បណ្ឌិតសភាចារ្យ ផាន់ ផល្លា អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅបន្ដរបស់រដ្ឋបាលខេត្តរតនគិរី
22-01-2026 16:13
(រតនគិរី)៖ នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥នេះ រដ្ឋបាលខេត្តរតនគិរី បានរៀបចំពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦របស់រដ្ឋបាលខេត្ត ក្រោមអធិបតីភាពលោកបណ្ឌិតសភាចារ្យ ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធាន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តរតនគិរី។
លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានលើកឡើងងថា រយៈពេល១ថ្ងៃកន្លះមកនេះ អង្គសន្និបាតបានធ្វើការវាយតម្លៃខ្ពស់ ចំពោះការចូលរួមពីមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរ គ្រប់លំដាប់ថ្នាក់ អង្គការដៃគូអភិវឌ្ឍន៍ ព្រមទាំងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹង ប្រែងសហការរួមគ្នាសម្រេចបាននូវសមិទ្ធផលនានា ជាច្រើនក្នុងឆ្នាំ២០២៥។
អង្គសន្និបាតទាំងមូល បានប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីបន្តថែរក្សាសមិទ្ធផលចាស់ ពង្រីកសមិទ្ធផលថ្មី និងពុះពារជម្នះ គ្រប់ឧបសគ្គ រិះរកវិធីដោះស្រាយរាល់បញ្ហាប្រឈមដែលនៅសេសសល់ ដោយបានឯកភាពទៅលើ ទិសដៅអនុវត្តបន្តឆ្នាំ២០២៦ របស់រដ្ឋបាលខេត្ត ដើម្បីសម្រេចបាននូវចក្ខុវិស័យដែលបានឆ្លុះបញ្ចាំងក្នុង ផែនការអភិវឌ្ឍន៍រយៈពេល៥ឆ្នាំ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល របស់រដ្ឋបាលខេត្ត ស្របតាមយុទ្ធសាស្ត្របញ្ជាកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងមុតស្រួចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
លោកបណ្ឌិតសភាចារ្យ ផាន់ ផល្លា បានផ្តាំផ្ញើនូវកិច្ចការសំខាន់ៗ មួយចំនួនដល់អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់នៃខេត្តរតនគិរី នៅក្នុងឆ្នាំ២០២៦នេះ មានដូចខាងក្រោម៖
*ទី១៖ ត្រូវខិតខំរួមគ្នាបន្តពង្រឹង និងថែរក្សាការពារនូវសុវត្ថិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមឲ្យបានរឹងមាំ
*ទី២៖ ត្រូវបង្ការទប់ស្កាត់ និងបង្ក្រាបឲ្យខានតែបាននូវរាល់សកម្មភាព ឬទង្វើដែលប៉ុនប៉ងធ្វើឲ្យកម្ពុជា ធ្លាក់ចូលទៅស្ថានភាពសង្គ្រាម ភាពចលាចលវឹកវរក្នុងសង្គម ដែលរៀបចំដោយក្រុមប្រឆាំងក្បត់ជាតិខុសច្បាប់មួយចំនួន
*ទី៣៖ ត្រូវខិតខំស្រាវជ្រាវ និងបង្ការ ទប់ស្កាត់ឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពនូវរាល់សកម្មភាព ឬការផ្សព្វផ្សាយព័ត៌មានមិនពិត ការញុះញ៉ង់ អុចអាលបង្កឲ្យមានអំពើហិង្សា ការប្រឆាំង និងអាជ្ញាធរសាធារណៈ និងអសន្តិសុខក្នុងសង្គម ដែលអាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សង្គមជាតិ
*ទី៤៖ ពង្រឹងយន្តការនានាក្នុងការគាំទ្រ ដល់ការអនុវត្តគោលនយោបាយ «ភូមិ ឃុំសង្កាត់មានសុវត្ថិភាព» ដោយមានផែនការច្បាស់លាស់ និងមានការចូលរួមពីគ្រប់អ្នកពាក់ព័ន្ធ
*ទី៥៖ ត្រូវពង្រឹងយន្តការគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រុង ស្រុក នៅក្នុងការគ្រប់គ្រង ដឹកនាំថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដោយត្រូវរៀបចំកិច្ចប្រជុំដើម្បីពិនិត្យ និងវាយតម្លៃសភាពការណ៍
*ទី៦៖ ត្រូវបន្តជំរុញយុទ្ធនាការប្រយុទ្ធប្រឆាំង និងបង្ក្រាបឲ្យមានប្រសិទ្ធភាពនូវបទល្មើសអនឡាញ (ONLINE SCAMS) គ្រឿងញៀនខុសច្បាប់ ឲ្យកាន់តែសកម្មព្រមៗគ្នា នៅតាមមូលដ្ឋានរៀងៗខ្លួន និងត្រូវបំផុលចលនាប្រជាជនឲ្យចូលរួមកសាង «ភូមិ ឃុំ សង្កាត់គំរូគ្មានគ្រឿងញៀន» ដែលត្រូវយកចិត្តទុកដាក់ខ្ពស់លើបញ្ហាទាំងអស់នេះ
*ទី៧៖ ត្រូវបន្តលើកកម្ពស់ការពង្រឹងសណ្តាប់ធ្នាប់ សុវត្ថិភាពសាធារណៈ លើការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក គឺការអនុវត្តឲ្យមានប្រសិទ្ធិភាព ជាពិសេសការផ្សព្វផ្សាយអប់រំ និងការណែនាំផ្ទាល់នៅកន្លែងឲ្យប្រជាពលរដ្ឋបានយល់ដឹង និងចូលរួមសហការគោរពច្បាប់ទាំងអស់គ្នា៕




















