ផ្ទុះអាវុធក្នុងហាងផឹកស៉ីមួយកន្លែង នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ, ខ្មាន់កាំភ្លើងរួចគេចខ្លួនបាត់

22-01-2026 15:45

(ភ្នំពេញ)៖ ខ្មាន់កាំភ្លើងម្នាក់បាញ់ឡើងលើជាច្រើនគ្រាប់ នៅហាងផឹកស៉ីមួយកន្លែងយីហោ «Pich Pich គោគេច» តាមបណ្ដោយផ្លូវបេតុង ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ នាវេលាទាបភ្លឺថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦។

បើតាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា មុនពេលកើតហេតុខ្មាន់កាំភ្លើង និងមិត្តភ័ក្រ២នាក់ ស្ថិតក្នុងស្ថានភាពស្រវឹងខ្លាំងបានចូលទៅផឹកស៉ីបន្ដនៅហាងខាងលើ រួចបានហៅស្រាបៀពីរកំប៉ុងមកផឹក។ ពេលនោះ ខ្មាន់កាំភ្លើងបានហៅមិត្តភ័ក្រទៅផ្ទះ តែមិត្តភ័ក្រមិនទៅ ក៏មានទំនាស់ពាក្យសម្ដីគ្នារួចជនសង្ស័យ ក៏ដកអាវុធខ្លីមិនស្គាល់ម៉ាក បាញ់ឡើងលើ៤-៥គ្រាប់ រួចជិះម៉ូតូគេចខ្លួនបាត់។

បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវ ដើម្បីស្វែងរកចាប់ខ្លួនខ្មាន់កាំភ្លើង៕