រដ្ឋបាលខេត្តព្រៃវែង រៀបចំពិធីបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦
22-01-2026 10:20
(ព្រៃវែង)៖ លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង នៅព្រឹកថ្ងៃទី២២ ខែមករាឆ្នាំ២០២៦ អញ្ជើញរៀបចំពិធីបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តព្រៃវែង។
លោក សួន សុម៉ាលីន បានលើកឡើងថាសន្និបាតថ្ងៃនេះ ប្រព្រឹត្តទៅក្នុងគោលបំណងចំនួន០៣ ដូចខាងក្រោម៖
ទី១- ពិនិត្យផ្តល់យោបល់បំពេញបន្ថែមលើសេចក្តីព្រាងរបាយការណ៍លទ្ធផលការងារឆ្នាំ២០២៥
ទី២- វាយតម្លៃនូវចំណុចខ្លាំង ចំណុចខ្សោយ និងកត្តាពាក់ព័ន្ធនានា ដើម្បីដកស្រង់បទពិសោធន៍ ក្នុងការដឹកនាំ និងអនុវត្តបន្ត។
ទី៣- លើកឡើងនូវបញ្ហាប្រឈម ដំណោះស្រាយគ្រប់បណ្តាវិស័យទាំងអស់ ព្រមទាំងលទ្ធផលនៃការដោះ ស្រាយបញ្ហានានា និងការឆ្លើយតបចំពោះបញ្ហាប្រឈមទាំងនោះ ដើម្បីដាក់ចេញជាសកម្មភាពបន្ថែមសម្រាប់បញ្ចូល ក្នុងទិសដៅអនុវត្តការងារឆ្នាំ២០២៦ ប្រកបដោយប្រសិទ្ធភាព ។
ដូចរបៀបវារៈក្នុងអង្គសន្និបាតដែលបានគ្រោងទុក និងដើម្បីឆ្លើយតបទៅនឹងគោលបំណងទាំងបីខាងលើនេះ លោកភិបាលខេត្តសំណូមពរដល់លោក លោកស្រី មេត្តាយកចិត្តទុកដាក់លើចំណុចមួយចំនួន ដូចខាងក្រោម៖
១- សូមឲ្យមានការចូលរួមមតិយោបល់បំពេញបន្ថែមចំណុចខ្វះចន្លោះនានា ក្នុងសេចក្តីព្រាងរបាយការណ៍ដែល បានរៀបចំឡើងប្រចាំឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តព្រៃវែង សំដៅឲ្យក្លាយជាមូលដ្ឋានឯកសារជាក់ស្តែង។
២- ចំពោះបទអន្តរាគមន៍របស់មន្ទីរ អង្គភាព និងរដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ព្រមទាំងមានកិច្ច ពិភាក្សាក្រុម ត្រូវផ្តោតសំខាន់ទៅលើសមិទ្ធផលដែលសម្រេចបាន និងបទពិសោធន៍នៃការអនុវត្តការងារ កន្លងមក បញ្ហាប្រឈម មូលហេតុនៃបញ្ហានានា និងវិធានការដោះស្រាយល្អៗ ដើម្បីរួមគ្នាដាក់ចេញនូវ ផែនការ អនុវត្តបន្តឲ្យបានទទួលជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់។
អភិបាលខេត្តបានគូសបញ្ជាក់ថា តាមរយៈអង្គសន្និបាតនាឱកាសនេះ រដ្ឋបាលខេត្តយើងនឹងទទួលបាននូវមេរៀនបទពិសោធន៍ និងចំណុចគន្លឹះសំខាន់ៗថែមទៀត ដើម្បីជួយដល់ការដឹកនាំ និងការអនុវត្តការងារឲ្យទទួលបានជោគជ័យសម្រាប់ឆ្នាំ ២០២៦ ប្រកបដោយ គុណភាព និងប្រសិទ្ធភាព ស្របតាមគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា៕











