ក្រោយពីរៀបចំអ្នកលក់ដូរ គ្មានសណ្ដាប់ធ្នាប់បានល្អប្រសើរ, រដ្ឋបាលរាជធានីភ្នំពេញ បើកឱ្យចរាចរណ៍នៅផ្លូវព្រះមុនីរ៉េត នាពេលថ្ងៃ !

22-01-2026 16:52

(ភ្នំពេញ)៖ ក្រោយពីរៀបចំអ្នកលក់ដូរ គ្មានសណ្ដាប់ធ្នាប់បានល្អប្រសើរ រដ្ឋបាលរាជធានីភ្នំពេញ បានបើកឱ្យចរាចរណ៍ នៅផ្លូវព្រះមុនីរ៉េត នាពេលថ្ងៃ ដើម្បីបើកសម្រួលលំហូរចរាចរណ៍ សម្រាប់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរ។

ទន្ទឹមនឹងនេះ ក្រុមការងាររដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងអនុវត្តគម្រោងរៀបចំកែលម្អចិញ្ចើមផ្លូវ តាមបណ្ដោយមហាវិថីម៉ៅសេទុង មហាវិថីព្រះមុន្នីរ៉េត ផ្លូវ២៣០ និងតំបន់ជុំវិញពាក់ព័ន្ធ ដើម្បីកែលម្អហេដ្ឋារចនាសម្ព័ន្ធជុំវិញនោះ។ ដូចនេះសូមបងប្អូនចូលរួមសហការ និងធ្វើការអធ្យាស្រ័យ ដោយក្តីអនុគ្រោះបំផុត។

ប្រជាពលរដ្ឋបានសម្ដែងការសាទរ ចំពោះការរៀបចំសណ្តាប់ធ្នាប់ នៅតំបន់ជុំវិញផ្សារដើមគ ដែលរដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំយ៉ាងល្អប្រសើរនៅពេលនេះ។

ប្រជាពលរដ្ឋដែលដើរហាត់ប្រាណ នៅតាមចិញ្ចើមផ្លូវសាធារណៈរំដោះផ្លូវ ជុំវិញផ្សារដើមគនោះ បានបង្ហាញអារម្មណ៍ថា «អាជ្ញាធររាជធានីភ្នំពេញ រំដោះផ្លូវជុំវិញផ្សារដើមគរនេះបាន ខ្ញុំមានការធូរចិត្តណាស់ ព្រោះលែងមានការកកស្ទះចរាចរណ៍ ហើយមានចិញ្ចើមផ្លូវសំរាប់ដើរ និងហាត់កីឡា មានអនាម័យ ជាពិសេស គឺបង្ហាញពីភាពស៊ីវីល័យរបស់រាជធានីភ្នំពេញ ទៅកាន់អ្នកទេសចរណ៍ និងពិភពលោកផងដែរ»