មន្ដ្រី​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ទារុណកម្មម្នាក់ ចេញមកច្រានចោលព័ត៌មានមិនពិតដែលផ្សាយថា ខ្លួនយកឈ្មោះថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ ទៅកាងបញ្ហាដីធ្លីនៅខេត្តព្រះសីហនុ

22-01-2026 14:48

(ភ្នំពេញ)៖ លោក ភោគ វឌ្ឍនា ​អនុប្រធាន​លេខាធិការដ្ឋាន ​នៃ​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ទារុណកម្ម បានចេញមកច្រានចោលព័ត៌មានមិនពិត ដែលផ្សព្វផ្សាយដោយសារព័ត៌មាន The Cambodia Daily Khmer ខ្លួនបានយកឈ្មោះ ឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ ទៅកាងបញ្ហាដីធ្លីនៅខេត្តព្រះសីហនុ ដែលនេះគឺជាផ្សាយព័ត៌មានប្រឌិតខុសពីការពិត។

តាមរយៈសេចក្ដីបំភ្លឺដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦នេះ លោក ភោគ វឌ្ឍនា បានរៀបរាប់ថា៖

«ចំពោះបញ្ហាដីរបស់ខ្ញុំបាទ កំពុងត្រូវបានដោះស្រាយទៅតាមនីតិវិធីរបស់តុលាការជាសមត្ថកិច្ច យោងទៅលើច្បាប់ជាធរមាន ដោយគ្មានការពាក់ព័ន្ធនឹងថ្នាក់ដឹកនាំណាមួយនោះទេ។ ខ្ញុំបាទសូមបញ្ជាក់ថា ខ្ញុំបាទមិនដែលបានជួប ឬមានទំនាក់ទំនង ជាមួយនឹងឯកឧត្តម យឹម លាង ក្នុងរូបភាពណាមួយទាល់តែសោះ ហើយបញ្ហារវាងខ្ញុំបាទ និងលោកស្រី ឈឹម យ៉ាន និងលោកស្រី ឈឺ មុយទៀង ក៏មិនជាប់ពាក់ព័ន្ធជាមួយនឹងឯកឧត្តម យឹម លាង ដូចទៅនឹងការចុះផ្សាយ របស់គេហទំព័រហ្វេសប៊ុកឈ្មោះ The Cambodia Daily Khmer នោះដែរ។

ការចុះផ្សាយអត្ថបទរបស់គេហទំព័រហ្វេសប៊ុកឈ្មោះ The Cambodia Daily Khmer គឺជាការផ្សាយ ព័ត៌មានមិនពិត ដោយយោងទៅលើការអះអាងរបស់ភាគីតែម្ខាង និងបានព្យាយាមផ្សារភ្ជាប់ឈ្មោះជាមួយថ្នាក់ដឹកនាំ ដើម្បីមូលបង្កាច់ និងដាក់សម្ពាធមកលើរូបខ្ញុំយ៉ាងជាក់ច្បាស់។ ដូចនេះ ខ្ញុំបាទស្នើសុំឲ្យគេហទំព័រហ្វេសប៊ុកឈ្មោះ The Cambodia Daily Khmer ធ្វើការកែតម្រូវ អត្ថបទផ្សព្វផ្សាយរបស់ខ្លួនជាបន្ទាន់ពុំនោះទេ ខ្ញុំនឹងចាត់វិធានការដាក់ពាក្យបណ្ដឹងតាមនីតិវិធីច្បាប់ ដើម្បីការពារសិទ្ធិ ស្របច្បាប់របស់ខ្ញុំបាទ»៕