ឧត្តមសេនីយ៍ត្រី បោន ប៊ិន៖ បើអាវុធហត្ថរូបណា ពាក់ព័ន្ធទៅនឹងបទល្មើស ពិសេសបទល្មើស Scam Online មិនត្រូវលើកលែងដាច់ខាត
22-01-2026 15:40
(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានសង្កត់ធ្ងន់ថា បើអាវុធហត្ថរូបណា ដែលមានការពាក់ព័ន្ធទៅនឹងបទល្មើសគ្រប់ប្រភេទ ពិសេសបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (online scam) មិនត្រូវបានលើកលែងឡើយ ត្រូវតែអនុវត្តតាមផ្លូវច្បាប់។
លោកបានថ្លែងបែបនេះ នៅរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ ក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ និងទិសដៅអនុវត្តបន្ត និងផ្សព្វផ្សាយ ការងារប្រយុទ្ធប្រឆាំងការឆកបោកតាមប្រព័ន្ធបច្ចេកវិទ្យា (online scam)។
កិច្ចប្រជុំនេះក៏មានការចូលរួមពីសំណាក់លោកមេបញ្ជាការរង លោកនាយសេនាធិការរង លោកប្រធាន-អនុប្រធានមន្ទីរទាំង៧ លោកនាយការិយាល័យ, លោកមេបញ្ជាការ មេបញ្ជាការរង មូលដ្ឋានក្រុង ស្រុកទាំង៩ លោកប្រធានស្នាក់ការសន្តិសុខ និងកម្លាំងកងរាជអាវុធហត្ថទាំងអស់ដែលកំពុងបំរើការងារនៅសេនាធិការដ្ឋានកងរាជអាវុធហត្ថខេត្ត។
នាឱកាសនោះ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជូនចំពោះនាយ នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដោយក្តីនឹករលឹកផងដែរ និងបានគោរពដល់ដួងវិញ្ញាណក្ខន្ធវីរកងទ័ព ពិសេសអាវុធហត្ថ ដែលបានពលី នៅក្នុងសមរភូមិប្រយុទ្ធតតាំងជាមួយនឹងសត្រូវឈ្លានពានការពារបូរណភាពទឹកដី នាពេលកន្លងមក។
លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានបន្តទៀតថា ដោយទទួលបានបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងអនុវត្តតាមការណែនាំរបស់លោកឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្នុងការប្រយុទ្ធប្រឆាំងការឆកបោកតាមប្រព័ន្ធបច្ចេកវិទ្យា (online scam) លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានដាក់បទបញ្ជាដល់មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុកទាំងអស់ ត្រូវតែធ្វើការបង្ក្រាបទីតាំងល្បែងអនឡាញ ប្រយុទ្ធប្រឆាំងការឆកបោកតាមប្រព័ន្ធបច្ចេកវិទ្យា (online scam) តាមភូមិសាស្រ្តរៀងៗខ្លួនឱ្យខានតែបាន៕





























