អ្នកនាំពាក្យក្រសួងព័ត៌មាន ច្រានគណនីតេលេក្រាមក្លែងក្លាយ ដែលប្រើប្រាស់ឈ្មោះ និងរូបភាពរដ្ឋមន្ដ្រី នេត្រ ភក្ដ្រា ក្នុងគោលដៅបោកប្រាស់អ្នកដទៃ

22-01-2026 15:28

(ភ្នំពេញ)៖ ការិយាល័យអ្នកនាំពាក្យក្រសួងព័ត៌មាន នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦នេះ បានឲ្យដឹងថា ថ្មីៗនេះមានជនខិលខូចបានប្រើប្រាស់រូបថត និងឈ្មោះរបស់លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ទៅបង្កើតជាគណនីតេឡេក្រាម និង បណ្តាញទំនាក់ទំនងសង្គមផ្សេងៗ ក្នុងចេតនាទុច្ចរិត ដើម្បីប្រព្រឹត្តទង្វើ ឬសកម្មភាពផ្ទុយពីច្បាប់ធ្វើឲ្យប៉ះពាល់ដល់កិត្តិយស សេចក្ដីថ្លៃថ្នូររបស់ក្រសួង ស្ថាប័នរដ្ឋ និងលោកផ្ទាល់។

ការិយាល័យអ្នកនាំពាក្យក្រសួងព័ត៌មាន បានច្រានចោលទាំងស្រុងនូវរាល់ព័ត៌មានក្លែងបន្លំ និងការបង្ហោះ ព័ត៌មានក្លែងក្លាយដូចក្នុងគណនីតេឡេក្រាមដែលមានឈ្មោះដូចខាងក្រោម៖ CEO NITHPHEAKTRA (@ceo_nethpheaktra), KHIEV PHEARAVUTH (@Khievphearavuthfx), CEO.NETH PHEAKTRA (@Ceo_sokhy), CEO.NETH PHEAKTRA (@Ceo_sean1)។

ការិយាល័យអ្នកនាំពាក្យ សូមអំពាវនាវដល់ជនដែលបានប្រើប្រាស់ និងបានបង្ហោះព័ត៌មានក្លែងក្លាយ នៅក្នុងគណនីតេឡេក្រាមខាងលើនេះ ឲ្យបញ្ឈប់នូវទង្វើរបស់ខ្លួនជាបន្ទាន់ និងត្រូវលុបចេញនូវរាល់ខ្លឹមសារ ព័ត៌មានក្លែងក្លាយពាក់ព័ន្ធនឹងរូបថត និងឈ្មោះរបស់លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ចេញ ជាបន្ទាន់។ ទង្វើអសកម្មទាំងនេះ គឺជាទង្វើដែលផ្ទុយនឹងច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។ ករណីមានការ ក្លែងបន្លំ ឬបន្តប្រើប្រាស់អត្តសញ្ញាណរបស់ ឯកឧត្តមរដ្ឋមន្ត្រី ទៅប្រព្រឹត្តទង្វើ ឬសកម្មភាពដែលច្បាប់ហាមឃាត់ សូមអាជ្ញាធរមានសមត្ថកិច្ចមេត្តាចាត់វិធានការតាមនីតិវិធីច្បាប់ជាធរមាន។

អ្នកនាំពាក្យក្រសួងព័ត៌មាន សូមឆ្លៀតឱកាសនេះ ដើម្បីក្រើនរំលឹកជូនសាធារណជនបានជ្រាបថា បច្ចុប្បន្ននេះ ជនខិលខូចតែងតែប្រើប្រាស់ល្បិចថ្មីៗ ពិសេសតាមប្រព័ន្ធបច្ចេកវិទ្យាដើម្បីធ្វើការឆបោក ក្រោមរូបភាពការលួងលោមស្នេហា គម្រោងវិនិយោគ ការក្លែងបន្លំជាសមាជិកគ្រួសារ ឬមិត្តភក្ដិ (ឧទាហរណ៍៖ បើមិនផ្ទេរលុយឥឡូវនេះទេ គណនីនឹងត្រូវបិទ ឬ សាច់ញាតិអ្នកកំពុងជួបគ្រោះថ្នាក់) ដើម្បីបោកប្រាក់ឱ្យផ្ដល់ព័ត៌មានឯកជន គណនីធនាគារ ឬឱ្យផ្ទេរលុយជាដើម ដែលនាំឱ្យខាតបង់ទ្រព្យ សម្បត្តិ ពេលវេលា ឬបង្កព្យសនកម្មផ្សេងៗ។

ដូច្នេះសូមប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់ នៅពេលប្រើប្រាស់ ឬភ្ជាប់ទំនាក់ទំនងតាមរយៈ ប្រព័ន្ធបច្ចេកវិទ្យា ចំពោះរាល់ទម្រង់នៃការឆបោក ដោយត្រូវដាក់ការសង្ស័យឱ្យបានច្រើន មុនធ្វើការសម្រេច ចិត្តណាមួយ។ សូមកុំប្រញាប់ប្រញាល់ធ្វើតាមការណែនាំ ឬការស្នើតាមទូរសព្ទ ឬសារទាំងនោះ ទោះបីជា ពួកគេអះអាងថាជាសមត្ថកិច្ច ឬសាច់ញាតិក៏ដោយ។ ជានិច្ចជាកាល សូមផ្ដល់ពេលវេលាក្នុងការគិតថាតើ វាសមហេតុផលដែរឬទេ? ហេតុអ្វីបានជាគេទាក់ទងមកអ្នកតាមរបៀបនេះ? និងត្រូវផ្ទៀងផ្ទាត់រឿងនោះ ដោយទាក់ទងទៅសាច់ញាតិ ឬស្ថាប័នពាក់ព័ន្ធតាមរយៈលេខទូរសព្ទផ្លូវការ ដើម្បីបញ្ជាក់ការពិត៕