុះបណ្ដាល) ដោយបញ្ជូនភ្នាក់ងារសន្តិសុខឯកជនមកចូលរួមវគ្គសិក្សា និងជំរុញឲ្យក្រុមហ៊ុនផ្ដល់សេវាសន្តិសុខឯកជន និងសហគ្រាស គ្រឹះស្ថាន ត្រូវគិតគូរអំពីការស្នើសុំប័ណ្ណបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ដល់ភ្នាក់ងាររបស់ខ្លួនដែលពុំទាន់មាន ដើម្បីទទួលបានការគាំពារពីរាជរដ្ឋាភិបាល។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា វគ្គបំប៉នជំនាញភ្នាក់ងារសន្តិសុខឯកជន លើកទី៨២ ប្រព្រឹត្តទៅចំនួន២ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ ដែលសិក្ខាកាមចំនួន១៤៧នាក់ (ស្រី៦នាក់) ក្នុងនោះ នាយនគរបាល នៃនាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន ចំនួន១នាក់, ភ្នាក់ងារសន្តិសុខឯកជនផ្តល់សេវាកម្ម ចំនួន៩៧នាក់ (ស្រី៥នាក់) មកពី៨៤ក្រុមហ៊ុន និងភ្នាក់ងារសន្តិសុខឯកជនមិនបម្រើសេវាកម្ម ចំនួន៤៩នាក់ (ស្រី១នាក់) មកពី២០សហគ្រាសគ្រឹះស្ថាន។
បើតាមលោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី, បច្ចុប្បន្ននេះការបើកវគ្គបំប៉នជំនាញភ្នាក់ងារសន្តិសុខឯកជន សរុប៨២លើក ដែលមានសិក្ខាកាមជាភ្នាក់ងារសន្តិសុខឯកជន ចំនួន១៣,៦៨៣នាក់ (ស្រី៣២៣នាក់) និងសិក្ខាកាមជានគរបាលជាតិ ចំនួន៣១៤នាក់ (ស្រី ៣៥នាក់)។
កិច្ចការបើកវគ្គបំប៉នជំនាញនេះ ក្នុងគោលបំណងដើម្បីឆ្លើយតបទៅនឹងតម្រូវការ នៃការបង្កើនសមត្ថភាព ដើម្បីក្លាយខ្លួនជាភ្នាក់ងារសន្តិសុខឯកជនដែលមានជំនាញ និងលក្ខណៈសម្បត្តិគ្រប់គ្រាន់ សម្រាប់ការចូលរួមចំណែកក្នុងសកម្មភាពថែរក្សា និងការពារស្ថេរភាព សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងអាយុជីវិតរបស់ប្រជាពលរដ្ឋ ព្រមទាំងលើកកម្ពស់គោលនយោបាយភូមិ-ឃុំ សង្កាត់ មានសុវត្ថិភាពឲ្យបានល្អប្រសើរ៕






















