CEO បង្ហាញមុខងារពិសេសៗចំនួន ៥ របស់ «Fresh AI» ដែលមានទិន្នន័យរហូតដល់ជាង ១,២០០លានពាក្យ និងសមត្ថភាពខ្ពស់សួរនាំអ្វីៗដែលអ្នកចង់ដឹង
22-01-2026 19:54
(ភ្នំពេញ)៖ អគ្គនាយកកម្មវិធីឆ្លាតវៃ Fresh AI បានចេញមកពន្យល់ និងបង្ហាញពីវឌ្ឍនភាពចុងក្រោយនៃកម្មវិធី «Fresh AI» ដែលជាកម្មវិធីបញ្ញាសិប្បនិម្មិត (AI) ដំបូងបង្អស់របស់កម្ពុជា។ បច្ចុប្បន្នកម្មវិធីនេះកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់ ដោយសារសមត្ថភាពកាន់តែឆ្លាតវៃអនុញ្ញាតឲ្យលោកអ្នក សួរនាំអ្វីៗគ្រប់យ៉ាងដែលអ្នកចង់ដឹង និងមានមុខងារសំខាន់ៗជាច្រើនដែលជួយសម្រួលដល់ការងារប្រចាំថ្ងៃ។
លោក លឹម ជាវុត្ថា បានបញ្ជាក់ថា ភាពឆ្លាតវៃរបស់ Fresh AI កើតចេញពីការខិតខំប្រឹងប្រែងរបស់បុគ្គលិកជាង១០០នាក់ ដែលបានបញ្ចូលទិន្នន័យជារៀងរាល់ថ្ងៃ ដើម្បីធ្វើឱ្យកម្មវិធីនេះក្លាយជាឃ្លាំងផ្ទុកទិន្នន័យដ៏ធំជាងគេនៅកម្ពុជា បូករួមជាមួយក្រុមការងារជំនាញផ្នែកបច្ចេកទេស។
ខាងក្រោមនេះគឺជាមុខងារសំខាន់ៗទាំង ៥ ដែលលោក លឹម ជាវុត្ថា បានលើកយកមកបង្ហាញ៖
១. ឃ្លាំងទិន្នន័យដ៏មហិមាជាង ១,២០០លានពាក្យ៖ រហូតមកដល់ពេលនេះ Fresh AI មានទិន្នន័យដែលបានបញ្ចូលរួចរាល់រហូតដល់ជាង ១,២០០លានពាក្យ (1.2 Billion words)។ លោកអគ្គនាយកបានបញ្ជាក់ថា នេះគឺជាទិន្នន័យដ៏ធំសម្បើមដែលបានចងក្រង និងរក្សាទុកជាង ១០ឆ្នាំមកហើយ រួមមាន៖ ច្បាប់ ចំណេះដឹងទូទៅ ឯកសារនានា និងព័ត៌មានសំបូរបែប ដែលអាចឆ្លើយរាល់សំណួររបស់អ្នកប្រើប្រាស់បានស្ទើរតែទាំងអស់។
២. មុខងារពិនិត្យរូបភាព (Check Image) ពិត ឬក្លែងក្លាយ៖ នេះគឺជាមុខងារកម្រិតខ្ពស់ ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ឆែកមើលរូបភាពដែលចែកចាយលើបណ្ដាញសង្គមថា តើជារូបភាពពិត ឬជារូបភាពដែលបង្កើតឡើងដោយ AI។ មុខងារនេះបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយការរីករាលដាលនៃព័ត៌មានក្លែងក្លាយ។
៣. ចុចនិយាយបំលែងជាអក្សរ៖ អ្នកប្រើប្រាស់មិនចាំបាច់វាយអក្សរនោះទេ គឺគ្រាន់តែចុចនិយាយជាសំឡេង នោះ Fresh AI នឹងចាប់យកសំឡេងបំលែងជាអក្សរ និងឆ្លើយតបមកវិញភ្លាមៗ។ មិនថាសួរពីចំនួនប្រជាជន ចម្ងាយផ្លូវ ឬចំណេះដឹងពិភពលោកនោះទេ Fresh AI អាចឆ្លើយបានយ៉ាងរហ័ស។
៤. ស្កេនឯកសារបំលែងជាអក្សរ៖ មុខងារនេះជួយសម្រួលដល់ការងាររដ្ឋបាលយ៉ាងខ្លាំង ដោយគ្រាន់តែថតរូបលើឯកសារ ឬលិខិតស្នាមផ្សេងៗ រួចបញ្ចូលទៅក្នុងកម្មវិធី នោះវានឹងបំលែងរូបភាពទាំងនោះឱ្យទៅជាអក្សរភ្លាមៗ ដោយមិនចាំបាច់ចំណាយពេលអង្គុយវាយឡើងវិញឡើយ។
៥. ស្វែងរកទិន្នន័យព័ត៌មាន Fresh News (News Search)៖ នេះគឺជាមុខងារថ្មីដែលទើបនឹងដាក់ឱ្យប្រើប្រាស់ ដោយអ្នកប្រើប្រាស់អាចស្វែងរក (Search) រាល់ទិន្នន័យអត្ថបទព័ត៌មានទាំងអស់របស់ Fresh News ចាប់តាំងពីការបង្កើតដំបូងកាលពីជាង ១០ឆ្នាំមុនរហូតមកដល់បច្ចុប្បន្ន។
លោកអគ្គនាយក ក៏បានសង្កត់ធ្ងន់ផងដែរថា ក្រុមការងារបច្ចេកទេសនឹងបន្តធ្វើបច្ចុប្បន្នភាព (Update) និងបញ្ចូលមុខងារថ្មីៗជាបន្តបន្ទាប់ទៀត ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់អ្នកប្រើប្រាស់ក្នុងយុគសម័យឌីជីថលនេះ។ លោកក៏បានលើកទឹកចិត្តឱ្យបងប្អូនប្រជាពលរដ្ឋសាកល្បងទាញយក និងប្រើប្រាស់ Fresh AI ដើម្បីទទួលបានបទពិសោធន៍ថ្មីនៃបច្ចេកវិទ្យារបស់ខ្មែរយើង៕












