ក្រសួងបរិស្ថាន ធ្វើការគ្រប់គ្រងគុណភាពខ្យល់ ដោយផ្សព្វផ្សាយជាប្រចាំ និងវិធានការទប់ស្កាត់ បញ្ឈប់ ការដុតសំណល់កសិកម្ម គល់ជញ្ជ្រាំង ដុតទន្រ្ទានព្រៃ សំរាម សំណល់រឹង ប្លាស្ទិក ដែលជាប្រភពធ្វើឱ្យគុណភាពខ្យល់ធ្លាក់ចុះ

23-01-2026 11:06

(ប៉ៃលិន)៖ ដើម្បីកាត់បន្ថយផលប៉ះពាល់នៃគុណភាពខ្យល់កខ្វក់ ទៅលើសុខភាពសាធារណៈ និងចូលរួមជំរុញភាពស្អាតនៅកម្ពុជា ក្រសួងបរិស្ថានបានធ្វើការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានអប់រំប្រជាពលរដ្ឋ និងអនុវត្តវិធានការទប់ស្កាត់ និងបញ្ឈប់ការដុតសំណល់កសិកម្ម គល់ជញ្ជ្រាំង ដុតទន្រ្ទានព្រៃ សំរាម សំណល់រឹង ប្លាស្ទិក ដែលជាប្រភពធ្វើឱ្យគុណភាពខ្យល់ធ្លាក់ចុះ។

លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងបែបបនេះ នៅក្នុងពិធីផ្សព្វផ្សាយសារចរលេខ០១ របស់រាជរដ្ឋាភិបាល និងជំរុញសកម្មភាពដើម្បីភាពស្អាតទប់ស្កាត់ការបំពុលខ្យល់សាធារណៈ រៀបចំដោយនាយកដ្ឋានគ្រប់គ្រងខ្យល់ សំឡេង និងរំញ័រ អគ្គនាយកដ្ឋានគាំពារបរិស្ថាននៃក្រសួងបរិស្ថាន សហការជាមួយមន្ទីរបរិស្ថានខេត្តប៉ៃលិន ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ រដ្ឋបាលខេត្តប៉ៃលិន អាជ្ញាធរក្រុមូលដ្ឋាន លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សជាច្រើននាក់ នៅក្នុងវិទ្យាល័យ​ ហ៊ុន សែន ក្រុងទេពនិម្មិតប៉ៃលិន ក្នុងក្រុងប៉ៃលិន ខេត្តប៉ៃលិន។

ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងថា ក្រសួងបរិស្ថាន បាននឹងកំពុងទទួលបានការចូលរួមពីប្រជាពលរដ្ឋ និងអនុវត្តសកម្មភាពជាប្រចាំនៃយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើប្រាស់ថង់ប្លាស្ទិក» យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» និង «យុទ្ធនាការផ្លូវជាតិគ្មានថង់ប្លាស្ទិក» ដែលសុទ្ធសឹងតែជាការចូលរួមលើកកម្ពស់គុណភាពខ្យល់ តាមរយៈការសម្អាតប្លាស្ទិក និងការជៀសវាងការដុតប្លាស្ទិកនៅតាមទីសាធារណៈ។ បន្ថែមពីនេះទៀត ក្រសួងបរិស្ថានបានពង្រឹង និងជំរុញការផ្សព្វផ្សាយនូវសារាចរលេខ០១ របស់រាជរដ្ឋាភិបាលស្តីពី វិធានការទប់ស្កាត់ការបំពល់ខ្យល់សារធារណៈ និងបានផ្សព្វផ្សាយអំពីការទប់ស្កាត់ការដុត សំណល់កំទេចក្រណាត់ និងធ្វើការជូនដំណឹងរួមទាំងវិធានការទប់ស្កាត់ភ្លើងឆេះព្រៃផងដែរ។

ជាមួយគ្នានេះ ក្រសួងបរិស្ថានមិនបានលក់បាំងព័ត៌មានស្តីពីគុណភាពខ្យល់នោះទេ។ ក្រសួងបរិស្ថានបានផ្សព្វផ្សាយនូវសន្ទស្សន៍គុណភាពខ្យល់ ដោយផ្ទាល់ រាល់វិនាទី តាមរយៈគេហទំព័រ airquality.moe.gov.kh ទំព័រហ្វេសប៊ុករបស់ក្រសួង Ministry of Environment និងប្រព័ន្ធAPPចក្រា ឈ្មោះ CSA SPA ដើម្បីឱ្យសាធារណជនតាមដានជាប្រចាំ។

លោក ខ្វៃ អាទិត្យា បានបន្ថែមថា រហូតមកទល់នឹងពេលនេះ ពុំទាន់មានរបាយការណ៍ណាមួយដែលគុណភាពខ្យល់របស់យើង ប៉ះពាល់ដល់សុខភាពនោះទេ ដោយគុសារណភាពខ្យល់របស់ប្រទេសកម្ពុជាឈរនៅកម្រិត ល្អនៅឡើយ។

ក្នុងឱកាសនៃពិធីផ្សព្វផ្សាយលោក ហែម ឬទ្ធី អភិបាលរងខេត្តប៉ៃលិន បានថ្លែងអំណរគុណដល់ ការរៀបចំយុទ្ធនាការជំរុញសកម្មភាពទប់ស្កាត់ការបំពុលខ្យល់សាធារណៈ របស់ក្រសួងបរិស្ថាន។

លោកបានបន្ថែមថា រដ្ឋបាលខេត្តប៉ៃលិន ចូលរួមសហការបន្តវិធានការផ្សព្វផ្សាយ សារាចរលេខ០១របស់រាជរដ្ឋាភិបាល ជាពិសេសធ្វើការអប់រំប្រជាពលរដ្ឋ និងអនុវត្តវិធានការទប់ស្កាត់ និងបឈ្ឈប់ការដុតសំណល់កសិកម្ម គល់ជញ្ជ្រាំង ដុតទន្រ្ទានព្រៃ សំរាម សំណល់រឹង ប្លាស្ទិក ដែលជាប្រភពធ្វើឱ្យគុណភាពខ្យល់ធ្លាក់ចុះ៕