អភិបាលខេត្តបាត់ដំបង អញ្ជើញបើកការដ្ឋានសាងសង់ផ្លូវលេខ៤០៩ ស្ថិតនៅសង្កាត់ទួលតាឯក ក្រុងបាត់ដំបង

22-01-2026 22:33

(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង នៅរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦នេះ បានអញ្ជើញជាគណៈអធិបតីបើកការដ្ឋានសាងសង់ផ្លូវលេខ៤០៩ ក្រាលកម្រាលបេតុងសរសៃដែក ប្រវែង ៨៥០ម៉ែត្រ ទទឹង៥ម៉ែត្រ ស្ថិតនៅសង្កាត់ទួលតាឯក ក្រុងបាត់ដំបង។

ថ្លែងនាឱកាសនោះលោក សុខ លូ បានបង្ហាញការកត់សម្គាល់ថា បន្ទាប់ពីសាងសង់ប្រព័ន្ធលូក្រោមដីនៅពីក្រោមផ្លូវ៤០៩រួចមកពិតជាបានជួយរំដោះទឹកភ្លៀង ពីក្នុងក្រុងបាត់ដំបង លែងបង្កឱ្យមានការលិចលង់ទៀតហើយ។

លោកអភិបាលខេត្ត ក៏បានពន្យល់ប្រាប់ប្រជាពលរដ្ឋថា សម្រាប់ខេត្តបាត់ដំបង ជាពិសេសក្រុងបាត់ដំបង មានភ័ព្វសំណាងដែលបានទទួលគម្រោងធំៗចំនួន៣ ដែលជាថវិកាហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) អនុវត្តន៍គម្រោងដោយក្រសួងសាធារណការ និងដឹកជញ្ជូនរួមមាន៖ (១) ការសាងសង់ទីលានចាក់សំរាមស្ដង់ដារនៅឃុំតាគ្រាម ស្រុកបាណន់ ដែលបាននិងកំពុងប្រើប្រាស់ដែលជាទីលានចាក់សំរាមស្ដង់ដារធំជាងគេមួយនៅកម្ពុជា, (២) គម្រោងសាងសង់ប្រព័ន្ធរំដោះទឹកកខ្វក់នៅប៉ែកខាងកើតស្ទឹងបានសាងសង់រួចរាល់១០០ភាគរយ និងបានស្ថាបនាជួសជុលផ្លូវជាបន្តបន្ទាប់ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

ចំពោះការសាងសង់នៅខាងកើតស្ទឹង គឺមានភាពងាយស្រួលដោយសារមានប្រព័ន្ធរំដោះទឹកភ្លៀងនៅតាមបណ្ដាផ្លូវមួយចំនួនរួចហើយ បច្ចុប្បន្នទឹកភ្លៀង និងទឹកកខ្វក់នៅប៉ែកខាងកើតស្ទឹងសង្កែត្រូវបានប្រមូលយកទៅធ្វើប្រព្រឹត្តកម្មនៅអាងប្រព្រឹត្តកម្មទឹកកខ្វក់លើផ្ទៃដីទំហំ ១០ហិកតា នៅស្រុកសង្កែ មុនបង្ហូរចូលទៅក្នុងប្រភពទឹកធម្មជាតិ ដែលឱ្យអាចប្រជាពលរដ្ឋប្រើប្រាស់ និងស្រោចស្រពដំណាំកសិកម្មផ្សេងៗ (៣) គម្រោងសាងសង់ប្រព័ន្ធរំដោះទឹកកខ្វក់នៅប៉ែកខាងលិចស្ទឹង សម្រេចការសាងសង់រួចរាល់កាលពីខែធ្នូឆ្នាំ២០២៥ ដែលនឹងត្រូវប្រមូលទឹកកខ្វក់ពីផ្ទះប្រជាពលរដ្ឋយកទៅអាងប្រព្រឹត្តកម្មទឹកកខ្វក់លើផ្ទៃដីទំហំ ៨,៩ហិកតា នៅស្រុកឯកភ្នំ។

លោក សុខ លូ បញ្ជាក់ឱ្យដឹងទៀតថា នៅក្នុងឆ្នាំ២០២៦នេះ ផ្លូវនៅក្នុងក្រុងបាត់ដំបងប្រមាណជិត ៤០ខ្សែនឹងត្រូវធ្វើការជួសជុលសាងសង់ឡើងវិញជាបន្តបន្ទាប់ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងបានជំរុញឱ្យអាជ្ញាធរក្រុង និងសង្កាត់ ត្រូវយកចិត្តទុកដាក់ក្នុងការរំដោះ និងទប់ស្កាត់ការរំលោភដីចំណីផ្លូវ បើកផ្លូវឱ្យបានធំទូលាយនិងរៀបចំដាក់សឡាបំភ្លឺផ្លូវសាធារណៈ ដើម្បីសុខសុវត្ថិភាពក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ៕