នាយកសាលាបឋមសិក្សាបន្ទាយមានឬទ្ធិ អំពាវនាវស្វែងរកសប្បុរសជន ជួយកុមារ និងគ្រូដែលភៀសសឹកពីតំបន់បឹងត្រកួន
22-01-2026 11:31
(បន្ទាយមានជ័យ)៖ លោក ណឹម ឈាង នាយកសាលាបឋមសិក្សាបន្ទាយមានឬទ្ធិ (តំបន់បឹងត្រកួន) បានបន្តអំពាវនាវដល់សប្បុរសជន និងអ្នកមានចិត្តមនុស្សធម៌ទាំងអស់ ឲ្យជួយឧបត្ថម្ភដល់កុមារ សិស្ស និងលោកគ្រូអ្នកគ្រូ ដែលបានភៀសសឹកចេញពីតំបន់បឹងត្រកួន ដើម្បីឲ្យការសិក្សារបស់កុមារបន្តទៅមុខបាន ទោះបីស្ថិតក្នុងស្ថានភាពលំបាកយ៉ាងណាក្ដី។
ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ លោក ណឹម ឈាង បានលើកឡើងថា «ខ្ញុំសង្ឃឹមថា នឹងមានសប្បុរសជនជួយគៀគរស្វែងរកសប្បុរសជន ដើម្បីឧប្ថត្ភឲ្យកុមារនៅតំបន់នេះ ឲ្យបានរៀនសូត្រ និងកុមារបានសិក្សាគ្រប់គ្រាន់ដល់ពួកគាត់ជាមួយលោកគ្រូអ្នកគ្រូផងដែរ។ ហើយផ្ទះសម្បែងរបស់លោកគ្រូអ្នកគ្រូត្រូវបានយោធាថៃហ៊ុមព័ទ្ធផងដែរ ហើយឥឡូវនេះលោកគ្រូ អ្នកគ្រូបានស្នាក់នៅតង់ខាងក្រោយ រួចមកបង្រៀនសិស្សនៅទីនេះ ធ្វើឲ្យគាត់មានការលំបាកផងដែរ»។
លោកបានបន្ថែមថា ពីមួយថ្ងៃទៅមួយថ្ងៃមានអង្គការ និងអាជ្ញាធរពាក់ព័ន្ធបានមកជួយរួមមាន អណ្ដូងស្នប់ បង្កើតតង់ថ្មី ប្រព័ន្ធទឹក តែទោះជាយ៉ាងនេះក៏ដោយក៍នៅតែមានការខ្វះខាតទៅដល់ សិស្សានុសិស្ស ដូចជា សម្លៀកបំពាក់ លោកគ្រូ អ្នកគ្រូ មួយចំនួនខ្លះមកបានតែខ្លួន មកតែអាវមួយកំប្លេទេ ព្រោះការផ្ទុះអាវុធនេះ គឺមិនបានត្រៀមទុកមុននោះទេ ហើយពួកគាត់ចាកចេញពីលំនៅដ្ឋានដោយមិនបាននាំយកអ្វីមកទាំងអស់។
នាយកសាលាបឋមសិក្សាបន្ទាយមានឬទ្ធិ (តំបន់បឹងត្រកួន) បានបញ្ជាក់ថា ចំនួនសិស្សកាលដើមឆ្នាំមានចំនួន ៩១៦នាក់ តែភូមិដែលបានហ៊ុមព័ទ្ធដោយយោធាថៃនោះ គឺមាន៤ភូមិ ហើយ២ភូមិទៀត សិស្សមិនបានមករៀននៅទីនេះទេ។
លោកបន្តថា ចំនួននេះសម្រាប់តែសាលាបឋមសិក្សាបន្ទាយមានឬទ្ធិ ស្ថិតនៅតំបន់បឹងត្រកួន ដោយសារតែមានការយកចិត្តទុកដាក់ពីអាជ្ញាធរ ក៏ដូចជាមន្ទីរអប់រំ ពីក្រសួងបានផ្គត់ផ្គង់ តង់សម្រាប់បង្រៀន មានទាំងបានបង្កើតបន្ទប់ Digital ធ្វើឲ្យសិស្សនៅទីនេះមានឱកាសរៀនសូត្រ៕

















