ទណ្ឌិត ៣៨នាក់ ត្រូវបានពន្ធនាគារខេត្តត្បូងឃ្មុំ ស្នើសុំបន្ធូរបន្ថយ និងលើកលែងទោស ក្នុងឱកាដពិធីបុណ្យចូលឆ្នាំថ្មី និងបុណ្យវិសាខបូជា ឆ្នាំ២០២៦នេះ
22-01-2026 20:56
(ត្បូងឃ្មុំ)៖ លោក ណុប ឡងឌី អភិបាលរងខេត្តត្បូងឃ្មុំ បានស្នើឱ្យមន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវពិនិត្យ និងពិភាក្សាឱ្យបានល្អិតល្អន់ និងគ្រប់ជ្រុងជ្រោយ ក្នុងការបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិត ធ្វើយ៉ាងណាសមស្របទៅនឹងច្បាប់ និងគោលការណ៍ណែនាំនានា សំដៅជ្រើសរើសបានទណ្ឌិតដែលបានស្នើសុំការបន្ធូរបន្ថយទោស និងលើកលែងទោស ជាអ្នកមានការតាំងចិត្តកែប្រែខ្លួន ក្លាយជាពលរដ្ឋល្អក្នុងសង្គមជាតិពិតប្រាកដ អាចរស់នៅប្រកបដោយសេចក្តីសុខជាមួយក្រុមគ្រួសារ ក៏ដូចជាក្នុងសង្គមទាំងមូល។
លោក ណុប ឡងឌី បានថ្លែងដូចនេះនារសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦នេះ នាឱកាសតំណាងលោក ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានគណៈកម្មាការពិនិត្យ និងវាយតម្លៃ កែប្រែរបស់ទណ្ឌិតនៅពន្ធនាគារខេត្ត ក្នុងឱកាសដឹកនាំកិច្ចប្រជុំពិភាក្សា លើការស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ដល់ទណ្ឌិតក្នុងឱកាស ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងពិធីបុណ្យវិសាខបូជា ឆ្នាំ២០២៦នេះ។
កិច្ចប្រជុំនេះ ធ្វើឡើងនៅសាលប្រជុំ ក សាលាខេត្ត ដោយមានការអញ្ជើញចូលរួមពី លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ ម៉ុង ម៉េងអ៊ាន់ ប្រធានពន្ធនាគារខេត្ត លោក រ៉ា បូរ៉ាន់ឌី ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត និងលោកឧត្តមសេនីយ៍ត្រី ចក់ សុខកៅ ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្ត ព្រមទាំងលោកនាយករងរដ្ឋបាលសាលាខេត្ត និងអ្នកពាក់ព័ន្ធ។
លោកអភិបាលរងខេត្ត បន្តថា ទណ្ឌិតទាំងឡាយដែលអាចស្នើសុំការបន្ធូរបន្ថយទោស និងលើកលែងទោសត្រូវមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ តាមលក្ខខណ្ឌកំណត់ដោយច្បាប់ សម្រាប់ទោសដែលមិនមែនជាកម្មវត្ថុក្នុងការលើកលែងទោស បន្ធូរបន្ថយទោស ឬពិបាកក្នុងការលើកលែងទោស និងបន្ថយទោសនោះគឺមានដូចជាទោស ចាប់ជំរិតទារប្រាក់ ប្លន់សម្លាប់ រំលោភសម្លាប់ឃាតកម្មសាហាវឃោរឃៅ ទោសផលិត និងជួញដូរគ្រឿងញៀន ភារវកម្ម ជនប្រដាប់អាវុធ ទណ្ឌិតទទួលទោសច្រើនដង ទណ្ឌិតដែលជាប់ពន្ធនាគារច្រើនដង និងទណ្ឌិតធ្លាប់ល្មើសជាប់ពិន័យជាដើម។
លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ ម៉ុង ម៉េងអ៊ាន់ ប្រធានពន្ធនាគារខេត្ត បានឲ្យដឹងថា អង្គភាពពន្ធនាគារខេត្តត្បូងឃ្មុំ បានជ្រើសយកទណ្ឌិតចំនួន ៣៨នាក់ ស្រី ៣នាក់ មកដាក់ជូនគណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃកម្រិតកែប្រែរបស់ទណ្ឌិត សម្រាប់ឆ្នាំ២០២៦នេះ ក្នុងនោះពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ ខ្មែរ ចំនួន២៤នាក់ ស្រី០៣នាក់ និងពិធីបុណ្យវិសាខបូជា ចំនួន១៤នាក់។
គួរបញ្ជាក់ផងដែរថា ព្រះរាជាណាចក្រកម្ពុជា បានកំណត់យកពិធីបុណ្យចំនួន០៥ សំរាប់ស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសឲ្យទណ្ឌិត ក្នុងនោះមាន៖
១.ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ៧មករា, ២.ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ, ៣.ពិធីបុណ្យវិសាខបូជា, ៤.ពិធីបុណ្យឯករាជ្យជាតិ និង៥ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក៕











