អភិបាលក្រុងស្ទឹងត្រែង ចុះសួរសុខទុក្ខក្រុមគ្រួសារវីរកងទ័ពសមរភូមិជួរមុខ នៅសង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង

22-01-2026 21:00

(ស្ទឹងត្រែង)៖ លោក លី មីណា អភិបាលក្រុងស្ទឹងត្រែង ដឹកនាំក្រុមការងារ រួមមាន ចៅសង្កាត់សាមគ្គី មេភូមិ និងមន្ត្រីពាក់ព័ន្ធ ចុះសួរសុខទុក្ខ និងលើកទឹកចិត្តដល់ក្រុមគ្រួសាររបស់វីរកងទ័ពសមរភូមិជួរមុខ ដែលកំពុងឈរជើងបំពេញភារកិច្ចការពារព្រំដែនជាតិ នៅសមរភូមិជួរមុខ នៅភូមិហាងខូបាន សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

ការចុះជួបសួរសុខទុក្ខនាពេលនេះ គឺជាការបង្ហាញនូវការយកចិត្តទុកដាក់ និងការគាំទ្រយ៉ាងជិតស្និទ្ធពីសំណាក់រដ្ឋបាលក្រុងស្ទឹងត្រែង ចំពោះក្រុមគ្រួសាររបស់វីរកងទ័ព ដែលបានលះបង់កម្លាំងកាយចិត្ត បំពេញភារកិច្ចដ៏ថ្លៃថ្នូរ ក្នុងការការពារអធិបតេយ្យភាព បូរណភាពទឹកដី និងសន្តិភាពជាតិ។

មានប្រសាសន៍ក្នុងឱកាសនោះ លោក លី មីណា បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងការលើកទឹកចិត្តពីសំណាក់លោក ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង និងលោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង ព្រមទាំងថ្នាក់ដឹកនាំខេត្ត ជូនចំពោះក្រុមគ្រួសារវីរកងទ័ព ដែលកំពុងឈរជើងយ៉ាងអង់អាចនៅសមរភូមិជួរមុខ ដើម្បីការពារព្រំដែនជាតិ និងទប់ស្កាត់សកម្មភាពឈ្លានពានពីសំណាក់ប្រទេសថៃ។

លោកអភិបាលក្រុង បានគូសបញ្ជាក់ថា ការលះបង់របស់វីរកងទ័ព និងការអត់ធ្មត់របស់ក្រុមគ្រួសារ គឺជាមូលដ្ឋានដ៏សំខាន់ក្នុងការរក្សាសុខសន្តិភាព ស្ថិរភាពសង្គម និងអធិបតេយ្យភាពជាតិ ដែលជាមោទនភាពដ៏ខ្ពង់ខ្ពស់របស់ប្រជាជនខ្មែរទាំងមូល។

ក្នុងនាមរដ្ឋបាលក្រុងស្ទឹងត្រែង លោក លី មីណា ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមគ្រួសារវីរកងទ័ព ដែលបានលះបង់ និងគាំទ្រឲ្យកូនប្រុសចូលបម្រើជាកងទ័ព ដើម្បីការពារជាតិមាតុភូមិ ហើយបានអះអាងថា រដ្ឋបាលក្រុងនឹងបន្តយកចិត្តទុកដាក់ និងជួយឧបត្ថម្ភតាមលទ្ធភាព ដើម្បីសម្រាលការលំបាក និងលើកទឹកចិត្តដល់ក្រុមគ្រួសារកងទ័ពជានិច្ច។

ជាការឆ្លើយតប ក្រុមគ្រួសារវីរកងទ័ព បានសម្ដែងនូវក្តីរំភើប និងថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះថ្នាក់ដឹកនាំរដ្ឋបាលក្រុង និងថ្នាក់ដឹកនាំខេត្ត ដែលបានយកចិត្តទុកដាក់ ចុះសួរសុខទុក្ខ និងផ្តល់កម្លាំងចិត្ត ក្នុងពេលដែលកូនចៅរបស់ខ្លួនកំពុងបំពេញភារកិច្ចដ៏គ្រោះថ្នាក់នៅសមរភូមិជួរមុខ៕