អាជ្ញាធរជាតិអប្សរា កំពុងជួសជុលប៉មឥដ្ឋលេខ១០ និងកម្រាលថ្មបាយក្រៀម នៅជ្រុងនិរតីនៃរួតទី១ ប្រាសាទប្រែរូប

23-01-2026 15:55

(សៀមរាប)៖ លោក សូរ ប៉ោត បុរាណវិទូ របស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា បានឱ្យដឹងថា ដោយមើលឃើញពីកត្តាហានិភ័យមួយចំនួន ពាក់ព័ន្ធទៅដល់រចនាសម្ពន្ធនៃប្រាសាទប្រែរូប ទើបអាជ្ញាធរជាតិអប្សរា បានបន្តការងារជួសជុលប៉មឥដ្ឋលេខ១០ និងកម្រាលថ្មបាយក្រៀម រួតទី១ ស្ថិតនៅជ្រុងនិរតី។

ដោយសារតែអាយុកាល ជញ្ជាំងមួយផ្នែករបស់ប៉មប្រាសាទឥដ្ឋលេខ១០ បានពុកផុយ និងបាត់បង់រចនាសម្ពន្ធរបស់ឥដ្ឋ ទាមទារជួសជុលជាបន្ទាន់។ ចំណែកកម្រាលថ្មបាយក្រៀម នៅតាមជ្រុងនីមួយៗ រួមទាំងជ្រុងនិរតីផង ក៏មានការស្រុត នាំឱ្យទឹកភ្លៀងហូរច្រោះគ្រឹះ បង្កឱ្យមានហានិភ័យដល់ប្រាសាទ។

ការជួសជុល និងថែទាំនេះ គឺអនុវត្តទៅតាមបច្ចេកទេស និងបទដ្ឋានដែលកំណត់ដោយគណៈកម្មាធិការអន្តរជាតិអាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក។ គម្រោងជួសជុលនេះ គឺអនុវត្តឡើងដោយអ្នកជំនាញខ្មែរនៃអាជ្ញាធរជាតិអប្សរា៕