ថ្នាក់ដឹកនាំសាលា និងសហគ្រិនអប់រំជាង១០០នាក់ ពិភាក្សាគ្នាពីគន្លឹះជំរុញវិស័យអប់រំនៅកម្ពុជាឱ្យកាន់តែរីកចម្រើនក្នុងយុគសម័យថ្មី
21-01-2026 07:48
(ភ្នំពេញ)៖ ថ្នាក់ដឹកនាំសាលា និងសហគ្រិនអប់រំជាង ១០០នាក់ ដែលមកពីសាលារដ្ឋ និងឯកជន បានមកជួបជុំគ្នា ពិភាក្សាលើគន្លឹះ ជំរុញវិស័យអប់រំនៅកម្ពុជាឱ្យកាន់តែរីកចម្រើន តាមរយៈការពង្រឹងសមត្ថភាពដឹកនាំ និងសហគ្រិនភាព ព្រមទាំងក្រេបយកយុទ្ធសាស្រ្តឆ្លើយតបទៅនឹងការផ្លាស់ប្តូរនៃសម័យកាល ក៏ដូចជាចែករំលែកគន្លឹះគ្រប់គ្រងសាលាឱ្យមានប្រសិទ្ធភាព និងចីរភាព។
ថ្លែងក្នុងសិក្ខាសាលាពិសេសក្រោមប្រធានបទ «ការអភិវឌ្ឍសមត្ថភាពសហគ្រិនអប់រំ និងនាយកសាលាឯកជន សម្រាប់កម្ពុជានាពេលបច្ចុប្បន្ន និងអនាគត» នាថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦នេះ ធម្មទានាចារ្យ កឹម អឿន នាយកប្រតិបត្តិ វិទ្យាស្ថាន ស៊ីអ៊ីអូ មានប្រសាសន៍ថា ចំណេះដឹង និងបទពិសោធន៍ក្នុងថ្ងៃនេះ នឹងក្លាយជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការជំរុញវិស័យអប់រំនៅកម្ពុជាឱ្យកាន់តែរីកចម្រើន និងជំរុញឱ្យថ្នាក់ដឹកនាំស្ថាប័នពង្រឹងសមត្ថភាពគ្រប់គ្រងរបស់ខ្លូនឱ្យកាន់តែខ្លាំង ខណៈបច្ចុប្បន្ននេះ ការអប់រំរបស់យើងនៅមានកម្រិតនៅឡើយ។
លោកកត់សម្គាស់ថា អ្វីដែលសហគ្រិនអប់រំនៅកម្ពុជានៅខ្វះខាត គឺការរួបរួមគ្នា និងមិនទាន់មានស្តង់ដារអប់រំច្បាស់លាស់។ ដូច្នេះហើយ ថ្នាក់ដឹកនាំសាលាក៏ដូចជា សហគ្រិនអប់រំត្រូវពង្រឹងចំណុចទាំងអស់នេះ និងត្រូវសមត្ថភាពដឹកនាំរបស់ខ្លួនឱ្យកាន់តែខ្លាំង តាមរយៈ ការរៀនសូត្រ វឹកហាត់បន្ថែម។
លោកបណ្ឌិត អោម សេងបូរ៉ា ស្ថាបនិកវិទ្យាស្ថាន ស៊ីអ៊ីអូ បានលើកឡើងថា ដើម្បីជំរុញវិស័យអប់រំនៅកម្ពុជាកាន់តែខ្លាំង លោក លើកទឹកចិត្តសហគ្រិនអប់រំ ត្រូវរួបរួមគ្នា ចៀសវាងការប្រកួតប្រជែងគ្នា ដើម្បីធ្វើឱ្យកូនសិស្សកាន់តែខ្លាំង។ លើសពីនេះ ត្រូវបង្កើតស្តង់ដារអប់រំក្នុងស្រុករួមមួយឱ្យច្បាស់លាស់ អនុវត្តឱ្យមានប្រសិទ្ធភាព ឱ្យកាន់តែខ្លាំង និងមានគុណភាពខ្ពស់ ដែលជាការរួមចំណែកកសាងចំណុចខ្លាំងរបស់កម្ពុជា និងងាយក្នុងការពង្រីកខ្លួនកាន់តែធំ។ ទន្ទឹមគ្នានេះ ថ្នាក់ដឹកនាំសាលា និងគ្រូ ត្រូវតែពង្រឹងសមត្ថភាព ដើម្បីអាចបង្រៀនសិស្សឱ្យមានគុណភាព និងសមត្ថភាពខ្ពស់។
លោក ពឹង គិមឆេន អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ទាល់តែអ្នកគ្រប់គ្រង និងគ្រូខ្លាំង នោះទើបអាចបង្កើតឱ្យមានសិស្សខ្លាំងបានដែរ។ ដូចនេះហើយក្នុងបរិបទនៃវិស័យអប់រំ ជាពិសេសសាលាឯកជន ការរួបរួមគឺជាផ្នែកដ៏សំខាន់ជំរុញឱ្យស្ថាប័នកាន់តែខ្លាំង ពោលគឺម្ចាស់សាលា និងអ្នកគ្រប់គ្រង ត្រូវតែមានរួបរួមគ្នា បើភាគីទាំងពីរមិនរួបរួមគ្នា នោះមិនអាចធ្វើឱ្យអង្គភាពខ្លាំងបានឡើយ។
លោកបណ្ឌិត ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យវ៉ាន់ដា មានប្រសាសន៍ដែរថា ក្រុមប្រឹក្សាភិបាល អ្នកគ្រប់គ្រង ត្រូវរៀបចំយុទ្ធសាស្រ្ត និងប្តេជ្ញាអនុវត្តឱ្យប្រសិទ្ធិភាព និងជៀសចៀសការលំអៀង ឬអំពើពុករលួយនៅក្នុងស្ថាប័ន។ លោកបញ្ជាក់ថា សវនកម្មផ្ទៃក្នុង ពិតជាដើរតួនាទីយ៉ាងសំខាន់ណាស់ ក្នុងការតាមដាន និងត្រួតពិនិត្យ ព្រមទាំងកែលម្អឱ្យកាន់តែប្រសើរ៕

















