សាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ បើកសន្និបាតបូកសរុបការងារឆ្នាំ២០២៥ និងដាក់ចេញទិសដៅយុទ្ធសាស្ត្រឆ្នាំ២០២៦ ដើម្បីពង្រឹងជំនឿទុកចិត្តលើប្រព័ន្ធយុត្តិធម៌
22-01-2026 16:17
(ត្បូងឃ្មុំ)៖ ក្នុងស្មារតីពង្រឹងប្រសិទ្ធភាពការងារតុលាការ និងលើកកម្ពស់គុណភាពនៃការផ្តល់សេវាយុត្តិធម៌ជូនប្រជាពលរដ្ឋ នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ សាលាឧទ្ធរណ៍ត្បូងឃ្មុំ និងមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ បានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តបន្តសម្រាប់ឆ្នាំ២០២៦។
អង្គសន្និបាតនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ម៉ុង មុនីចរិយា ប្រធានសាលាឧទ្ធរណ៍ត្បូងឃ្មុំ និងលោក ហួត វុទ្ធី អគ្គព្រះរាជអាជ្ញា នៃមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ លេខាធិការដ្ឋានរដ្ឋបាលតុលាការ នៃខេត្តទាំង ០៨ ស្ថិតក្នុងដែនសមត្ថកិច្ច។
ថ្លែងក្នុងពិធីបើកអង្គសន្និបាត លោក ហួត វុទ្ធី អគ្គព្រះរាជអាជ្ញា បានមានប្រសាសន៍សង្កត់ធ្ងន់ថា សន្និបាតនេះមិនត្រឹមតែជាវេទិកាសម្រាប់ត្រួតពិនិត្យសកម្មភាពការងារប្រចាំឆ្នាំប៉ុណ្ណោះទេ ប៉ុន្តែគឺជាឱកាសដ៏សំខាន់ក្នុងការពិភាក្សា រិះរកដំណោះស្រាយចំពោះបញ្ហាប្រឈមនានាដែលបានកើតឡើងកន្លងមក។
លោកបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ត្រីគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំលះបង់កម្លាំងកាយចិត្ត បំពេញតួនាទីក្នុងវិស័យយុត្តិធម៌ដោយស្មារតីទទួលខុសត្រូវខ្ពស់ ចាប់តាំងពីការបង្កើតស្ថាប័ននេះមក។
យោងតាមរបាយការណ៍ដែលអានដោយ លោក ទឹម ឆេងឡុង អគ្គលេខាធិការរង បានបង្ហាញពីវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ជាពិសេសលើការជំរុញល្បឿននៃការដោះស្រាយសំណុំរឿងកកស្ទះឱ្យមានភាពលឿនរហ័ស និងប្រកបដោយប្រសិទ្ធភាព។ ជាមួយគ្នានេះ អង្គសន្និបាតបានលើកយកប្រធានបទគន្លឹះចំនួនពីរ មកពិភាក្សាយ៉ាងស៊ីជម្រៅ រួមមាន៖
*ទី១៖ ការអនុវត្តនីតិវិធីរក្សាការពារដោយហាមតតិយជន និងការកំណត់ឋានៈជាបណ្តោះអាសន្ន ដោយមិនឆ្លងកាត់នីតិវិធីទាញហេតុផលផ្ទាល់មាត់ ឧទ្ទេសនាមដោយ លោក យ៉ា ណារិន អនុប្រធានសាលាឧទ្ធរណ៍ត្បូងឃ្មុំ។
*ទី២៖ ការដោះស្រាយបទល្មើសហិង្សាលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត ក្នុងករណីវិវាទដីធ្លី ឧទ្ទេសនាមដោយ លោក ទី សំណាង អនុប្រធានសាលាឧទ្ធរណ៍ត្បូងឃ្មុំ។
ប្រធានបទទាំងនេះ គឺជាធាតុចូលដ៏មានសារៈសំខាន់ក្នុងការកែទម្រង់ប្រព័ន្ធតុលាការ ដើម្បីធានានូវតម្លាភាព ភាពត្រឹមត្រូវតាមច្បាប់ និងបង្កើនទំនុកចិត្តពីសាធារណជន។
ក្នុងឱកាសនោះ លោក ម៉ុង មុនីចរិយា ប្រធានសាលាឧទ្ធរណ៍ត្បូងឃ្មុំ បានលើកឡើងថា អនុលោមតាម យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ការពង្រឹងអភិបាលកិច្ច និងនីតិរដ្ឋគឺជាស្នូលដ៏សំខាន់។ ក្នុងនោះ មុំទី៤ នៃយុទ្ធសាស្ត្របានផ្តោតលើការលើកកម្ពស់ប្រសិទ្ធភាពច្បាប់ និងប្រព័ន្ធយុត្តិធម៌ ការប្រយុទ្ធប្រឆាំងអំពើអយុត្តិធម៌ក្នុងសង្គម និងការការពារផលប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋ។
ថ្លែងក្នុងសុន្ទរកថាបិទអង្គសន្និបាត លោក ម៉ុង មុនីចរិយា បានវាយតម្លៃខ្ពស់ចំពោះសាមគ្គីភាពផ្ទៃក្នុង និងសមិទ្ធផលដែលសម្រេចបានក្នុងឆ្នាំកន្លងទៅ។
លោក បានដាក់ចេញនូវការណែនាំដល់មន្ត្រីទាំងអស់ ឱ្យបន្តអនុវត្តការងារស្របតាមយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីរបស់ក្រសួងយុត្តិធម៌ ក៏ដូចជាយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ ដើម្បីធានាឱ្យបាននូវសមភាពចំពោះមុខច្បាប់សម្រាប់បុគ្គលគ្រប់រូប។
ដើម្បីជាការលើកទឹកចិត្តដល់មន្ត្រីដែលខិតខំបំពេញភារកិច្ច លោក ម៉ុង មុនីចរិយា និងលោក ហួត វុទ្ធី បានផ្តល់កិត្តិយសប្រគល់ប័ណ្ណសរសើរជូនដល់មន្ត្រីឆ្នើមៗ ដែលមានស្នាដៃលេចធ្លោក្នុងឆ្នាំ២០២៥កន្លងទៅផងដែរ៕


















