រដ្ឋបាលខេត្តកំពង់ធំ រៀបចំពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្ត បានលើកយកប្រធានបទចំនួន៥
22-01-2026 15:03
(កំពង់ធំ)៖ រដ្ឋបាលខេត្តកំពង់ធំ បានរៀបចំពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្ត ក្រោមអធិបតីភាពលោក ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្ត និងលោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ នាថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ នៅសាលប្រជុំប្រាសាទសំបូរព្រៃគុក សាលាខេត្តកំពង់ធំ។
ថ្លែងនៅក្នុងកិច្ចប្រជុំនោះដែរ លោក ដៀប ពីរី បានលើកឡើងថា អង្គសន្និបាតនេះ គឺពិតជាមានអត្ថន័យ និងជាឱកាសដ៏មានសារៈសំខាន់ ក្នុងការវាយតម្លៃនិងឆ្លុះបញ្ចាំងអំពីលទ្ធផលការងារ ដែលរដ្ឋបាលខេត្តបានខិតខំប្រឹងប្រែងសម្រេចបាន និងរួមគ្នាពិនិត្យវាយតម្លៃអំពីបញ្ហាប្រឈមដែលនៅសេសសល់ ដើម្បីជាមូលដ្ឋានក្នុងការកំណត់ទិសដៅការងារសម្រាប់អនុវត្តកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាលឲ្យ កាន់តែមានប្រសិទ្ធភាពល្អប្រសើរថែមទៀត ជាពិសេសគឺការសម្រេចឲ្យបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។
លោកបន្តថា ទោះបីប្រទេសជាតិស្ថិតក្នុងស្ថានភាពនៃវិបត្តិព្រំដែនជាមួយប្រទេសថៃក៏ដោយ ប៉ុន្តែទាំងរដ្ឋបាលខេត្ដ ក្រុងស្រុក ព្រមទាំងមន្ទីរ-អង្គភាពជុំវិញខេត្ដ នៅតែយកចិត្តទុកដាក់ ខិតខំបំពេញ ការងារតាមតួនាទី ភារកិច្ច ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ដ្ររបស់រាជរដ្ឋាភិបាល ដោយសម្រេចបានលទ្ធផលគួរជាទីមោទនៈ ធ្វើឲ្យខេត្ដកំពង់ធំមានការអភិវឌ្ឍជាបន្តបន្ទាប់។
លោក ដៀប ពីរី បន្តទៀតថា ការរៀបចំពិធីសន្និបាតនេះ ឲ្យបានមុនក្រសួងមហាផ្ទៃ ដើម្បីក្រសួងប្រមូលបាននូវធាតុចូលសំខាន់ៗ ជាពិសេសបញ្ហាប្រឈម និងបទពិសោធន៍ជាក់ស្តែងនានា សម្រាប់ជាមូលដ្ឋានក្នុងការកំណត់ទិសដៅឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
លោក នួន ផារ័ត្ន បានថ្លែងថា អង្គពិធីសន្និបាតនេះ នឹងធ្វើការបែងចែកក្រុមពិភាក្សាជា ០៥ក្រុម ដើម្បីរួមយោបល់លើ ប្រធានបទ សំខាន់ៗ ក្នុងនោះរួមមាន៖
*១. វិស័យកសិកម្ម
*២.វិស័យទេសចរណ៍
*៣.ការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ
*៤.ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ដើម្បីបង្កើតឱកាសការងារ បង្កើតមុខរបរ និងបង្កើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ
*និង៥.ការពង្រឹងអភិបាលកិច្ចអង្គភាព។
ប្រធានបទទាំង៥នេះ ត្រូវធ្វើការពិភាក្សាឲ្យ បានផុលផុសអំពីសមិទ្ធផល បញ្ហាប្រឈម និងដំណោះស្រាយ ព្រមជាមួយនឹងការផ្តល់បទពិសោធន៍ល្អៗសម្រាប់ជាមូលដ្ឋានអនុវត្តទិសដៅការងារក្នុងឆ្នាំ២០២៦ ឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត៕






























