មន្ដ្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ណែនាំមន្ដ្រីចុះពិនិត្យមើលការផ្ដល់សេវាអត្តសញ្ញាណកម្មជូនប្រជាពលរដ្ឋ ជាពិសេសពលរដ្ឋខ្មែរ ដែលទើបវិលត្រលប់មកពីប្រទេសថៃ

21-01-2026 22:28

(ភ្នំពេញ)៖ លោក ប៉ាវ ហម ផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលបន្ទុកអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម តំណាងលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំដល់រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ទូទាំងប្រទេស ត្រូវចុះពិនិត្យមើលការផ្ដល់សេវាអត្តសញ្ញាណកម្ម ជូនប្រជាពលរដ្ឋប្រកបដោយការទទួលខុសត្រូវខ្ពស់ ធ្វើយ៉ាងណាផ្តល់ភាពងាយស្រួលលើការស្នើសុំសេវាអត្តសញ្ញាណកម្មទាំងអស់ ដែលស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និងការផ្ដល់ឯកសារបញ្ជាក់អត្តសញ្ញាណជូន ប្រជាពលរដ្ឋខ្មែរទូទៅ និងប្រជាពលរដ្ឋខ្មែរដែលទើបវិលត្រលប់មកពីប្រទេសថៃ ស្របតាមសេចក្ដីណែនាំរបស់ក្រសួងមហាផ្ទៃ។

ការណែនាំនេះ ធ្វើឡើងនៅក្នុងពិធីបិទសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងមហាផ្ទៃ។

លោករដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានថ្លែងថា ការជំរុញការកែតម្រូវទិន្នន័យ និងមោឃភាពបញ្ជីអត្រានុកូលដ្ឋានតាមប្រព័ន្ធអេឡិចត្រូនិក ត្រូវបានពង្រីកទៅគ្រប់រដ្ឋបាលក្រុង ស្រុក ខណ្ឌ រដ្ឋបាលរាជធានី ខេត្ត តាមផែនការដែល គ្រោងទុកដើម្បីផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព និងឆាប់រហ័ស។

ដូច្នេះលោកស្នើឲ្យរដ្ឋបាលរាជធានី ខេត្តទាំងអស់ ត្រៀមបេក្ខភាពជាគ្រូបង្គោលរបស់ខ្លួន ដើម្បីទទួលយកការបណ្តុះបណ្តាល និងភាពជាម្ចាស់ទៅលើការងារសម្រាប់ដាក់ដំណើរការប្រព័ន្ធចុះបញ្ជីអត្រានុកូលដ្ឋាននាពេលខាងមុខនេះ។

លោកបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ បានតម្កល់ឆន្ទៈផ្នែកនយោបាយយ៉ាងរឹងមាំក្នុងការបន្តជំរុញ និងពង្រឹងការអនុវត្តកំណែទម្រង់ការងារអត្តសញ្ញាណកម្មនេះ ពោលគឺទាំងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលសម្រាប់ការ កសាង និងការការពារមាតុភូមិ (២០២៣-២០២៨) និងទាំងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ បានផ្តល់អាទិភាពលើការបន្តជំរុញ និងពង្រឹងការអនុវត្តផែនការយុទ្ធសាស្ត ជាតិស្ដីពីអត្តសញ្ញាណកម្ម។

ក្នុងនោះមាន ទី១៖ការបង្កើតឲ្យមានមជ្ឈមណ្ឌលជាតិគ្រប់គ្រង អត្តសញ្ញាណប្រជាជន, ទី២៖ការចុះបញ្ជីអត្រានុកូលដ្ឋានតាមប្រព័ន្ធអនឡាញពីថ្នាក់មូលដ្ឋានឃុំ សង្កាត់ និងទី៣៖ការរៀបចំដាក់ឲ្យប្រើប្រាស់លេខកូដសម្គាល់អត្តសញ្ញាណបុគ្គល (UIC) ដែលជាលេខកូដសម្គាល់ខ្លួនសម្រាប់បុគ្គលគ្រប់រូបប្រើប្រាស់ពេញមួយជីវិត គឺជាកិច្ចការអាទិភាព ដែលត្រួសត្រាយផ្លូវ ក្នុងការលើកកម្ពស់ប្រសិទ្ធភាពនៃការផ្តល់សេវាអត្តសញ្ញាណកម្មជូនប្រជាពលរដ្ឋឲ្យកាន់តែងាយស្រួល និងកាន់តែឆាប់រហ័ស ប្រកបដោយសុក្រឹតភាពខ្ពស់។

សូមជម្រាបថា ក្នុងក្របខណ្ឌនៃកំណែទម្រង់ការងារអត្តសញ្ញាណកម្មសម្រាប់រយៈពេលវែង រាជរដ្ឋាភិបាល កម្ពុជាបានដាក់ចេញនូវផែនការយុទ្ធសាស្ត្រជាតិស្តីពីអត្តសញ្ញាណកម្មរយៈពេល១០ឆ្នាំ (២០១៧-២០២៦) ដើម្បីពង្រឹងប្រព័ន្ធចុះបញ្ជីអត្រានុកូលដ្ឋាន និងប្រព័ន្ធគ្រប់គ្រងអត្តសញ្ញាណកម្មជាតិ សំដៅសម្រេចឲ្យបានគោលដៅ «បុគ្គលគ្រប់រូបត្រូវបានចុះបញ្ជី» និង «មនុស្ស ម្នាក់អត្តសញ្ញាណតែមួយ»៕