ពលរដ្ឋខ្មែរម្នាក់ទៀត ដែលយោធាថៃចាប់ ទើបត្រូវបានដោះលែងត្រឡប់មកស្រុកកំណើតវិញ កំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យមិត្តភាព-កម្ពុជាជប៉ុន
21-01-2026 22:40
(បន្ទាយមានជ័យ)៖ លោកអ៊ុំ ប៉ុក សារុំ អាយុ ៦៤ឆ្នាំ ជាប្រជាពលរដ្ឋខ្មែរ មានទីលំនៅភូមិបន្ទាយមានឬទ្ធិ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ត្រូវបានទាហានថៃចាប់ខ្លួន កាលពីថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០២៥ ហើយទើបបញ្ជូនត្រឡប់វិញនៅថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២៦ ពេលនេះលោកកំពុងសំរាកព្យាបាលជំងឺនៅមន្ទីរពេទ្យមិត្តភាព-កម្ពុជាជប៉ុន ស្រុកមង្គលបូរី ។
នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ លោកឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានចាត់លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរៈ ស្នងការរង ផែនការងារសេនាធិការ លោកឧត្តមសេនីយ៍ត្រី ប៊ុន ផេង ស្នងការរងផែនការងារ អាវុធគ្រឿងផ្ទុះអគ្គីភ័យ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នគរបាលជាតិ មានថវិកា ភេសជ្ជៈ សួរសុខទុក្ខលោកអ៊ុំ ប៉ុក សារុំ។
លោកឧត្តមសេនីយ៍ត្រី ស្នងការរង តំណាងលោកឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ក៏បានពាំនាំការសួរសុខទុក្ខពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នគរបាលជាតិ ជូនដល់លោកអ៊ុំ ប៉ុក សារុំ និងជូនពរលោកអ៊ុំសូមឱ្យឆាប់ជាសះស្បេីយ និងមានសុខភាពល្អមាំមួនឡើងវិញ ដើម្បីអាចត្រឡប់ទៅលំនៅដ្ឋានវិញ។
ជាមួយគ្នានេះ ក្នុងនាមស្នងការដ្ឋាននគរបាលខេត្ត ក៏សូមថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យ និងបុគ្គលិកសុខាភិបាលទាំងអស់ដែលបានសហការ ក្នុងការជួយសម្របសម្រួលដឹកជញ្ជូន និងព្យាបាលបងប្អូនប្រជាពលរដ្ឋយ៉ាងយកចិត្តទុកដាក់ និងបានល្អ ។
ជាមួយគ្នានោះ លោកអ៊ុំ ប៉ុក សារុំ សូមគោរពជូនពរដល់គ្រប់ថ្នាក់ដឹកនាំទាំងអស់ តែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ សូម ទទួលបានសុខភាពល្អបរិបូរណ៍ កម្លាំងកាយមាំមួន បញ្ញាញាណភ្លឺថ្លា ជន្មាយុយឺនយូរ និងសម្រេចបានជោគជ័យ នូវបេសកកម្មដ៏ឧត្តុង្គឧត្តម ក្នុងកិច្ចការ ការពារបូរណភាពទឹកដី និងរក្សាការពារ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម និងសូមប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕








