សៀក តុន និង ងិន វេហា អ្នកដើរតាមលំអានពុទ្ធសាសនា បែរត្រូវដាច់សង្ខារទាំងវ័យក្មេង (Video inside)

22-01-2026 15:17

(ភ្នំពេញ)៖ សង្ខារធម៌​ទាំងឡាយ​មិន​ទៀង​មែនពិត មាន​កើត និងរលត់​ទៅ​វិញ​ជា​ធម្មតា។ ជាក់ស្តែង លោក សៀក តុន និងលោក ងិន វេហា សុទ្ធតែជាអ្នកដើរតាមលំអានពុទ្ធសាសនា បែរត្រូវដាច់សង្ខារទាំងវ័យក្មេងទៅវិញ គួរឲ្យសោកស្តាយជាទីបំផុត។

ក្នុងវ័យ ២១ឆ្នាំ លោក ងិន វេហា សមាជិកយុវពុទ្ធិកសមាគមកម្ពុជរដ្ឋ បានលាចាកសិក្ខាបទពីសាមណេរជាង ១ខែមកហើយ តាមបែបបទពុទ្ធសាសនា ដើម្បីបំពេញត្រៀមបួសជាភិក្ខុ នៅថ្ងៃខាមុខ។ ចំណែកឯលោក សៀក តុន ក៏ធ្លាប់បានបួសរៀននៅក្នុងសំណាក់ព្រះពុទ្ធសាសនាផងដែរ ហើយពេលសឹកមកវិញនៅបម្រើព្រះសង្ឃ ធ្វើជាពិធីការវត្ត និងជាអនុប្រធានគណៈកម្មការយុវពុទ្ធិកសមាគមកម្ពុជរដ្ឋ។

ជ្រកក្រោមម្លប់ព្រះពុទ្ធសាសនា សៀក តុន និង ងិន វេហា តែងតែប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួនតាមពុទ្ធោវាទ ហើយត្រូវបានអ្នកផងទាំងពួងដែលស្គាល់ពួកគាត់ តែងតែគោរពស្រលាញ់គ្រប់ៗគ្នា។

គួរឲ្យស្តាយ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ មច្ចុរាជបានផ្តាច់សង្ខារអ្នកទាំងពីរ នាំឲ្យនិរាសពីលោកសន្និវាស គ្មានថ្ងៃវិលវិញ។ ការស្លាប់របស់សៀក តុន និង ងិន វេហា ប្រៀបបីដូចជាការបាត់បង់ធនធានអ្នកចេះដឹងផ្នែកពុទ្ធសាសនា ចំនួន ២រូប ពីភពផែនដីនេះ។

គួរជម្រាបថា សពរបស់លោក សៀក តុន និងលោក ងិន វេហា នឹងត្រូវរៀបចំពិធីបូជាសព នៅវត្តភ្នៀតសិម្ពលី សង្កាត់ស្នោរ ខណ្ឌកំបូល នាល្ងាចម៉ោង ៦៖០០នាទី ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ ក្រោមព្រះអធិបតីភាព សម្តេចព្រះពុទ្ធជ័យមុនី បណ្ឌិត ឃឹម សន សម្តេចព្រះសង្ឃនាយកររងទី៣ នៃព្រះរាជាណាចក្រកម្ពុជា ព្រះមេគណរាជធានីភ្នំពេញ និងសម្តេចព្រះមង្គលមុនីរង្សី ហ៊ូ ឈីវនាថ ព្រះប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក និងជាព្រះបាឡាត់គណរាជធានីភ្នំពេញ៕