មេភូមិបង្កោង៖ ពិធីចាប់ត្រី ដែលជាទំនៀមដូនតាខ្មែរ នឹងធ្វើនៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦

23-01-2026 12:18

(សៀមរាប)៖ លោក ពេជ្រ ឃិន មេភូមិបង្កោង បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា ពិធីចាប់ត្រី ដែលជាទំនៀមដូនតាខ្មែរតាំងពីដើមមក ដើម្បីអបអរពិធីបុណ្យឡើងមាឃ នឹងរៀបចំធ្វើនៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦។

លោកបានបន្ថែមថា ភូមិបង្កោង ដែលជាភូមិស្ថិតក្នុងតំបន់អង្គរមួយនេះ នឹងធ្វើពិធីចាប់ត្រីនៅថ្ងៃទី៨ ធ្វើពិធីបុណ្យឡើងមាឃ នៅថ្ងៃទី៩ និងធ្វើពិធីឆ្លងនៅថ្ងៃទី១០ ដោយមានពូនភ្នំខ្សាច់ផងដែរ។

ពិធីចាប់ត្រីរបស់អ្នកភូមិបង្កោង ជាកិច្ចពិធីមួយស្របពេលនឹងពិធីឡើងមាឃ ពោលគឺគេមិនមែនចេះតែធ្វើទេ ប៉ុន្តែជាការរក្សាទំនៀមទម្លាប់ដូនតាខ្មែរ ដែលជាវប្បធម៌បេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ជាមរតកមនុស្សរស់ នៅក្នុងដួងចិត្តខ្មែរយើង មិនអាចលុបបំបាត់បាន។

ចំពោះកិច្ចពិធីឡើងមាឃ មានប្រវត្តិយូរលង់មកហើយ ដែលអ្នកស្រុកអង្គរតែងធ្វើជាទៀងទាត់នៅរដូវក្រោយច្រូតកាត់ ដែលបញ្ជាក់ថា វដ្ដរដូវកសិកម្មបានបញ្ចប់ហើយ។ កិច្ចពិធីនេះ អ្នកស្រុកក៏បានស្នើសុំអ្នកតាដែលជាម្ចាស់ស្រុក សូមជួយថែរក្សាដល់អ្នកភូមិឱ្យសុខសប្បាយ ជៀសឆ្ងាយពីជំងឺនានា និងសុំឱ្យមានភ្លៀងធ្លាក់គ្រប់គ្រាន់នារដូវកសិកម្មបន្ទាប់។ នេះបើតាមអាជ្ញាធរជាតិអប្សរា។

បច្ចុប្បន្ន នៅជុំវិញតំបន់អង្គរ គឺភូមិជាច្រើននៅតែប្រារព្ធពិធីឡើងមាឃនេះ ដូចជា៖ ភូមិរលួស និងភូមិដូននំ (ឃុំបាគង) ភូមិបង្កោង, ភូមិគីរីមានន្ទ និងភូមិត្នោត(ឃុំអំពិល)ស្រុកប្រាសាទបាគង ភូមិនគរក្រៅ ភូមិគោកត្នោត ភូមិគោកបេង (សង្កាត់គោកចក) ភូមិក្រវាន់ (សង្កាត់នគរធំ) ភូមិសាលាក្រវាន់ (ឃុំរំចេក) ភូមិក្រសាំងរលើង(សង្កាត់សៀមរាប) ភូមិភ្នំក្រោម (សង្កាត់ចុងឃ្នៀស) ក្រុងសៀមរាប ភូមិប្រដាកនិងភូមិថ្នល់ត្រង់ (ឃុំព្រះដាក់) ភូមិស្រែចង្កូត (ឃុំរុនតាឯក) ស្រុកបន្ទាយស្រី និងភូមិដូនឪ ភូមិតាប្រុក ព្រមទាំងភូមិលាងដៃ (ឃុំលាងដៃ) ស្រុកអង្គរធំជាដើម។

*ឈ្វេងយល់ពីពិធីចាប់ត្រីក្នុង «សហគមន៍» អ្នកភូមិ «បង្កោង» ជាទំនៀមដូនតា មិនអាចបំបាត់បានឡើយ

ពាក្យថា «សហគមន៍» នៅទីនេះប្រើក្នុងន័យទូទៅថាជាក្រុមមនុស្ស ដែលរស់នៅក្នុងភូមិមួយជាមួយគ្នា ឬក៏ភូមិមួយចំនួនដែលនៅជាប់ៗគ្នា ហើយដែលហាក់ដូចជាផ្សេងពីគ្នាដោយសារតែការកម្រិតព្រំដែនរដ្ឋបាលប៉ុណ្ណោះ។ នៅផ្នែកខាងកើតនៃតំបន់អង្គរ ក្នុងចំណោមភូមិដែលមានឈ្មោះលេចធ្លោជាងគេ មានភូមិមួយដែលសព្វថ្ងៃសរសេរជា «បង្កោង» ហើយឈ្មោះនេះ អ្នកស្រុកជាទូទៅ ទោះជារស់នៅឆ្ងាយពីនោះល្មមៗក៏តែងតែស្គាល់ ឬធ្លាប់ឮ។ សិលាចារឹកពីស.វ.ទី៩ដែលគេប្រទះឃើញនៅតំបន់រលួសក៏និយាយ ច្រើនកន្លែងពីភូមិនោះ ដោយសរសេរថា «វកោង»។ មិនត្រឹមតែសិលាចារឹកទេដែលធ្វើឲ្យយើងដឹងថាភូមិនោះ ឬក្រុមភូមិម្ដុំនោះមានតាំងពីបុរាណកាល គឺយើងអាចឃើញតឹកតាងរឿងនេះដោយឃើញថា មានសំណល់ឡកុលាលភាជន៍ពីសម័យនោះច្រើន ដែលទើបនឹងខូចខាតជាស្ថាពរក្នុងពេលថ្មីនេះ។

សម្បត្តិមួយដែលជាសម្បត្តិរួមនៃអ្នកស្រុកភូមិបង្កោង គឺត្រពាំងមួយដែលគេហៅថា «ត្រពាំងបឹង»ហើយដែលមានផ្ទៃក្រឡាទំហំប្រមាណមួយហិកតា។ តម្រុយមួយដែលឲ្យស្មានបានថានេះជាត្រពាំងបុរាណ គឺយើឃើញមានថ្មគោលមួយនៅក្នុងនោះ។ បើតាមអ្នកខ្លះអះអាង គឺកាលពីមុននេះមានថ្មគោលដល់ទៅពីរ ប៉ុន្តែថ្មមួយទៀតគេលួចបាត់ទៅ ដោយសារនៅលើនោះមានចម្លាក់។

ប្រពៃណីអ្នកស្រុកទាក់ទងនឹងត្រពាំងនេះគួរឲ្យចាប់អារម្មណ៍ក្រៃលែង ដែលខ្ញុំនឹងសង្ខេបដូចតទៅ។ មានតែអ្នកស្រុកភូមិបង្កោងមួយគត់ដែលគេទុកជាម្ចាស់បឹងនោះ មានន័យថាក្រៅពីអ្នកភូមិបង្កោងគ្មាននរណាម្នាកអាចប៉ះពាល់បានទេ។ ឯអ្នកស្រុកផ្ទាល់សោតក៏មិនអាចរកត្រីនៅទីនោះក្រៅពីរយៈពេលមួយដែលគេអនុញ្ញាតបានឡើយ។ ហើយអ្នកដែលគ្រប់គ្រងសព្វថ្ងៃនេះ គឺគណកម្មការមួយដែលមានសមាជិក២៧រូប បូករួមនឹងចាស់ព្រឹទ្ធាចារ្យនៅក្នុងភូមិផង។ ក្នុងមួយឆ្នាំគេរើសយកថ្ងៃណាមួយក្នុងខែមាឃ ដែលមនុស្សមួយភូមិតែម្តង រួមគ្នាមករកត្រី។ ថ្ងៃនោះគឺមួយថ្ងៃមុនថ្ងៃ «ឡើងមាឃ»។

ជាទូទៅនៅតំបន់អង្គរគេច្រើនឡើងមាឃនៅថ្ងៃ៣កើត (សូមមើលអត្ថបទ ជំពូក២, លេខរៀងទី៥១) ប៉ុន្តែឧទាហរណ៍ជាក់ស្តែងដែលឃើញថ្មីៗនេះ គឺនៅភូមិបង្កោងគេឡើងនៅថ្ងៃ៧រោច ដែលជាការយឺតយ៉ាវហួសធម្មតាបន្តិច។ មុននោះមួយថ្ងៃអ្នកស្រុកនាំគ្នាទៅរកត្រីនៅត្រពាំងនោះដោយកាន់ឧបករណ៍រៀងៗខ្លួនយកទៅជាមួយ។ លុះជួបជុំគ្នានៅមាត់បឹងហើយក៏ពុំទាន់មាននរណាម្នាក់ចុះទៅនេសាទភ្លាមដែរ ដ្បិតក្បួនច្បាប់របស់គេតម្រូវថា ឲ្យចាំទទួលការអនុញ្ញាតិពីមេភូមិ ឬគណកម្មការភូមិជាមុនសិន។ ឯឧបករណ៍គេឲ្យប្រើបានតែសំណាញ់, អង្រុត និងឈ្នាង ប៉ុណ្ណោះ រីឯមង, អួន ឬអញ្ចងជាដើម គឺគេពុំឲ្យប្រើឡើយ។ ពេលដែលរកគឺនាំគ្នារកប្រសេកប្រសាចពេញផ្ទៃបឹង។

នៅក្នុងបឹងនោះគេបានដាក់សម្រាស់ពីរកន្លែងរួចជាស្រេចទៅហើយ ដោយប្រើបន្លា, បែកឈើ ឬកូនឈើទុកឲ្យត្រីជ្រកពួន។ ដូច្នេះហើយបានជានៅពេលចុងបញ្ចប់ គេនាំគ្នាទៅហ៊ុមព័ទ្ធសម្រាស់នោះ ដោយសារមានត្រីច្រើនទៅជ្រកផ្តុំគ្នា។

ក្នុងការនេសាទនោះ គ្មាននរណាដៃទទេឡើយ គឺសុទ្ធតែបានត្រីរៀងៗខ្លួន ដែលចុងបញ្ចប់ទៅគេយកមកបញ្ចូលរួមគ្នា។ មួយភាគធំគេប្រស់ទុកសម្រាប់ឡើងមាឃនៅថ្ងៃស្អែក (រូបលេខ១៩) ឯមួយភាគតូចគេយកទៅចម្អិនទទួលទានរួមគ្នានៅមាត់បឹង ក្នុងថ្ងៃនោះតែម្តង។

តាមស្មានមើលទំនៀមនេះប្រហែលកើតមកពីយូរអង្វែងហើយ ដែលបង្ហាញពីក្បួនច្បាប់ ឬក៏ថាជាវិន័យផ្ទៃក្នុងប្រចាំសហគមន៍ ដែលធ្វើឲ្យរស់ក្នុងលំនឹងមួយបានល្អ។ សហសេវិកដែលចូលរួមស្រាវជ្រាវជាមួយគ្នានេះមាន៖ លោកឯម គឹមស្រ៊ាង, អ៊ូ គង្គា, អាន រស្មី, គា រក្សា, ស៊ុម សុមេធ, តូច សុភៈ, អ្នកស្រី សរ សុធីតា, កញ្ញា សឿន ដាណែត៕