រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តក្រចេះ
22-01-2026 03:38
(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីភាពបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តក្រចេះ។
ពិធីនេះមានការចូលរួមពីសំណាក់លោកបណ្ឌិត ស៊ាង ប៊ុនលាង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ, សមាជិក សមាជិកាក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត និងប្រធានក្រុម ការ ងារ រាជរដ្ឋាភិបាល ចុះ មូ ល ដ្ឋានក្រុង ស្រុក នៃខេត្តក្រចេះជាច្រើនរូបផងដែរ។
តាមរយៈសេចក្តីរាយការណ៍ដោយសង្ខេបអំពីលទ្ធផលពិភាក្សាក្នុងអង្គសន្និបាតរបស់អភិបាលខេត្ត, រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានកត់សំគាល់ឃើញថាអង្គសន្និបាតបានធ្វើការពិនិត្យ ពិភាក្សាយ៉ាងផុលផុស និងបានផ្តល់នូវធាតុចូលជាច្រើនលើការងារជាអាទិភាពរបស់រដ្ឋបាលខេត្ត ដែលបានឆ្លុះបញ្ចាំងនូវសមិទ្ធផលការងារសំខាន់ៗដែលសម្រេចបាន និងរិះរកនូវមធ្យោបាយ វិធីសាស្ត្រ និងវិធានការនានាក្នុងការបន្តលើកកម្ពស់ការគ្រប់គ្រងរដ្ឋបាល ការអភិវឌ្ឍមូលដ្ឋាន ការផ្តល់សេវាសាធារណៈ ការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក្នុងនាមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា, រដ្ឋមន្ត្រី នេត្រ ភក្ត្រា សម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់នៃខេត្តក្រចេះ ដែលបានលះបង់កម្លាំងកាយចិត្តដោយមិនខ្លាចនឿយហត់នៅក្នុងកាតព្វកិច្ចបម្រើជាតិ មាតុភូមិ និងការខិតខំប្រឹងប្រែងបំពញតួនាទី ភារកិច្ចរបស់ខ្លួនបានល្អប្រសើរ ជាពិសេសខិតខំពុះពារជំនះនូវឧបសគ្គ និងការលំបាក រហូតសម្រេចបាននូវសមិទ្ធផលនានាជាច្រើនដូចដែលមានឆ្លុះបញ្ចាំងនៅក្នុងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តក្រចេះ។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា សមិទ្ធផល និងស្នាដៃដែលសម្រេចបាននេះ ពិតជាបានធ្វើឱ្យខេត្តក្រចេះ មានការប្រែមុខមាត់ថ្មីនិងកាន់តែមានការអភិវឌ្ឍជឿនលឿនទៅមុខ និងចូលរួមចំណែកយ៉ាងសំខាន់ធ្វើឱ្យប្រទេសជាតិកាន់តែមានការអភិវឌ្ឍរីកចម្រើនបន្ថែមទៀត ជាមួយនឹងការធានាបានយ៉ាងល្អប្រសើរនូវស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈសុវត្ថិភាពសង្គម ដំណើរការលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងដំណើរការជាប្រក្រតីភាពនូវសកម្មភាពសេដ្ឋកិច្ច សង្គម ពាណិជ្ជកម្មទេសចរណ៍ និងការវិនិយោគ។
យោងតាមរបាយការណ៍របស់លោក វ៉ា ថន អភិបាលខេត្តក្រចេះ បានឱ្យដឹងថា រយៈពេល១ឆ្នាំ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ទីរ-អង្គភាពជុំវិញខេត្ត មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងអ្នកពាក់ព័ន្ធ ដែល បានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី សាមគ្គីគ្នាបានយ៉ាងល្អប្រសើរ នៅក្នុងការ បំពេញ តួនាទី ភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់នាំឱ្យសម្រេចបាននូវសមិទ្ធផលជាច្រើនជូនប្រជាពលរដ្ឋក្នុងខេត្ត។ ទន្ទឹមនេះអង្គសន្និបាតបានសម្ដែងនូវការអបអរសាទរ និងគាំទ្រយ៉ាងពេញទំហឹងរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ប្រកបដោយគតិបណ្ឌិត ថាមពល និងភាពស្វាហាប់ ម៉ត់ចត់ ដោយការពារបាននូវបូរណភាពទឹកដី និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ព្រមជាមួយនឹងការកសាងសមិទ្ធផលសំខាន់ៗ ជាប្រវត្តិសាស្រ្ត និងសមិទ្ធផលរបស់រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ដែលកំពុងរីកលូតលាស់នៅតាម មូលដ្ឋានដោយប្ដេជ្ញាថែរក្សា និងការពាររាល់សមិទ្ធផលសម្រេចបានឱ្យបានគង់វង្ស។
លោកបានបន្ថែមថា ទន្ទឹមនឹងលទ្ធផលការងារដែលរដ្ឋបាលខេត្តខិតខំប្រឹងប្រែងសម្រេចបានជាច្រើននៅក្នុងឆ្នាំ២០២៥ ក៏នៅមានបញ្ហាប្រឈមមួយចំនួន ដោយរដ្ឋបាលខេត្តបានរៀបចំនូវក្រុមពិភាក្សាដែលមានការចូលរួម ពីគ្រប់សមាសភាពពាក់ព័ន្ធ ដើម្បីត្រួតពិនិត្យលើវឌ្ឍនភាព បញ្ហាប្រឈម ដំណោះស្រាយ និងសំណូមពរលើប្រធាន បទពិភាក្សាទាំង៦ សម្រាប់ប្រមូលធាតុចូលសំខាន់ៗ សម្រាប់កំណត់នូវទិស ដៅការងារ បន្តឆ្នាំ២០២៦ និងការចូលរួម អនុវត្តតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។
វឌ្ឍនភាពនៃការអនុវត្តគោលនយោបាយ «ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព» ការអនុគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ក្នុងឆ្នាំ២០២៥ បានផ្សព្វផ្សាយខ្លឹមសារផែនការណែនាំ និងលក្ខណៈ សម្បតិ្ត ទាំង ៧យ៉ាង នៃគោលនយោបាយ «ភូមិ- ឃុំ-សង្កាត់ មានសុវត្ថិភាព» ចំនួន ៩.៤៤៣លើកអ្នកចូលរួមសរុ ប ១៧១.៦៧៥នាក់ ស្រី ៨៥.៨៣៩នាក់។ ការបង្រ្កាបបទល្មើស មានការថយចុះក្នុងនោះបទល្មើសព្រហ្មទណ្ឌបង្រ្កាបបាន ចំនួន ៤៤លើក និងបទល្មើស គ្រឿងញៀនចំនួន ១៤៣លើក ល្បែងស៊ីសងខុសច្បាប់ចំនួន ៤៦ លើកការបង្រ្កាបក្មេងទំនើង បានចំនួន៣៨ លើក។
បទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (ONLINE SCAM S) បង្រ្កាបបានចំនួន ១លើក ឃាត់ខ្លួនជនបរទេសសរុបចំនួន ៣១១ នាក់ ស្រី ៦១នាក់ ស្មើនឹង ៧សញ្ជាតិ។ ការផ្ដល់សេវាសាធារណៈ និងសេវារដ្ឋបាលនានាជូន ប្រជាពលរដ្ឋកាន់ តែមានភាពឆាប់រហ័ស និងមានប្រសិទ្ធភាព រីឯការដោះស្រាយសំណើ សំណូមពរ និងបញ្ហាប្រឈមនានានៅតាមមូលដ្ឋាន ត្រូវបានយកចិត្តទុកដាក់ដោះស្រាយតាមរយៈការចុះធ្វើវេទិកាសាធារណៈនៅតាមមូលដ្ឋានដែលរៀបចំឡើងដោយរដ្ឋបាលថ្នាក់ ក្រោមជាតិ និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន។
សម្ភារចាំបាច់នានាសំដៅកាត់បន្ថយ និងឈាន ទៅលុបបំបាត់ទាំងស្រុងនូវបទល្មើសនៅទូទាំងខេត្ត។ ជាមួយគ្នានេះអង្គសន្និបាត បានប្ដេជ្ញា យ៉ាងមុតមាំក្នុងការទប់ស្កាត់ និងបង្រ្កាបល្បែងស៊ីសងខុសច្បាប់ ល្បែងអនឡាញ និងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (ONLINE SCAMS)គ្រប់ទម្រង់ដើម្បីលុបបំបាត់មិនឱ្យមាននៅក្នុងខេត្ត។
ចំពោះវឌ្ឍនភាព នៃការពង្រឹងគុណភាពសេវាសុខាភិបាល ក្រោមការដាក់ចេញនូវកម្មវិធីកំណែទម្រង់របស់រាជរដ្ឋាភិបាល និងការយក ចិត្តទុកដាក់របស់រដ្ឋបាលខេត្ត បានបង្កើននូវទំនុកចិត្ត និងដោះស្រាយនូវរាល់ការលំបាករបស់ប្រជាពលរដ្ឋ ដែលមកទទួលសេវា ត្រូវបានកាត់បន្ថយ ដូចជាពេលវេលា ការចំណាយថវិកា ការយកចិត្តទុកដាក់ពិនិត្យ ថែទាំអ្នកជំងឺ និងការចេញថ្លៃសេវាព្យាបាលជំនួសពីរាជរដ្ឋាភិបាល តាមរយៈបណ្ណមូល និធិសមធម៌ រួមជាមួយនឹងការឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីក្រីក្រ មានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ។
ជាលទ្ធផលក្នុងឆ្នាំ២០២៥នេះ អ្នកជំងឺចូលសម្រាកមន្ទីរពេទ្យ មានចំនួន ៤១.៧១៩នាក់ និងអ្នកជំងឺមក ពិគ្រោះចំនួន២១៨.០៦៩នាក់ ព្រមទាំងការផ្ដល់សេវាសុខាភិបាលផ្សេងៗ ទៀតកាន់តែល្អប្រសើរ ឡើងដោយទទួល បានការសាទរ និងគាំទ្រពីប្រជាពលរដ្ឋ។
ការប្រលងប្រណាំងអង្គភាពផ្តល់សេវាសាធារណៈគំរូវិស័យក្នុងវិស័យសុខាភិបាល មណ្ឌលសុខភាពថ្មគ្រែ ជាប់ចំណាត់ថ្នាក់លេខ៦ ឆ្នាំ២០២៣ មន្ទីរពេទ្យបង្អែក ខេត្តជាប់ចំណាត់ថ្នាក់លេខ៥ ជាមន្ទីរពេទ្យកម្រិតបីក្នុងឆ្នាំ២០២៤ មន្ទីរពេទ្យបង្អែកស្នួល បានទទួលជ័យលាភី លើគម្រោងនវានុវត្តន៍ «ផ្លូវបេតុងមានដំបូលភ្ជាប់ពី អគារមួយទៅ អគារមួយ» និងឆ្នាំ២០២៥ មន្ទីរពេទ្យបង្អែកខេត្តទទួលជ័យលាភីគម្រោងនវានុវត្តន៍ «ការលើកកម្ពស់សេវាកម្ម ផ្នែកជួរមុខ»។
ការពង្រឹងការអនុវត្តមុខងារអប់រំ នៃរដ្ឋបាលក្រុង ស្រុករាជរដ្ឋាភិបាលបានធ្វើការកែទម្រង់ស៊ីជម្រៅ និងជាប្រវត្តិសាស្ត្រតាមរយៈការផ្ទេរមុខងារ និងធនធានដល់រដ្ឋបាលថ្នាក់ក្រោមជាតិជាពិសេសរដ្ឋបាលក្រុង ស្រុក ដែលជារដ្ឋបាល មូលដ្ឋាន ក្នុងការ បង្ខិតការធ្វើសេចក្តីសម្រេចចិត្តក្នុងការដឹកនាំគ្រប់គ្រងការចាត់ចែង និងការ ផ្តល់សេវាសាធារណៈ និងសេវារដ្ឋបាលឱ្យទៅកៀកជិតនឹងប្រជាពលរដ្ឋ ដើម្បីឱ្យរដ្ឋបាល ក្រុង ស្រុក ក្លាយជារដ្ឋបាលមូលដ្ឋានស្របតាម គោលការណ៍នៃរដ្ឋបាល ឯកភាព និងមានសមត្ថភាពសមស្រប ក្នុងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋានតាមតម្រូវការរបស់ប្រជាពលរដ្ឋ៕







































