ក្រសួងធម្មការ និងសាសនា ចេញសេចក្តីណែនាំស្ដីពី ការរៀបចំពិធីបុណ្យមាឃបូជា នៅថ្ងៃទី០២-០៣ ខែកុម្ភៈ ឆ្នាំ២០២៦

23-01-2026 12:09

(ភ្នំពេញ)៖ ក្រសួងធម្មការ និងសាសនា ចេញសេចក្តីណែនាំស្ដីពី ការរៀបចំពិធីបុណ្យមាឃបូជា នៅថ្ងៃទី០២- ០៣ ខែកុម្ភៈ ឆ្នាំ២០២៦ខាងមុខនេះ និងបានណែនាំឱ្យ​មន្ទីរធម្មការ និងសាសនា គ្រប់រាជធានី ខេត្ត ត្រូវបំផុសឱ្យគ្រប់វត្តអារាមរៀបចំពិធីបុណ្យ មាឃបូជា ឱ្យបានមហោឡារិក ស្របតាមទំនៀមទម្លាប់ ប្រពៃណីជាតិ និងជ្រើសរើសវត្តណាមួយដែលមានលក្ខណៈសមស្របប្រារព្ធពិធីបុណ្យ មាឃបូជា ជាផ្លូវការ។ នេះបើតាមសេចក្ដីណែនាំដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦នេះ។

នៅក្នុងសេចក្តីណែនាំរបស់ក្រសួងធម្មការ និងសាសនា បានបញ្ជាក់ឱ្យដឹងថា រាជរដ្ឋាភិបាលបានចាត់ចែងរៀបចំពិធីបុណ្យ មាឃបូជា នៅបរិវេណព្រះមហាសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យ (ឧត្តុង្គ) ស្រុកពញាឮ ខេត្តកណ្តាល ដោយមានថ្នាក់ដឹកនាំជាន់ខ្ពស់ ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្ត្រីរាជការ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និស្សិត សិស្ស សីលវន្ត សីលវតី និងពុទ្ធបរិស័ទ ចូលរួម បំពេញកុសលតាមប្រពៃណីព្រះពុទ្ធសាសនា ស្របតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានចែងថា ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ។ ឆ្នាំនេះពិធីបុណ្យ មាឃបូជា ប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ គឺថ្ងៃចន្ទ ១៥កើត និងថ្ងៃអង្គារ ១រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២ និងថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦។

ដើម្បីឱ្យពិធីបុណ្យ មាឃបូជាឆ្នាំនេះ មានភាពអធិកអធម ក្រសួងធម្មការ និងសាសនា សូមធ្វើការណែនាំដល់មន្ទីរធម្មការនិងសាសនា គ្រប់រាជធានី ខេត្ត ដូចខាងក្រោម៖

ទី១៖ ត្រូវបំផុសឱ្យគ្រប់វត្តអារាមរៀបចំពិធីបុណ្យ មាឃបូជា ឱ្យបានមហោឡារិក ស្របតាមទំនៀមទម្លាប់ ប្រពៃណីជាតិ និងជ្រើសរើសវត្តណាមួយដែលមានលក្ខណៈសមស្របប្រារព្ធពិធីបុណ្យ មាឃបូជា ជាផ្លូវការ។

ទី២៖ ត្រូវសហការជាមួយព្រះមេគណ ព្រះអនុគណ ព្រះចៅអធិការ អាចារ្យ គណៈកម្មការវត្ត រៀបចំបោសសម្អាត តុបតែងលម្អវត្តអារាម ដោយមានរូបភាពព្រះពុទ្ធទ្រង់ប្រសូតិ ត្រាស់ដឹង ចតុរង្គសន្និបាត ទ្រង់សម្តែងឱវាទព្រះបាតិមោក្ខ ទ្រង់កំណត់ដាក់ព្រះជន្មាយុសង្ខារ និងលើកទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ ទង់រំយោល ពុទ្ធភាសិត បដាពាក្យស្លោកផ្សេងៗ ព្រមទាំងរៀបចំពិធីចម្រើនព្រះបរិត្ត សម្តែងធម៌ទេសនា ដឹកនាំពុទ្ធបរិស័ទធ្វើសមាធិវិបស្សនាកម្មដ្ឋានជាដើម ដើម្បីសម្អាតកាយ វាចាចិត្ត ឱ្យបានបរិសុទ្ធផូរផង់។

ទី៣៖ ត្រូវសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ការពារសុវត្ថិភាពនៅក្នុងពិធីបុណ្យ និងបានអំពាវនាវសប្បុរសជនពុទ្ធបរិស័ទ ឱ្យអញ្ជើញចូលរួមបំពេញកុសលតាមសទ្ធាជ្រះថ្លារៀងៗខ្លួន ដើម្បីជាគុណប្រយោជន៍ដល់ការថែរក្សានូវអត្តសញ្ញាណជាតិ ប្រពៃណីព្រះពុទ្ធសាសនា និងលើកកម្ពស់សីលធម៌សង្គម៕

ខាងក្រោមនេះជាសេចក្តីណែនាំរបស់ក្រសួងធម្មការ និងសាសនា៖