អ្នកជម្រះបញ្ជីឲ្យធនាគារ ព្រីនស៍ ប្រកាសដេញថ្លៃលក់កញ្ចប់ឥណទាន ដើម្បីធានានូវផលប្រយោជន៍ជូនអ្នកដាក់ប្រាក់បញ្ញើ និងម្ចាស់បំណុល

22-01-2026 14:26

(ភ្នំពេញ)៖ ក្រុមហ៊ុន ម៉ូរីសុនកាក់ អឹមខេអេ អឌីត-អាក់ខោនធីង (Morisonkak MKA Audit-Accounting Co., Ltd) ដែលត្រូវបានតែងតាំងដោយធនាគារជាតិនៃកម្ពុជា ធ្វើជាអ្នកជម្រះបញ្ជីឲ្យធនាគារ ព្រីនស៍ ម.ក បានប្រកាសលក់កញ្ចប់ឥណទានរបស់ធនាគារ ព្រីនស៍ ទៅឲ្យគ្រឹះស្ថានធនាគារ និងហិរញវត្ថុ ដើម្បីធានាឲ្យបានជាអតិបរមានូវផលប្រយោជន៍ អ្នកដាក់ប្រាក់បញ្ញើ និងម្ចាស់បំណុលរបស់ធនាគារ។

នីតិវិធីនៃការលក់កញ្ចប់ឥណទាននេះ នឹងត្រូវធ្វើឡើងតាមរយៈការចរចាលើលក្ខខណ្ឌវិជ្ជាជីវៈ និងការដេញថ្លៃ (Bidding) ប្រកបដោយតម្លាភាព។

គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដែលមានចំណាប់អារម្មណ៍ (Letter of Interest)ក្នុងការចូលរួមដេញថ្លៃកញ្ចប់ឥណទាន សូមទំនាក់ទំនងមកការិយាល័យអ្នកជម្រះបញ្ជី ដែលមានអាសយដ្ឋានស្ថិតនៅទីស្នាក់ការកណ្តាលនៃធនាគារ ព្រីនស៍ នៅអគារលេខ៤៤៥ ជាន់ទី១ ផ្លូវព្រះមុនីវង្ស កែងផ្លូវ២៣២ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ និងទូរស័ព្ទទំនាក់ទំនងលេខ 076 345 45 92 ដើម្បីដាក់លិខិតចំណាប់អារម្មណ៍ចូលរួមដេញថ្លៃ ស្របតាមនីតិវិធីនៃការលក់កញ្ចប់ឥណទានខាងលើ យ៉ាងយូរបំផុត
ត្រឹមថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ២០២៦។

អ្នកជម្រះបញ្ជីឲ្យធនាគា ព្រីនស៍ ម.ក បញ្ជាក់ជូនអតិថិជនដែលបានខ្ចីប្រាក់ពីធនាគារ ព្រីនស៍ ម.ក ផងដែរថា ការលក់កញ្ចប់ឥណទាននេះ គឺជាការអនុវត្តដំណើរការជម្រះបញ្ជី ហើយអតិថិជនដែលបានខ្ចីប្រាក់ពីធនាគារ ត្រូវបន្តអនុវត្តកាតព្វកិច្ចបង់ប្រាក់កម្ចីស្របតាមច្បាប់ បទប្បញ្ញត្តិ និងកិច្ចសន្យាឥណទានដដែល ហើយរាល់ទ្រព្យបញ្ចាំ និងឯកសារពាក់ព័ន្ធនឹងកម្ចីទាំងអស់ នឹងត្រូវបានរក្សាទុកដោយសុវត្ថិភាព និងស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន៕