កាកបាទក្រហមកម្ពុជា បូកសរុបលទ្ធផល និងបិទសិក្ខាសាលាស្តីពី ប្រតិបត្តិការបំពេញការងារប្រកបដោយសុវត្ថិភាព ដើម្បីពង្រឹងសមត្ថភាពក្នុងការផ្តល់ជំនួយមនុស្សធម៌ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព (Video inside)
23-01-2026 13:41
(ភ្នំពេញ)៖ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានអញ្ជើញជាអធិបតីបូកសរុបលទ្ធផលនិងបិទសិក្ខាសាលាស្តីពី «ប្រតិបត្តិការបំពេញការងារប្រកបដោយសុវត្ថិភាព របស់កាកបាទក្រហមកម្ពុជា» ជូនដល់សិក្ខាកាមសរុប៤៨នាក់ មកពីថ្នាក់កណ្តាល និងសាខាតាមព្រំដែនមួយចំនួន ដែលមានរយៈពេលពីរថ្ងៃ ចាប់ថ្ងៃទី២១-២២ ខែមករា ឆ្នាំ២០២៦ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។
លោកស្រីអគ្គលេខាធិការ បានថ្លែងអំណរគុណ និងកោតសរសើរចំពោះអ្នកសម្របសម្រួលមកពីគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) ដែលមានបច្ចេកទេស និងមានឯកទេសក្នុងការសម្របសម្រួលដោយរស់រវើកធ្វើឱ្យសិក្ខាកាមទាំងអស់ជក់ចិត្តនិងពេញចិត្តចំពោះវិធីសាស្ត្រក្នុងការបណ្តុះបណ្តាលនេះ។
លោកស្រីបានថ្លែងបន្តថា សូមសិក្ខាកាមទាំងអស់ យកនូវចំណេះដឹងទាំងនេះទៅប្រើប្រាស់ឱ្យមានប្រយោជន៍ទាំងថ្នាក់កណ្តាលនិងសាខាស្របតាមគោលការណ៍គ្រឹះទាំង៧ប្រការរបស់ចលនា។ ហើយការបើកឱ្យមានសិក្ខាសាលានៅថ្ងៃនេះមិនមែនជារឿងថ្មីនោះទេ តែជាការបង្ហាត់បង្ហាញនិងជាការរំលឹកឡើងវិញអំពី SAFER ACCESS ឱ្យយើងចេះដឹងអំពីការការពារខ្លួនឱ្យមានសុវត្ថិភាព ទាំងខ្លួនឯង អ្នកស្ម័គ្រចិត្ត យុវជន ពិសេសសូមចែករំលែកបន្តទៅដល់សមាជិកសមាជិកាគណៈកម្មាធិការទាំងអស់ឱ្យបានយល់ដឹងនិងគាំទ្រចំពោះ SAFER ACCESSនេះ។
លោកស្រីបានគូសបញ្ជាក់ថា សិក្ខាសាលាស្តីពី SAFER ACCESS មិនត្រឹមតែដើម្បីការពារខ្លួនយើងនោះទេ តែជាការការពារដល់សមាគមជាតិ និងជាការពារចលនាទាំងមូលផងដែរ។ នាឱកាសនោះលោកស្រីក៏បានផ្តល់អនុសាសន៍មួយចំនួន និងឯកសារសំខាន់ចំនួន៣ ជូនដល់សិក្ខាកាមនិងអង្គសិក្ខាសាលាទាំងមូល ដើម្បីឆ្លើយតបទៅនឹងការចុះបំពេញការងារនៅពេលមានជម្លោះប្រដាប់អាវុធផងដែរ។
សូមជម្រាបថាសិក្ខាសាលានេះ ធ្វើឡើងដើម្បីពង្រឹងសមត្ថភាពរបស់សមាគមជាតិកាកបាទក្រហមកម្ពុជា ក្នុងការផ្តល់ជំនួយមនុស្សធម៌ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពក្នុងបរិបទដែលមានភាពលំបាក ដូចជាក្នុងស្ថានភាពជម្លោះប្រដាប់អាវុធអន្តរជាតិជាដើម។ សិក្ខាសាលានេះដែរក៏លើកទឹកចិត្តក្នុងការផ្លាស់ប្តូរគំនិត និងការបង្កើតវិធានការច្បាស់លាស់ទាំងបុគ្គលនិងស្ថាប័ន ដើម្បីធានាថាសមាគមជាតិនឹងនៅបន្តផ្តល់ជំនួយមនុស្សធម៌បានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។
ជាមួយគ្នានេះក្រោមការធ្វើបទបង្ហាញពីគ្រូឧទ្ទេសមកពីគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) បានផ្តោតលើចំណុចសំខាន់នៃ SAFER ACCESS រួមមាន ការប៉ាន់ប្រមាណបរិបទ និងហានិភ័យ, មូលដ្ឋានច្បាប់ និងគោលនយោបាយ, ការទទួលស្គាល់របស់អង្គភាព, ការទទួលយកបុគ្គល, ការកំណត់អត្តសញ្ញាណ, ការសម្របសម្រួល និងទំនាក់ទំនងខាងក្នុង, ការទំនាក់ទំនងនិងការសម្របសម្រួលខាងក្រៅ និងការគ្រប់គ្រងហានិភ័យសុវត្ថិភាពក្នុងពេលប្រតិបត្តិការ។
គូសបញ្ជាក់ដែរថា ដំណើរការសិក្ខាសាលាដែលមានរយៈពេល២ថ្ងៃមកនេះ គ្រូឧទ្ទេសបានដាក់ជូននៅលំហាត់ពិភាក្សា និងលំហាត់ហ្វឹកហ្វឺនជូនសិក្ខាកាមផងដែរ។ ក្នុងនោះលំហាត់ពិភាក្សាត្រូវបានបែងចែកជា៥ក្រុម ហើយក្រុមនីមួយៗជ្រើសយកប្រធានបទដែលខ្លួនធ្លាប់មានបទពិសោធន៏ ឬបានបំពេញការងារជាក់ស្តែងតាមសហគមន៍។ ដោយឡែកលំហាត់ហ្វឹកហ្វឺនគ្រូឧទ្ទេសបានចែកចេញជាពីរក្រុមនិងផ្តល់សំណួរពិភាក្សាដែលជាសេណារីយ៉ូពាក់ព័ន្ធនឹងការត្រៀមបង្ការ មុនពេល កំឡុងពេល និងក្រោយពេលមានជម្លោះប្រដាប់អាវុធ។
ជាលទ្ធផលទាំងលំហាត់ពិភាក្សា និងលំហាត់ហ្វឹកហ្វឺន សិក្ខាកាមបានចែករំលែកនិងផ្លាស់ប្តូរបទពិសោធន៍ និងបានរកឃើញនៅចំណុចខ្លាំងនិងចំណុចខ្សោយដែលបានអនុវត្តការងារកន្លងមក ដែលទាំងនេះឆ្លុះបញ្ចាំងពីសកម្មភាពរបស់មន្ត្រីថ្នាក់កណ្តាល និងសាខាដើម្បីយកជាគោលការណ៍អនុវត្តទៅថ្ងៃមុខសម្រាប់មន្ត្រី បុគ្គលិក យុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា។
ទន្ទឹមនឹងនោះដែរ ដោយមើលឃើញថាមន្ត្រី បុគ្គលិក យុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា នៅពេលចុះបំពេញការងារ ជាពិសេសកំឡុងពេលមានសង្គ្រាមនៅតាមបណ្តោយព្រំដែន សង្កេតឃើញថាមានអារម្មណ៍តានតឹងស្មុកស្មាញក្នុងការទទួលខុសត្រូវបំពេញការងារ។ ជាហេតុធ្វើឱ្យពួកគាត់មានអារម្មណ៍ហត់នឿយ និងបាត់ភាពម្ចាស់ការ ហេតុដូចនេះដើម្បីពង្រឹងបញ្ហានឹងលើកកម្ពស់ផ្លូវចិត្តរបស់ក្រុមប្រតិបត្តិការងារមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា គ្រូឧទ្ទេសបានលើកយកប្រធានបទស្តីពីការអប់រំសុខភាពផ្លូវចិត្ត សម្រាប់បណ្តុះបណ្តាលជូនសិក្ខាកាមក្នុងសិក្ខាសាលានេះ ដើម្បីសុខភាពផ្លូវចិត្តសិក្ខាកាមផង និងដើម្បីចែករំលែកបន្តទៅកាន់ក្រុមប្រតិបត្តិ មន្ត្រី បុគ្គលិក យុវជន និងអ្នកស្ម័គ្រចិត្តនៅតាមសាខាខេត្តនីមួយៗ៕




























