រដ្ឋមន្ដ្រីសុខាភិបាល ស្នើឱ្យអង្គការ FHI 360 បន្តពង្រឹងកិច្ចសហការឱ្យកាន់តែស៊ីជម្រៅ ខណៈវត្តមានរបស់អង្គការជាក្តីសង្ឃឹមប្រកបដោយនិរន្តរភាព គាំទ្រសុខុមាលភាពប្រជាពលរដ្ឋកម្ពុជា

22-01-2026 20:38

(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបញ្ជាក់ថា វត្តមានរបស់ FHI 360 គឺជាក្តីសង្ឃឹមប្រកបដោយនិរន្តរភាពចូលរួមគាំទ្រសុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជា។ ដូច្នេះលោកបានស្នើឱ្យអង្គការ FHI 360 បន្តពង្រឹងកិច្ចសហការឱ្យកាន់តែស៊ីជម្រៅ ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល (UHC)។

ការថ្លែងយ៉ាងដូច្នេះរបស់លោកសាស្ដ្រាចារ្យ ក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយប្រតិភូអង្គការសុខភាពគ្រួសារអន្តរជាតិ (FHI 360) ដឹកនាំដោយលោកវេជ្ជបណ្ឌិត Christian Pitter អនុប្រធានជាន់ខ្ពស់ផ្នែកកម្មវិធីសកល និងវិទ្យាសាស្ត្រ ប្រចាំការិយាល័យកណ្តាលសហរដ្ឋអាមេរិក នៅទីស្តីការក្រសួងសុខាភិបាល នាព្រឹកថ្ងៃព្រហស្បតិ៍ ៤កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦។

ក្នុងឱកាសជំនួបនេះលោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្តៅ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងក្រសួងសុខាភិបាល និងអង្គការ FHI 360 ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងប្រព័ន្ធថែទាំសុខភាពឱ្យមានភាពធន់ និងរឹងមាំ ជាពិសេសតាមរយៈគម្រោង EpiC (ការគ្រប់គ្រងមេរោគអេដស៍ និងសន្តិសុខសុខភាព), គម្រោង Alive & Thrive និងគម្រោងពង្រឹងប្រព័ន្ធរកឃើញជំងឺឆ្លង។

លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី ក៏បានគូសរម្លឹកពីការដាក់ចេញនូវអាទិភាពសំខាន់ៗ រួមមាន៖ ការបង្កើនការអប់រំសុខភាពដល់សហគមន៍ ការប្រយុទ្ធនឹងជំងឺឆ្លង និងជំងឺមិនឆ្លង ការឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ ការពង្រឹងគុណភាពសេវាទាំងសាធារណៈ និងឯកជន ព្រមទាំងការអភិវឌ្ឍធនធានមនុស្ស និងប្រព័ន្ធសុខភាពឌីជីថល (Digital Health)។

ជាមួយគ្នានេះលោកវេជ្ជបណ្ឌិត Christian Pitter ក៏បានជម្រាបជូនអំពីបេសកកម្មរបស់អង្គការ FHI 360 ជូនលោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី ថាអង្គការ FHI 360 បានចាប់ផ្តើមប្រតិបត្តិការនៅកម្ពុជាតាំងពីឆ្នាំ១៩៩៨ ក្នុងគោលដៅលើកកម្ពស់សមធម៌សុខភាព តាមរយៈការប្រើប្រាស់ទិន្នន័យ និងដំណោះស្រាយបច្ចេកទេស។ បច្ចុប្បន្ន អង្គការកំពុងអនុវត្តគម្រោងយុទ្ធសាស្ត្រសំខាន់ៗចំនួន ៣ ដែលទទួលបានការគាំទ្រថវិកា ពីក្រសួងការបរទេសសហរដ្ឋអាមេរិក មូលនិធិសាកល និងរដ្ឋាភិបាលអៀកឡង់ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការឆ្លើយតបនឹងជំងឺឆ្លង សុខភាពមាតា និងទារក រួមទាំងការអភិវឌ្ឍប្រព័ន្ធសុខាភិបាលឌីជីថល។

សូមជម្រាបថាជំនួបនេះបានបញ្ចប់ទៅដោយលទ្ធផលផ្លែផ្កា គឺភាគីទាំងពីរបានប្ដេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ទាំងនៅថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន ដើម្បីធានាឱ្យបាននូវសេវាសុខភាពដែលមានគុណភាព សមធម៌ និងប្រសិទ្ធភាពសម្រាប់ប្រជាពលរដ្ឋគ្រប់រូប ស្របតាមគោលនយោបាយយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា៕