រយៈពេល១ឆ្នាំ រដ្ឋបាលខេត្តក្រចេះ បានបំពេញតួនាទី ភារកិច្ច បម្រើពលរដ្ឋ ស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល

22-01-2026 21:13

(ក្រចេះ)៖ នៅក្នុងរយៈពេល១ឆ្នាំ នៃឆ្នាំ២០២៥ រដ្ឋបាលខេត្តក្រចេះ បានបំពេញតួនាទី ភារកិច្ច បម្រើប្រជាពលរដ្ឋ ស្របទៅតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត បន្តវេនពីសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី។

ជាក់ស្តែងនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦នេះ រដ្ឋបបាលខេត្តក្រចេះ បានរៀបចំពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ ក្រោមអធិបតីភាពលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ។

តាមលោក វ៉ា ថន អភិបាលខេត្តក្រចេះ បានឱ្យដឹងថា លទ្ធផលការងារដែលរដ្ឋបាលខេត្តខិតខំប្រឹងប្រែងសម្រេចបានជាច្រើននៅក្នុងឆ្នាំ២០២៥ ដោយកំណត់នូវទិស​ដៅការងារ​បន្តឆ្នាំ២០២៦ និងការ​ចូលរួម​​អនុវត្តតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែល​មាន​ដូច​ខាង​ក្រោម៖

ទី១៖ វឌ្ឍនភាពនៃការអនុវត្តគោលន​យោ​បាយ «ភូមិ ឃុំ-សង្កាត់ មាន​សុវ​ត្ថិ​​​ភាព» សភាពការណ៍សន្តិសុខសណ្ដាប់ធ្នាប់សង្គម និងសន្តិសុខនយោបាយនៅក្នុងខេត្ត មានស្ថាន​ភាព​ល្អ​ប្រសើរ ទោះបីជារងនូវផលប៉ះពាល់ពីសង្រ្គាមឈ្លានពាន​របស់កងទ័ពថៃយ៉ាងណាក៏ដោយ ក៏​សន្តិសុខ​ផ្ទៃ​​ក្នុង​របស់ខេត្ត​ ធានា​បានយ៉ាងរឹងមាំក្រោមការដឹកនាំរបស់​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​។ កិច្ចសហប្រតិបត្តិការជាមួយខេត្តជាប់ព្រំដែន​​ប្រទេសវៀតណាម​ (ខេត្តដុងណាយ) រក្សា​បាន​នូវ​​ចំណង​​មិត្តភាព សាមគ្គីភាព និងការជំរុញកិច្ចសហ​ប្រតិបត្តិ​​​​ការ​​លើគ្រប់​វិស័​យ ព្រមទាំងសហការយ៉ាង​ជិតស្និទ្ធ​ក្នុងការ​​បង្ការ ទប់ស្កាត់ និងបង្រ្កាបរាល់​បទល្មើសនានានៅ​តាម​បន្ទា​ត់​​ព្រំដែនដោយ​ត្រួតពិនិត្យ​យ៉ាងម៉ត់ចត់ទប់ស្កាត់នូវជំងឺឆ្លងគ្រប់ប្រភេទ ចូ​ល​ក្នុងខេត្ត។

ការអនុ​គោល​នយោ​បាយ «ភូមិ-ឃុំ-សង្កាត់​មាន​​សុវត្ថិភា​ព» ក្នុងឆ្នាំ២០២៥ បាន​ផ្សព្វ​ផ្សាយ​ខ្លឹមសារផែនការណែនាំ និងលក្ខណៈ​សម្បតិ្ត​​​ទាំង ៧យ៉ាង នៃគោ​ល​នយោ​បា​យ «ភូ​មិ-​​​​​ឃុំ-សង្កាត់មាន​សុវត្ថិ​​ភា​ព» ចំ​នួ​ន ​៩.៤៤៣លើក អ្នកចូលរួមសរុ​ប​​ ១៧១.៦៧៥នា​ក់​ ស្រី ៨៥.៨៣៩​នាក់​។ ការ​បង្រ្កាបបទល្មើស​មាន​ការ​ថយ​ចុះ ក្នុងនោះបទល្មើស​ព្រហ្ម​​ទណ្ឌ​​​​បង្រ្កាប​បាន​ចំនួន ៤៤លើក និង​បទល្មើស​គ្រឿងញៀនចំនួន ១៤៣លើក ល្បែងស៊ីសង​ខុសច្បាប់ចំនួន ​៤៦​លើក ​​ការបង្រ្កាបក្មេង​ទំនើង​​បាន​ចំនួន ​៣៨​លើក។ គ្រោះ​​​ថ្នាក់ចរាចរណ៍​កើត​ឡើង​ចំនួន ៩៥លើក។ បទល្មើសឆបោកតាមប្រព័ន្ធ​អនឡាញ (ONLINE SCAM​S) បង្រ្កា​ប​​បានចំនួន ១លើក ឃាត់ខ្លួនជនបរទេសសរុបចំនួន ៣១១​នាក់ ស្រី ៦១នាក់ ស្មើនឹង ៧សញ្ជាតិ។

ការផ្ដល់សេវា​សាធារណៈ និងសេវារដ្ឋបាលជូន​ប្រជាពល​រដ្ឋកាន់​តែមានភាពឆាប់រហ័ស និងមានប្រសិទ្ធភាព រីឯការដោះស្រាយសំណើ សំណូមពរ និងបញ្ហា​ប្រឈម​នានានៅតាមមូលដ្ឋាន ត្រូវបានយកចិត្តទុកដាក់ ដោះស្រាយតាមរយៈ​ការចុះ​ធ្វើវេទិកា​សាធារណៈនៅតាមមូលដ្ឋានដែលរៀ​ប​ចំ​ឡើង​ដោយ​រដ្ឋបាលថ្នាក់​ក្រោមជាតិ និងក្រុមការងារ​រាជរដ្ឋា​ភិបាលចុះមូលដ្ឋាន។

ជាមួយនឹងលទ្ធផលដែលសម្រេចបានក្ដី ក៏នៅមានបញ្ហាប្រឈមសេសសល់មួយចំនួន ដែលស្នើឱ្យអាជ្ញាធរ សមត្ថកិច្ច​ពាក់ព័ន្ធ និងផ្នែកជំនាញខិតខំរួមគ្នាដោះស្រាយរួមមាន៖ បញ្ហា​គ្រឿង​​ញៀន គ្រោះ​ថ្នាក់​ចរាច​រណ៍ លួច ក្មេងទំនើង គ្រោះថ្នាក់អគ្គីភ័យ ល្បែងស៊ីសងខុសច្បាប់ បទល្មើស​ឆបោក​តាមប្រព័ន្ធអនឡាញ (ONLINE SCAMS) ការជួញដួរមនុស្សជាដើម។ ទន្ទឹមនេះសម្ភារ​បច្ចេកទេស​​​សម្រាប់​បម្រើឱ្យ​ប្រតិបត្តិការនៅមិនទាន់មានគ្រប់គ្រាន់ និងកង្វះខ្វះខាត​មន្រ្តីមាន​ជំនាញបច្ចេកទេស។ អាជ្ញាធរខិត​ខំជម្រុញពង្រឹងការអនុវត្តគោល​នយោបាយ «ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព» ឱ្យកាន់តែមានប្រសិទ្ធភាព និងសំណូមពរដល់ក្រសួង-ស្ថាប័ន​​ពាក់ព័ន្ធជួយគាំទ្របណ្ដុះបណ្ដាលបំពាក់បំប៉នសមត្ថភាព ចំណេះដឹង បច្ចេកទេស​បន្ថែម​ដល់​កម្លាំងសមត្ថកិច្ចជំនាញ និងការផ្ដល់នូវមធ្យោបាយ ឧករណ៍សម្ភារចាំបាច់នានាសំដៅកាត់បន្ថយ និង​ឈាន​ទៅលុបបំបាត់ទាំងស្រុងនូវបទល្មើសនៅទូទាំងខេត្ត។ បានប្ដេជ្ញា​យ៉ាង​មុតមាំ ក្នុងការ​​ទប់ស្កាត់ និងបង្រ្កាបល្បែងស៊ីសងខុសច្បាប់ ល្បែងអនឡាញ និងបទល្មើសឆបោក​តាម​ប្រព័ន្ធ​អនឡាញ (ONLINE SCAMS) គ្រប់ទម្រង់ដើម្បីលុបបំបាត់មិនឱ្យមាននៅក្នុងខេត្ត។
ទី២៖ ការពង្រឹងគុណភាពសេវាសុខាភិបាល ក្រោ​ម​ការដាក់ចេញនូវកម្មវិធីកំណែ​ទម្រង់​របស់រាជ​រដ្ឋាភិបាល និងការ​យក​ចិត្តទុកដាក់របស់រដ្ឋបាល​ខេត្ត បានបង្កើននូវទំនុកចិត្ត និង​ដោះស្រាយនូវរាល់ការលំបាក​របស់​ប្រជា​ពល​​រដ្ឋ​​​​​ដែល​មកទទួលសេវា ​​ត្រូវ​បាន​កាត់​បន្ថយ​​ដូចជា ពេលវេលា ការ​​​​​ចំ​ណា​​យ​​ថវិកា ការយកចិត្ត​ទុកដាក់​ពិនិត្យ ថែទាំ​អ្នកជំងឺ និងការចេញថ្លៃសេវាព្យាបាលជំនួស​ពី​រាជ​​រដ្ឋាភិ​បា​ល តាមរយៈប័ណ្ណមូល​និធិសមធម៌ រួមជាមួយ​នឹង​ការឧបត្ថម្ភសាច់ប្រាក់ជូន​ស្រ្តីក្រី​ក្រ​មាន​ផ្ទៃ​ពោះ និង​កុមារ​អាយុក្រោម២ឆ្នាំ។ ជាលទ្ធផល​ក្នុង​ឆ្នាំ​២០២៥​នេះ អ្នក​​ជំងឺចូលសម្រាកមន្ទីរពេទ្យ​មាន​ចំនួ​ន ៤១.៧១៩នាក់ និងអ្នកជំងឺមក​ពិគ្រោះ​ចំនួ​ន ២១៨.០៦៩​​​នាក់ ព្រមទាំងការផ្ដល់សេវាសុខាភិបាលផ្សេងៗ​ទៀតកាន់តែល្អប្រសើរ​ឡើង ដោយទទួល​​បាន​​​ការ​សាទរ ​និងគាំទ្រពីប្រជាពលរដ្ឋ។​

ទី៣៖ ការពង្រឹងការអនុវត្តមុខងារអប់រំ នៃរដ្ឋបាលក្រុង ស្រុក រាជរដ្ឋាភិបាលបានធ្វើការកែទម្រង់ស៊ីជម្រៅ និងជាប្រវត្តិសាស្ត្រតាមរយៈការផ្ទេរមុខងារ និងធនធានដល់រដ្ឋបាលថ្នាក់ក្រោមជាតិជាពិសេសរដ្ឋបាលក្រុង ស្រុក ដែលជារដ្ឋបាល​មូលដ្ឋាន​ក្នុងការ​បង្ខិតការធ្វើសេចក្តីសម្រេចចិត្តក្នុងការដឹកនាំគ្រប់គ្រងការចាត់ចែង និងការ​ផ្តល់សេវា​សាធារណៈ និងសេវារដ្ឋបាលឱ្យទៅកៀកជិតនឹងប្រជាពលរដ្ឋ ដើម្បីឱ្យរដ្ឋបាល​ក្រុង ស្រុក ក្លាយ​ជា​រដ្ឋបាលមូលដ្ឋានស្របតាម​គោលការណ៍នៃរដ្ឋបាល​ឯកភាព និងមានសមត្ថភាព​សមស្រប​ក្នុងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋានតាមតម្រូវការរបស់ប្រជាពលរដ្ឋ។

ទី៤៖ ការងារគ្រប់គ្រងតំបន់ការពារ អភិរក្សធនធានធម្មជាតិ និងបរិស្ថាន ខេត្តមានតំបន់ការពារ​ធម្មជាតិ​​​ចំនួន ៦កន្លែងរួមមាន៖ ដែនជម្រកសត្វព្រៃ ព្រៃឡង់ ដែនជម្រកសត្វព្រៃកែវសីមា ដែនជម្រក​សត្វ​ព្រៃ ព្រែក​ប្រសព្វ ដែនជម្រក សត្វព្រៃសំបូរ តំបន់ប្រើប្រាស់ច្រើនយ៉ាង​សរសរស្តម្ភ​សត្វតោ និងដែន​ជម្រក​សត្វ​ព្រៃ​លំផាត់ ដែលមានផ្ទៃដីចំនួន២៨៣.១៨០ហិកតា។

វិស័យទេសចរណ៍ បានចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចខេត្ត និងចូលរួមដោយផ្ទាល់ ដល់ប្រជាពលរដ្ឋ​ដែលរស់នៅតាមសហគមន៍ទេសចរណ៍ តំបន់រមណីយដ្ឋានទេសចរណ៍ តាមរយៈការផ្តល់ឱកាសការងារ និងមុខរបរ។ អាស្រ័យដោយសក្ដានុពល និងធនធានធម្មជាតិ វប្បធម៌ ប្រវត្តិសាស្រ្ត និងសត្វផ្សោត​ទឹកសាប​ទន្លេមេគង្គដែលជាថនិកសត្វដ៏កម្រ ដែលត្រូវបានអភិរក្ស​យ៉ាងម៉ឺង​ម៉ាត់ ហើយកែច្នៃទៅជាតំបន់​រមណីយ​ដ្ឋាន មានភាពទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរ​ជាតិ។ ជាក់ស្តែង នៅក្នុងឆ្នាំ២០២៥ ភ្ញៀវមកលេងកម្សាន្តក្នុងខេត្តក្រចេះ សរុប​រួមទាំង​ភ្ញៀវជាតិ និងអន្តរជាតិ​មាន​ចំនួន ​​៥១២.៨២៣នាក់​។

ទី៥៖ ប្រសិទ្ធភាពនៃការអនុវត្តគម្រោងមូលនិធិក្រុង-ស្រុក និងឃុំ-សង្កាត់ គោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ គឺជាយុទ្ធសាស្ត្រកំណែទម្រង់រដ្ឋបាលថ្នាក់ ក្រោម​ជាតិដែលរាជរដ្ឋាភិបាលកម្ពុជា បានផ្ទេរអំណាចមុខងារ និងធនធានពីថ្នាក់ជាតិទៅថ្នាក់ក្រោមជាតិ​ (ខេត្ត-ក្រុង-ស្រុក ឃុំ-សង្កាត់) ដើម្បីពង្រឹងការចូលរួមការទទួលខុសត្រូវ និងប្រសិទ្ធភាពក្នុងការផ្តល់​សេវា​​សា​ធារណៈ តាមរយៈការលើកកម្ពស់ស្វ័យភាព តម្លាភាព និងការអភិវឌ្ឍន៍​នៅមូលដ្ឋាន​។​ការអនុវត្តគម្រោងប្រចាំឆ្នាំ ទាំងគម្រោងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងគម្រោងសេវាសង្គម ត្រូវបានអនុវត្ត​ត្រឹមត្រូវតាមគោលការណ៍ណែនាំ និងបែបបទ នីតិវិធី ដែលបានកំណត់ជាធរមាន ជាពិសេសការ​ធ្វើលទ្ធកម្មសាធារណៈ និងការអនុវត្តគម្រោង ធានានូវគុណភាព ប្រសិទ្ធភាព និងឆ្លើយតប​នឹង​តម្រូវការ ពិតប្រាកដរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

ទី៦៖ ការរៀបចំប្លង់គោលប្រើប្រាស់ដីថ្នាក់ក្រុង-ស្រុក និងការគ្រប់គ្រងសណ្តាប់ធ្នាប់សំណង់ និងដីចំណីផ្លូវ ការងាររៀបចំដែនដី និងគ្រប់គ្រងការអភិវឌ្ឍក្រុង សម្រចបានការរៀបចំប្លង់គោល​ប្រើប្រាស់ដី​ក្រុងក្រចេះ ដោយបានអនុវត្តចប់ និងរង់​ចាំ​ការ​សម្រចពីថ្នាក់ជាតិ​ ព្រមទាំងផែនការរៀបចំដែនដីខេត្ត​រង់ចាំការអនុម័ត និងឃុំ សង្កាត់ចំនួន១១ កំពុងបន្តអនុវត្ត។ ​ត្រួតពិនិត្យ ​និង​ទប់ស្កាត់ការដ្ឋានសាងសង់គ្មានលិខិតអនុញ្ញាតចំនួន ២៥ការដ្ឋាន និងអនុញ្ញាតឱ្យ​សាង​សង់​ចំនួន ១៦គម្រោងឡើងវិញ៕