អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម និងសាកលវិទ្យាល័យជាតិសិង្ហបុរី ចុះ MoU ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងការជំរុញដំណើរឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា

22-01-2026 13:32

(ភ្នំពេញ)៖ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម (អ.ក.គ.) និងមហាវិទ្យាល័យសុខភាពសាធារណៈ នៃសាកលវិទ្យាល័យជាតិសិង្ហបុរី នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការរវាង អ.ក.គ. និងមហាវិទ្យាល័យសុខភាពសាធារណៈ នៃសាកលវិទ្យាល័យជាតិសិង្ហបុរី សម្រាប់គាំទ្រការអនុវត្តផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា ឆ្នាំ២០២៤-២០៣៥។

អនុស្សរណៈនៃការយោគយល់គ្នានេះ ធ្វើឡើងក្នុងគោលបំណងបង្កើតទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ សម្រាប់ជំរុញដំណើរឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា តាមរយៈការគាំទ្រការអនុវត្តផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា ឆ្នាំ២០២៤-២០៣៥ ដោយផ្តោតលើកិច្ចការ ចំនួន៤ ដែលរួមមានទី១៖ ការសិក្សាស្រាវជ្រាវ និងបង្កើតមូលដ្ឋានភស្តុតាងពាក់ព័ន្ធ, ទី២៖ ការគាំទ្រលើការអនុវត្តគោលនយោបាយកំណែទម្រង់នានា, ទី៣៖ការគាំទ្រការអភិវឌ្ឍសមត្ថភាពស្ថាប័ន និងធនធានមនុស្ស និង ទី៤៖ ការលើការកៀរគរធនធានរួមគ្នា សម្រាប់គាំទ្រការអនុវត្តផែនទីបង្ហាញផ្លូវ។

អនុស្សរណៈនៃការយោគយល់គ្នានេះនឹងអនុញ្ញាតឱ្យ អ.ក.គ. អាចកៀរគរការគាំទ្រគ្រប់ទម្រង់ពីសំណាក់មហាវិទ្យាល័យសុខភាពសាធារណៈ នៃសាកលវិទ្យាល័យជាតិសិង្ហបុរី ដើម្បីសម្របសម្រួល និងតាមដានការអនុវត្តទិសដៅគោលនយោបាយកំណែទម្រង់យុទ្ធសាស្ត្រ ដែលបានកំណត់ក្នុងផែនទីបង្ហាញផ្លូវ ក្នុងទិដ្ឋភាពពហុវិស័យ និងពហុវិមាត្រ សំដៅឈានទៅសម្រេចគោលដៅចំនួន៣ ត្រឹមឆ្នាំ២០៣៥ ក្នុងការ ការពង្រីកវិសាលភាពនៃការគ្របដណ្តប់ពលរដ្ឋដោយប្រព័ន្ធគាំពារសុខភាពសង្គមឱ្យបាន៨០% នៃចំនួនពលរដ្ឋសរុប, ពង្រីកសន្ទស្សន៍នៃការគ្របដណ្តប់សេវាសុខាភិបាលសារវន្តឱ្យបានយ៉ាងហោចណាស់៨០% និងការកាត់បន្ថយទំហំចំណាយពីហោប៉ៅផ្ទាល់លើការថែទាំសុខភាពឱ្យនៅចំនួនប្រមាណ ៣៥% នៃចំណាយសរុបលើវិស័យសុខាភិបាល៕