ប្រកាសចូលកាន់តំណែងប្រធានមន្ទីរពេទ្យបង្អែក១៦មករា ខេត្តព្រះវិហារ, លោកវេជ្ជបណ្ឌិត ជូ ប៉ូនីណា ជំនួសលោក សុក វាសនា ដែលចូលនិវត្តន៍
23-01-2026 14:23
(ព្រះវិហារ)៖ ប្រធានមន្ទីរពេទ្យបង្អែក១៦មករា ខេត្តព្រះវិហារ ត្រូវបានប្រកាសចូលកាន់តំណែងជាផ្លូវការ ដោយលោកវេជ្ជណ្ឌិត ជូ ប៉ូនីណា ជំនួសលោក សុក វាសនា ត្រូវចូលនិវត្តន៍។ ពិធីនេះប្រកាសនេះស្ថិតក្រោមវត្តមានលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ អភិបាលក្រុង ស្រុក និងមន្ត្រីសុខាភិបាលជាច្រើនរូបទៀត។
នៅក្នុងឱកាសនេះ លោក គីម រិទ្ធី បានកោតសរសើរ និងវាយតម្លៃ ខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ និងក្រុមគ្រូពេទ្យ នៃមន្ទីរសុខាភិបាលខេត្តទាំងអស់ ដែលបានខិតខំអនុវត្តតួនាទី ភារកិច្ច ការងារប្រកបដោយការទទួល ខុសត្រូវខ្ពស់ ក្នុងការចូលរួមលើកកម្ពស់ វិស័យសុខាភិបាល សុខភាព អនាម័យ និងសុខុមាលភាពរបស់ប្រជាជននៅទូទាំងខេត្តព្រះវិហារ ជាពិសេសគឺក្រុមគ្រូពេទ្យទាំងអស់ បានដើរតួនាទីយ៉ាងសំខាន់ក្នុងនាមជា «កងទ័ពអាវស» ជួយសង្គ្រោះអាយុជីវិតកងទ័ព និងប្រជាជនស៊ីវិល ដែលរងរបួសដោយសង្គ្រាមឈ្លានពាន របស់កងទ័ពថៃ មកលើដែនអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ព្រមទាំងចូលរួមគាំទ្រលើផ្នែកសុខភាព អនាម័យ ការពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋភៀសសឹក នៅតាមមណ្ឌល សុវត្ថិភាព និងតាមសហគមន៍ផងដែរ។
អភិបាលខេត្តព្រះវិហារ បានបន្តថា ក្នុងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋខេត្តព្រះវិហារ លោកសូមសម្តែងនូវការអបអរសាទរចំពោះលោក ជូ ប៉ូនីណា ដែលត្រូវបានតែងតាំងជាប្រធាន មន្ទីរពេទ្យបង្អែក១៦មករា ខេត្តព្រះវិហារ ជំនួសលោក សុក វាសនា អតីតប្រធានមន្ទីរពេទ្យ ដែលត្រូវចូលនិវត្តន៍ ដើម្បីបន្តនិរន្តរភាព ការងារក្នុងការដឹកនាំ ស្របតាមគោលការណ៍ច្បាប់ លិខិតបទដ្ឋាន គតិយុត្ត និងមានការត្រួតពិនិត្យវាយតម្លៃ ប្រកបដោយតម្លាភាព សុច្ចរិតភាព និងស្របតាមបែបបទ នីតិវិធីច្បាប់ជាធរមាន។
លោក គីម រិទ្ធី បានថ្លែងថា «ការផ្តល់ទំនុកចិត្ត តែងតាំងមុខតំណែងប្រធានមន្ទីរពេទ្យបង្អែកខេត្តនេះ គឺរដ្ឋបាលខេត្តបានចេញដីកាតែងតាំងលោក ជូ ម៉ូនីណា ជាប្រធានមន្ទីរពេទ្យអស់មួយរយៈមកហើយ ប៉ុន្តែដោយសារ ស្ថានភាពមមាញឹកទើបអូសបន្លាយពេលវេលាមករៀបចំពិធីប្រកាសនៅថ្ងៃនេះ»។
អភិបាលខេត្តព្រះវិហារ បានណែនាំឱ្យលោកប្រធានមន្ទីរពេទ្យដែលទើបតែងតាំងថ្មី សូមបន្តខិតខំប្រឹងប្រែងអនុវតតួនាទី ភារកិច្ចរបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាព និងមានការទទួលខុសត្រូវខ្ពស់ ព្រមទាំងរៀបចំលក្ខណៈសម្បត្តិ និងការអភិវឌ្ឍខ្លួនឱ្យបានពេញលេញក្នុងនាមជាថ្នាក់ដឹកនាំមួយរូប ដោយបន្តខិតខំពង្រឹង សមត្ថភាព ចំណេះដឹង ដើម្បីបន្តគ្រប់គ្រង ដឹកនាំ ចាត់ចែងកិច្ចការជំនាញនៅក្នុងមន្ទីរពេទ្យ ឱ្យកាន់តែមានប្រសិទ្ធភាព រីកចម្រើនបន្ថែមទៀត សំដៅចូលរួមលើក កម្ពស់វិស័យសុខាភិបាល និងពង្រឹងខឿនសុខភាពប្រជាជន។
លោកបានបញ្ជាក់ថា នៅក្នុងគោលនយោបាយ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តដឹកនាំប្រទេសជាតិ រក្សាបាននូវសុខសន្តិភាព និងការអភិវឌ្ឍន៍រីក ចម្រើនលើគ្រប់វិស័យ។
រាជរដ្ឋាភិបាល ក៏បានផ្តោតយកចិត្តទុកដាក់លើ «ការលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន» តាមរយៈការធ្វើទំនើបកម្ម និងការពង្រឹងប្រព័ន្ធសុខាភិបាល ដែល ជាចំណុចគន្លឹះសំខាន់ក្នុងការកសាងអភិវឌ្ឍន៍មូលធនមនុស្ស ដែល ជាគឺជាគន្លឹះអាទិភាពសំខាន់ទី១ ក្នុងចំណោមគន្លឹះអាទិភាពចំនួន៥ គឺ មនុស្ស, ផ្លូវ, ទឹក,ភ្លើង និងបច្ចេកវិទ្យា។
លោកថា ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការសម្រេចបាននូវចក្ខុវិស័យខាងលើ ក្នុងនាមជាថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ត្រីមុខងារសាធារណៈគ្រប់លំដាប់ថ្នាក់ និងមន្ត្រីបុគ្គលិកសុខាភិបាលទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ «ដ៏មុតស្រួច» ដូខខាងក្រោម៖
*ប្រកាន់ខ្ជាប់នូវវិជ្ជាជីវៈ និងសមធម៌៖ គ្រូពេទ្យជាមន្ត្រីបម្រើប្រជាពលរដ្ឋ ដោយរាល់ការផ្តល់សេវាត្រូវធ្វើឡើងដោយស្មើភាព មិនរើសអើង ប្រជាជនក្រីក្រ ឬនិន្នាការនយោបាយ ឡើយ។
*មានក្រមសីលធម៌ និងអាកប្បកិរិយាល្អ៖ ដោយប្រកាន់ខ្ជាប់នូវពាក្យសម្តី ឥរិយាបថ និងសុជីវធម៌ ក្នុងនាមជាគ្រូពេទ្យ ដែលជាថ្នាំព្យាបាលដ៏ស័ក្តិសិទ្ធិ សម្រាប់អ្នកជំងឺគ្រប់រូប។
*ប្រសិទ្ធភាព នៃការគ្រប់គ្រង៖ ត្រូវពង្រឹងវិន័យការងារ រៀបចំ ទុកដាក់ និងប្រើប្រាស់សម្ភារ បរិក្ខារពេទ្យឱ្យបានល្អ ពង្រឹង ទំនើបកម្មវិស័យសុខាភិបាល និងធានាឱ្យបាននូវ «មន្ទីរពេទ្យ ស្អាត មានផាសុកភាព និងបរិស្ថានល្អ» ដើម្បីបង្កើនទំនុកចិត្ត និងជឿជាក់ពីប្រជាពលរដ្ឋ។
*យកចិត្តទុកដាក់ជាប់ជាប្រចាំនូវអភិក្រមទាំង៥ គឺ៖ ឆ្លុះកញ្ចក់, ងូតទឹក, ដុះក្អែល,ព្យាបាល, និងវះកាត់ ដើម្បីធ្វើយ៉ាងណា ឱ្យការអនុវត្តតួនាទី ភារកិច្ច ការងារប្រកបដោយ ប្រសិទ្ធភាព ប្រសិទ្ធផល និងគុណភាព។
អភិបាលខេត្តព្រះវិហារ បានក្រើនរំលឹកប្រធានដែលទើបប្រកាសចូលកាន់តំណែងថ្មីនូវចំណុចមួយចំនួនដូចខាងក្រោម៖
-បន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុង ពង្រឹងរបៀបរបបបំពេញការងារ ខ្សែគណនេយ្យភាពផ្ទៃក្នុង និងទំនាក់ទំនងល្អ រវាងបុគ្គលិក និងថ្នាក់ដឹកនាំរវាងអង្គភាព ស្ថាប័ន និងអង្គការដៃគូ
-ពង្រឹងលើកកម្ពស់ការផ្តល់សេវាសាធារណៈ ជាពិសេស សេវា សុខាភិបាល ជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ ប្រសិទ្ធភាព និងមិនរើសអើង ដើម្បីឆ្លើយតបតាមតម្រូវការរបស់មូលដ្ឋាន
-ត្រូវយកចិត្តទុកដាក់រៀបចំគ្រូពេទ្យវេជ្ជៈបណ្ឌិតប្រចាំការជាប់ គ្រប់វេនយាមពេលថ្ងៃ និងពេលយប់, ត្រូវប្រើប្រាស់មន្ត្រី ឱ្យស្របតាមជំនាញវិជ្ជាជីវៈរបស់មន្ត្រីម្នាក់ៗ
-យកចិត្តទុកដាក់លើ អាកប្បកិរិយា ក្រមសីលធម៌ ប្រើពាក្យសម្តី ទន់ភ្លន់ គួរសម អត់ធ្មត់ជាមួយអ្នកជំងឺ, ត្រូវគោរពវិន័យម៉ោង បម្រើការងារ និងត្រូវ យកចិត្តទុកដាក់ពិនិត្យរាល់ការផ្ទេរផ្លាស់ប្តូរ កន្លែងបំរើការងាររបស់មន្ត្រី កុំឱ្យខ្វះមន្ត្រីផ្តល់សេវា
-ត្រូវការពារផលប្រយោជន៍មន្ត្រីរាជការស៊ីវិល ដោយផ្អែកលើច្បាប់សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល ឬលិខិតបទដ្ឋានគតិយុត្ត ជាធរមាន
-ត្រូវយកចិត្តទុកដាក់ក្នុងការកែលំអសោភណភាព អនាម័យ បរិស្ថាន និងក្រៅបរិវេនមន្ទីរពេទ្យឱ្យបានជាប់ជាប្រចាំ៕























