ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ទទួលជួបពិភាក្សាការងារ និងជម្រាបលាឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ី ក្នុងឱកាសបញ្ចប់អាណត្តិការទូតនៅកម្ពុជា

22-01-2026 20:00

(ភ្នំពេញ)៖ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ទទួលជួបពិភាក្សាការងារ និងជម្រាបលា លោកបណ្ឌិត សាន់តូ ដាម៉ូស៊ូម៉ាតូ (Santo Darmosumarto) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋឥណ្ឌូណេស៊ីប្រចាំកម្ពុជា នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ នៅវិមានសន្តិភាព ក្នុងឱកាសបញ្ចប់អាណ្តិតបេសកកម្មការទូតរបស់ខ្លួននៅកម្ពុជា។

ក្នុងជំនួបពិភាក្សាពេលនេះ ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ រាជរដ្ឋាភិបាលឥណ្ឌូណេស៊ី តាមរយៈលោកអគ្គរដ្ឋទូត ដែលបានពង្រឹងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ និងផ្តល់ផ្លែផ្កាជាច្រើនដល់កម្ពុជា ព្រមទាំងសង្ឃឹមថា ទំនាក់ទំនងទ្វេភាគីនឹងកាន់តែរីកចម្រើនខ្លាំងក្លាបន្ថែមទៀតនាពេលអនាគត។

លើសពីនេះទៅទៀត រាជរដ្ឋាភិបាលឥណ្ឌូនេស៊ី បានជួយជ្រោមជ្រែងដល់ការបណ្តុះបណ្តាលធនធានមនុស្សតាមរយៈការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា កិច្ចសហប្រតិបត្តិការលើវិស័យយោធា និងការជួយឧបត្ថម្ភគាំទ្រជាច្រើន ដល់ការអភិវឌ្ឍសហគមន៍ឥស្លាមកម្ពុជា។

ទន្ទឹមនឹងនេះ លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា ក្នុងដំណើរទស្សនកិច្ចនៅប្រទេសឥណ្ឌូណេស៊ីនាពេលថ្មីៗនេះ លោកទទួលបានការគាំទ្រយ៉ាងសកម្មលើវិស័យអប់រំពីសំណាក់អង្គការធំៗ រួមមានអង្គការ Nahdlatul Ulama (NU) និងអង្គការ Muhammadiyah តាមរយៈការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា។ ជាមួយគ្នានេះ ក្នុងរយៈពេលចុងក្រោយនេះ គណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា ក៏ដូចជាអង្គការសមាគមចំនួនបានបញ្ជូនសិស្សនិស្សិតកម្ពុជា ទៅបន្តការសិក្សានៅសាកលវិទ្យាល័យ Muhammadiyah និងសាកលវិទ្យាល័យផ្សេងៗជាច្រើនទៀត នៅប្រទេសឥណ្ឌូនេស៊ី។

ជាការឆ្លើយតប លោកឯកអគ្គរដ្ឋទូត បានបង្ហាញសេចក្តីសោមនស្សរីករាយ ដែលមានឱកាសក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀត មិនត្រឹមតែរវាងសហគមន៍មូស្លីមក្នុងប្រទេសឥណ្ឌូនេស៊ី និងកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែជាកិច្ចសហប្រតិបត្តិការរវាងឥណ្ឌូនេស៊ី និងកម្ពុជាទាំងមូល។

លោកបានជឿជាក់ថា ភាពជិតស្និទ្ធនៃសហគមន៍មូស្លីម ក្នុងប្រទេសឥណ្ឌូនេស៊ី និងកម្ពុជា គឺជាប្រភពនៃកម្លាំងសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ហើយលោកក៏បានអរគុណដល់ទេសរដ្ឋមន្ត្រី និងមន្ត្រីកម្ពុជាទាំងអស់សម្រាប់ការពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន។

ជាចុងបញ្ចប់នៃជំនួបភាគីទាំងពីរ បានប្តេជ្ញាបន្តជំរុញវិស័យអាហារហាឡាល និងទេសចរណ៍មូស្លីមឲ្យកាន់តែរីកចម្រើនបន្ថែម ដើម្បីពង្រីកសក្តានុពលសេដ្ឋកិច្ចទ្វេភាគី ក៏ដូចជាសេដ្ឋកិច្ចក្នុងសហគមន៍ឥស្លាមកម្ពុជា ខណៈហាឡាលមិនមែនសម្រាប់តែអ្នកកាន់សាសនាឥស្លាមនោះទេ ហាឡាលគឺសម្រាប់ប្រជាជនទូទៅ៕