អាជ្ញាធរ និងប្រជាពលរដ្ឋ ឃុំសូភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នាំអំណោយចែកជូនវីរកងទ័ព៨គោលដៅ កំពុងឈរជើងនៅសមរភូមិមុខទិសទី១ ប្រាសាទព្រះវិហារ (Video inside)

22-01-2026 01:42

(ព្រះវិហារ)៖ លោក លូង តាក់ មេឃុំសូភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ បានដឹកនាំមន្ត្រីរាជការនិងប្រជាពលរដ្ឋ នាំអំណោយគ្រឿងឧបភោគបរិភោក សម្ភារប្រើប្រាស់ និងថវិកា ប្រគល់ជូនដល់វីរកងទ័ព ជួរមុខ៨អង្គភាព ដែលកំពុងឈរជើងនៅសមរភូមិមុខទិសទី១ ប្រាសាទព្រះវិហារ។

នៅក្នុងឱកាសនោះលោក លូង តាក់ មេឃុំសូភាស បានផ្តាំផ្ញើសាកសួរសុខទុក្ខពីលោក បាន ស្រេង អភិបាលស្រុកស្ទឹងត្រង់ ជាពិសេសលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ដែលតែងតែបានគិតគូរជានិច្ចពីសុខទុក្ខរបស់វីរកងទ័ពជួរមុខ និងក្រុមគ្រួសារ ក៏ដូចជាប្រជាពលរដ្ឋភៀសសឹក នៅតាមមូលដ្ឋានឃុំនានា ក្នុងខេត្តកំពង់ចាម។

លោក លូង តាក់ បានសម្តែងនូវការគោរពដឹងគុណការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវីរកងទ័ព នូវវីរភាព និងការលះបង់គ្រប់បែបយ៉ាង ដើម្បីការពារអធិបតេយ្យ និងបូរណភាពទឹកដីនៃកម្ពុជាយើង ពីការរំលោភឈ្លានពានរបស់កងទ័ពថៃ នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។

ក្នុងនាមប្រជាពលរដ្ឋរស់នៅតាមសហគមន៍នានាក្នុងឃុំសូភាស, លោក លូង តាក់ ក៏បានថ្លែងជូនពរឱ្យវីរកងទ័ពដែលរងរបួស ឆាប់បានជាសះស្បើយ ហើយមានសុខភាពល្អ កម្លាំងមាំមួន ដើម្បីអាចវិលត្រលប់ចូលអង្គភាពវិញ បន្តបេសកកម្មការពារប្រទេសជាតិរបស់យើង។

លោកថា ក្នុងនាមសមរភូមិក្រោយ សូមប្តេជ្ញាគាំទ្រសមរភូមិមុខជានិច្ច ជាខ្មែរតែមួយ បេះដូងតែមួយ ទិសដៅតែមួយ ដើម្បីរួមសាមគ្គីគ្នាការពារទឹកដីរបស់យើងពីការឈ្លានពានរបស់កងទ័ពសៀម។

អំណោយដែលនាំមកប្រគល់ជូនវីរកងទ័ពនាពេលនេះ រួមមាន៖ វិទ្យុទាក់ទងចំនួន១០គ្រឿង ភេសជ្ជៈប៊ូស្ត្រងចំនួន១៨កេស ធូបមុសចំនួន១៨សុង ស្កសរ២បេ សូឡា១០គ្រឿង អាគុយ១០គ្រឿង អង្ករ៣០០គីឡូក្រាម ឆៃប៉ូវ៨០គីឡូក្រាម ត្រីងៀត៣០គីឡូក្រាម អំបុក២បេ សាច់ជ្រូក១០០គីឡូក្រាម តង់កៅស៊ូ១០ ប្រហុក៥០គីឡូក្រាម ខ្ទឹមស៣បេ កាហ្វេ១២កញ្ចប់ បារី១២សុង ប្រេងឆា១២កាដុង ម្សៅស៊ុប២០កញ្ចប់ ទឹកសុទ្ធកម្ពុជា ចំនួន៤០កេស ទឹកសុទ្ធ១៥០យួរ ចេកឆាប២០កញ្ចប់ ប៊ីចេង១៨កញ្ចប់ បំពង់ទឹកក្តៅ កំសៀវ ចានដែក ចានស្រាក់ ឆ្នាំង សូទឹក មុង ភួយ សរុបថវិកាជាង២២លានរៀល៕