គណៈកម្មការជំរឿន ចាប់ផ្តើមចុះធ្វើជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធគ្រឹះស្ថានសិក្សាសាធារណៈ ស្ថិតក្នុងភូមិសាស្ត្រនៃរដ្ឋបាលខណ្ឌ៧មករា និងខណ្ឌសែនសុខ

22-01-2026 15:56

(ភ្នំពេញ)៖ ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦នេះ គណៈកម្មការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធគ្រឹះស្ថានសិក្សាសាធារណៈ នៅរាជធានីភ្នំពេញ កំពុងចុះជំរឿនមន្ត្រីជាក់ស្តែង នៅតាមរចនាសម្ព័ន្ធ នៃគ្រឹះស្ថានសិក្សាសាធារណៈ ស្ថិតក្នុងភូមិសាស្ត្រនៃរដ្ឋបាលខណ្ឌ៧មករា​ នៅក្នុងបរិវេណវិទ្យាល័យ បាក់ទូក និងខណ្ឌសែនសុខ នៅក្នុងបរិវេណវិទ្យាល័យ ហ៊ុន សែន ភ្នំពេញថ្មី។ ការចុះជំរឿនផ្ទាល់នេះ ដើម្បីធានាដល់ដំណើរការនៃការបង្រៀនរបស់លោកគ្រូ អ្នកគ្រូ និងការសិក្សារបស់សិស្សានុសិស្ស។

តាមការគ្រោងទុក ការចុះជំរឿននាថ្ងៃនេះ ដើម្បីពិនិត្យផ្ទៀងផ្ទាត់រចនាសម្ព័ន្ធ និងវត្តមានលោកគ្រូ អ្នកគ្រូ ដែលជាមន្ត្រីរាជការក្របខ័ណ្ឌ មន្ត្រីជាប់កិច្ចសន្យា គ្រូបង្រៀនជាប់កិច្ចសន្យា និងមន្ត្រីផ្សេងទៀត បាន និងកំពុងបំពេញការងារជាក់ស្តែងនៅតាមសាលាគោលដៅ រួមមាន៖ វិទ្យាល័យ បាក់ទូក, វិទ្យាល័យ ហ៊ុន សែន ភ្នំពេញថ្មី, សាលាបឋមសិក្សា ភ្នំពេញថ្មី, វិទ្យាល័យ អប់រំពិសេស ភ្នំពេញថ្មី, សាលាបឋមសិក្សា ក្រាំងធ្នុង, សាលាបឋមសិក្សា មិត្តភាពកម្ពុជា-ចិនឃ្មួញ និងសាលាឧបសម្ព័ន្ធ ត្រពាំងស្វាយ៕