សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតអបអរសាទរ ជូនលោកជំទាវ Sue Lines ប្រធានព្រឹទ្ធសភា នៃសភាអូស្ត្រាលី ក្នុងឱកាសទិវាបុណ្យជាតិអូស្ត្រាលី ឆ្នាំ២០២៦ (Video inside)

23-01-2026 16:35

(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦នេះ បានផ្ញើសារលិខិតអបអរសាទរ ជូន លោកជំទាវ Sue Lines ប្រធានព្រឹទ្ធសភា នៃសភាអូស្ត្រាលី ក្នុងឱកាសទិវាបុណ្យជាតិអូស្ត្រាលី ឆ្នាំ២០២៦។

តាមរយៈសារលិខិតនេះ សម្តេចបានលើកឡើងទាំងស្រុងដូច្នេះថា៖

«ក្នុងនាមព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវការអបអរសាទរយ៉ាងកក់ក្តៅបំផុត និងសូមជូនពរគ្រប់ប្រការ ជូនចំពោះ លោកជំទាវ ព្រឹទ្ធសភា និងប្រជាជន ជាទីរាប់អាននៃប្រទេសអូស្ត្រាលី ក្នុងឱកាសនៃទិវាបុណ្យជាតិអូស្ត្រាលី ឆ្នាំ២០២៦។

ព្រឹត្តិការណ៍ដ៏ពិសេសនេះ មិនត្រឹមតែជាការរំលឹកដល់មោទនភាព និងសមិទ្ធផលជាច្រើនគួរកត់សម្គាល់ ដែលសម្រេចបានដោយប្រជាជនអូស្ត្រាលី ចាប់តាំងពីបង្កើតជាតិ រហូតដល់បច្ចុប្បន្នប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការឆ្លុះបញ្ចាំងពីតួនាទីដ៏សំខាន់របស់ប្រទេសអូស្ត្រាលីក្នុងការលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងសកលលោកផងដែរ។

ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងភាពជាដៃគូ ដែលកំពុងរីកចម្រើនឥតឈប់ឈររវាងប្រជាជាតិទាំងពីរ ដោយផ្អែកលើមូលដ្ឋានដ៏រឹងមាំនៃការជឿជាក់គ្នា ការគោរពគ្នា និងការយោគយល់គ្នាទៅវិញទៅមក ព្រមទាំងកិច្ចសហប្រតិបត្តិការ ដែលផ្ដល់ប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។

ខ្ញុំមានជំនឿជឿជាក់ថា តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នា កម្ពុជា និងអូស្ត្រាលី នឹងបន្តធ្វើការជិតស្និទ្ធជាមួយគ្នា ដើម្បីជំរុញភាពជាដៃគូយុទ្ធសាស្ត្ររបស់យើង ដើម្បីផលប្រយោជន៍ជាក់ស្ដែងបន្ថែមទៀតសម្រាប់ប្រជាជនយើងទាំងពីរ។

ខ្ញុំទន្ទឹងរង់ចាំបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយ លោកជំទាវ ដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងរវាងស្ថាប័ននីតិប្បញ្ញត្តិរបស់យើង នៅក្នុងក្របខ័ណ្ឌទ្វេភាគី និងនៅលើវេទិកាអន្តរសភាដើម្បីឧត្តមប្រយោជន៍របស់ប្រជាជាតិទាំងពីរ និងដើម្បីគាំទ្រសន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាពសកលលោក»៕