ប្រកាសចូលកាន់មុខតំណែងមន្ត្រីរាជការ ចំណុះរចនាសម្ព័ន្ធសាលាខេត្ត សាលាក្រុង សាលាស្រុក និងមន្ទីរ-អង្គភាពក្នុងខេត្តបាត់ដំបង

23-01-2026 14:20

(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញប្រកាសចូលកាន់មុខតំណែងមន្ត្រីរាជការ ចំណុះរចនាសម្ព័ន្ធសាលាខេត្ត សាលាក្រុង ស្រុកពាក់ព័ន្ធ និងមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្ត មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្ត មន្ទីរអប់រំ យុវជន និងកីឡាខេត្ត មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត និងមន្ទីរផែនការខេត្ត នៃសាលាខេត្តបាត់ដំបង។

ពិធីនេះ មានការអញ្ជើញចូលរួមដោយ លោក លោកស្រី លោកអភិបាលរង នៃគណៈអភិបាលខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រី ប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត កងកម្លាំងទាំង៣ប្រភេទ លោក លោកស្រីអភិបាលក្រុង ស្រុក មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ និងអ្នកពាក់ព័ន្ធផ្សេងទៀត ដែលប្រារព្ធធ្វើឡើងនៅសាលប្រជុំ សាលាខេត្តបាត់ដំបង។

ក្នុងពិធីប្រកាសចូលកាន់មុខតំណែងមន្ត្រីរាជការ ចំណុះរចនាសម្ព័ន្ធសាលាខេត្ត សាលាក្រុង ស្រុកពាក់ព័ន្ធ និងមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្ត មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត មន្ទីរប្រៃសនីយ៍ និងទូរគមនាគមន៍ខេត្ត មន្ទីរអប់រំ យុវជន និងកីឡាខេត្ត មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត និងមន្ទីរផែនការខេត្ត នៃសាលាខេត្តបាត់ដំបង សរុបរួមមានចំនួន៦៦រូប។

ក្នុងឱកាសនេះ លោកអភិបាលខេត្តបាត់ដំបង បានណែនាំដល់មន្រ្ដីរាជការ ក្រុង-ស្រុក មន្ទីរ អង្គភាព ទើបប្រកាសតែងតាំងថ្មី ត្រូវតែបន្តខិតខំពង្រឹងសាមគ្គីភាពផ្ទៃក្នុង ពង្រឹងតួនាទីភារកិច្ច ក្នុងការបំពេញការងាររៀងៗខ្លួនឱ្យបានល្អ ចេះគោរពគ្នាទៅវិញទៅមក និងជួយជ្រោមជ្រែងគ្នា ដើម្បីមានសកម្មភាពប្រសើរ ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ ឱ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់។

លោកបន្តណែនាំមន្រ្តីរាជការ លោកគ្រូ អ្នកគ្រូ ខិតខំអប់រំសិស្សានុសិស្ស ចេះថែរក្សាអនាម័យបរិស្ថានសាលារៀន ទីប្រជុំជននានា និងចេះគោរពច្បាប់ចរាចរណ៍។ លោកក៏បន្តក្រើនរំលឹក អាជ្ញាធរក្រុង-ស្រុក ទប់ស្កាត់ការចាក់ភ្លេងរំខានឮខ្លាំងៗ ប៉ះពាល់ការរស់នៅរបស់ពលរដ្ឋ និងភ្ញៀវទេសចរបរទេស ការគិតគូដាក់ភ្លើងសឡា បំភ្លឺតាមដងផ្លូវក្នុងមូលដ្ឋានជាដើម។

លោក កើង សុខខេង អនុប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្ត តំណាងមន្ត្រីរាជការ បានឡើងមានមតិប្តេជ្ញាចិត្ត ខិតខំយកចិត្តទុកដាក់ក្នុងស្មារតី ទទួលខុសត្រូវខ្ពស់ ក្នុងការបំពេញការងារឱ្យ សម្រេចបានលទ្ធផលល្អប្រកបដោយនិរន្តរភាព ប្រសិទ្ធភាព ដែលថ្នាក់ដឹកនាំប្រគល់ជូន ប្តេជ្ញាពង្រឹងសាមគ្គីភាពឯកភាពផ្ទៃក្នុងសំដៅ សម្រេចភារកិច្ចឲ្យបានល្អប្រសើរជូនថ្នាក់ដឹកនាំ គោរពការចាត់តាំង ការប្រគល់ភារកិច្ចដោយឥតងាករេ លះបង់កម្លាំងកាយចិត្តចំពោះការងារ និងប្រទេសជាតិ៕